នាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាតិចិន៧៨នាក់កាលពីម្សិលមិញ ពីបទពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអុីនធើណិត (VoIP) ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបក្នុងរាជធានីភ្នំពេញ និងខេត្តចំនួនពីរ។
លោក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានមានប្រសាសន៍ថា បុរសនិងស្ត្រីទាំងនេះ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយសប្ដាហ៍ ក្រោយពីទទួលបានពាក្យបណ្ដឹងពីស្ថានទូតចិន។ លោកមានប្រសាសន៍ថា ស្ថានទូតចិនបានប្ដឹងមកក្រសួងមហាផ្ទៃជួសមុខឲ្យជនរងគ្រោះនៅក្នុងប្រទេសចិន ដែលបានរាយការណ៍ថា ពួកគេត្រូវបានជំរិតទារប្រាក់ដោយមនុស្សមួយក្រុមដែលកំពុងធ្វើសកម្មភាពក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងបន្តថា ” យើងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះនៅក្នុងប្រទេសចិន ហើយយើងបានស៊ើបអង្កេតរយៈពេលមួយសប្ដាហ៍រហូតឈានដល់ការចាប់ខ្លួនពួកគេ។ ពួកគេត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ពីជនរងគ្រោះនៅក្នុងប្រទេសចិនតាមអុីនធើណិតចេញពីទីនេះ។ ពេលនេះពួកគេត្រូវបានឃុំខ្លួននៅក្នុងនាយកដ្ឋានកណ្ដាលសន្ដិសុខ មុនពេលបញ្ជូនខ្លួនពួកគេទៅតុលាការ”។
ហើយទោះបីជានាយកដ្ឋានរបស់លោកបានចំណាយពេលស៊ើបអង្កេតសំណុំរឿងនេះរយៈេពលមួយសប្ដាហ៍ក្ដី ក៏លោក ឆាយ ស៊ីណារិទ្ធិ បានមានប្រសាសន៍ថា លោកគ្មានព័ត៌មានលម្អិតផ្សេងទៀតស្ដីពីបទល្មើសនេះទេ។ លោកមានប្រសាសន៍ថា ” នេះគឺជាលើកទី២ហើយ ដែលយើងចាប់ខ្លួនក្រុមជំរិតទារប្រាក់តាមប្រព័ន្ធ VoIP នៅឆ្នាំនេះ” ប៉ុន្តែលោកមិនបានបកស្រាយថា តើសំណុំរឿងទាំងពីរនេះមានការពាក់ព័ន្ធគ្នាឬយ៉ាងណាទេ។
នគរបាលបានចាប់ខ្លួនជនជាតិចិនចំនួន១២នាក់តាមការចោទប្រកាន់ដូចគ្នានេះនៅក្នុងរាជធានីភ្នំពេញកាលពីខែកុម្ភៈ។ ជនជាតិចិនដីគោក និងជនជាតិចិនតៃវ៉ាន់រាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបញ្ជូនត្រឡប់ទៅវិញក្នុងរយៈពេលពីរឆ្នាំមកនេះ ពាក់ព័ន្ធនឹងបទល្មើសស្រដៀងគ្នានេះ ដែលក្នុងនោះឧក្រិដ្ឋជនទូរស័ព្ទទៅជនរងគ្រោះនៅក្នុងប្រទេសចិនប្រាប់ឲ្យពួកគេផ្ទេរប្រាក់ចូលក្នុងគណនីធនាគាររបស់ខ្លួន។
លោក ឆាយ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា មនុស្សទាំង៧៨នាក់ដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញនេះ រួមមាន៦នាក់ចាប់បាននៅក្នុងរាជធានីភ្នំពេញ ៤៤នាក់ចាប់បាននៅក្នុងខេត្តសៀមរាប និង២៨នាក់ចាប់បាននៅខេត្តតាកែវ។ លោកមានប្រសាសន៍ទៀតថា ការចាប់ខ្លួនស្ទើរតែទាំងអស់ក្នុងករណីបែបនេះធ្លាប់តែកើតមាននៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែលោកមានប្រសាសន៍ថា ដោយសារអុីនធើណិតគ្របដណ្ដប់ទៅដល់តំបន់ឆ្ងាយៗនៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យក្រុមទាំងនេះបង្កើតបណ្ដាញ និងធ្វើសកម្មភាពជំរិតទារប្រាក់កាន់តែងាយស្រួលនៅតាមខេត្ត៕ សុខុម