យោងតាមរបាយការណ៍បង្ហោះតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ឧកញ៉ាក្រុមហ៊ុនផលិតកញ្ចក់មួយបានគំរាមបាញ់សម្លាប់អ្នកកាសែតក្នុងស្រុកពីរនាក់ នៅពេលដែលពួកគេកំពុងយកព័ត៌មានអំពីជម្លោះ ដែលឧកញ៉ារូបនេះឈ្លោះគ្នាជាមួយពាណិជ្ជករម្នាក់ទៀតក្នុងរាជធានីភ្នំពេញ។
អ្នកកាសែតមកពីគេហទំព័រព័ត៌មាន Cambodia Express News (CEN)និងទូរទស្សន៍បាយ័នកំពុងយកព័ត៌មានអំពីការឈ្លោះគ្នារវាងលោក តាំង ផេងប៉ោ ដែលជាម្ចាស់ក្រុមហ៊ុនផលិតកញ្ចក់ និងលោក លី គឹមហេង ដែលជាអ្នករកស៊ីដឹកដី នៅខាងក្រៅរោងចក្ររបស់លោក តាំង ផេងប៉ោ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានការគំរាមសម្លាប់តែម្តង។
គេហទំព័រនគរបាលលើកឡើងថា ជម្លោះរវាងពាណិជ្ជករទាំងពីរនាក់នេះបានផ្ទុះឡើងបន្ទាប់ពីរថយន្តដឹកដីរបស់លោក គឹមហេង បានព្យាយាមបើកកាត់ផ្លូវសាធារណៈខាងមុខរោងចក្ររបស់លោក តំាង ផេងប៉ោ ជាផ្លូវដែលលោក ផេងប៉ោ បានយកបង្គោលបេតុងបិទ។
របាយការណ៍នគរបាលលើកឡើងថា ” អំឡុងជម្លោះនោះអ្នកកាសែតពីរនាក់មកពីគេហទំព័រព័ត៌មាន CEN និងទូរទស្សន៍បាយ័នបានទៅកាន់កន្លែងនោះ ហើយបានយកព័ត៌មានអំពីជម្លោះរវាងអ្នកទាំងពីរនេះ”។
របាយការណ៍ដដែលនេះបន្តថា ” ឧកញ៉ា តាំង ផេងប៉ោ បានបញ្ជាឲ្យអ្នកកាសែតឈប់ថតរូប ប៉ុន្តែអ្នកកាសែតទាំងនោះមិនព្រមស្ដាប់ឡើយ”។ របាយការណ៍នេះបន្ថែមថា “បន្ទាប់មកឧកញា តាំង ផេងប៉ោ បានបញ្ជាឲ្យអង្គរក្សរបស់លោកបាញ់សម្លាប់អ្នកកាសែតទាំងពីរនាក់នេះ។តាមបញ្ជារបស់លោក អង្គរក្សពីរនាក់បានចាប់យកម៉ាស៊ីនថត ហើយបន្ទាប់មកក៏មានការប្រវាយប្រតប់គ្នា”។
យោងតាមរបាយការណ៍នគរបាលឲ្យដឹងថា លោក ផេងប៉ោ ខឹងយ៉ាងខ្លាំង ហើយព្យាយាមទូរស័ព្ទហៅកម្លាំងមកពីកងពលតូចលេខ៧០នៅក្បែរនោះ។ របាយការណ៍ដដែលនេះមិនបាននិយាយលម្អិតពីរឿងនេះទេ ហើយក៏មិនបាននិយាយថា តើមានការចាប់ខ្លួននៅកន្លែងកើតហេតុឬយ៉ាងណាឡើយ។
លោក សន សុផល អ្នកយកព័ត៌មាននៅគេហទំព័រព័ត៌មាន CEN បានមានប្រសាសន៍កាលពីម្សិលមិញថា លោកជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតពីរនាក់ ដែលលោក ផេងប៉ោ បានគំរាម។
លោក សុផល បានមានប្រសាសន៍ថា ” ពួកគេបានព្យាយាមរុញច្រានអ្នកកាសែតឲ្យចេញពីកន្លែងឈ្លោះគ្នានោះ ហើយបន្ទាប់មកខ្ញុំបានថតរូបពួកគេ។ ខ្ញុំត្រូវបានគំរាមបាញ់សម្លាប់ នៅពេលដែលខ្ញុំថតរូបរថយន្តនោះ”។
លោក សុផល បានមានប្រសាសន៍ថា លោកនឹងមិនដាក់ពាក្យបណ្ដឹងទៅតុលាការ ឬនគរបាលទេ ប៉ុន្តែលោកបានរាយការណ៍ពីការគំរាមនេះទៅលោក ប៉ែន សមិទ្ធិ អគ្គនាយកគេហទំព័រព័ត៌មាន CEN ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបាន។ ទាំងលោក គឹមហេង និងតំណាងក្រុមហ៊ុនរបស់លោក ផេងប៉ោ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕ សារុន