កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីស្ត្រីអាយុ៣៧ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរស្ត្រីអាយុ១៩ឆ្នាំម្នាក់ឲ្យទៅធ្វើការនៅផ្ទះបនក្នុងប្រទេសចិន។
លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រាប់តុលាការថា អ្នកស្រី ប៊ូ ស៊ីណា ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកានោះ ត្រូវបានចោទប្រកាន់ពីបទជួញដូរជនរង គ្រោះអាយុ១៩ឆ្នាំ ជាបទឧក្រិដ្ឋ ដែលមានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
លោកចៅក្រម វណ្ឌី បានប្រាប់អ្នកស្រី ស៊ីណា ដែលបានបដិសេធការចោទប្រកាន់នេះ និងបានអះអាងថា អ្នកស្រីគ្រាន់តែបានជួយជនរងគ្រោះឲ្យទទួលបានលិខិតឆ្លងដែនទៅធ្វើការនៅប្រទេសចិននោះថា ” សូមប្រាប់ការពិតដល់តុលាការពីអ្វីដែលអ្នកស្រីបានធ្វើ”។
អ្នកស្រីបាននិយាយថា ” ខ្ញុំមិនមែនជាអ្នកជួញដូរមនុស្សទេ ហើយខ្ញុំបដិសេធការចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំសូមឲ្យតុលាការដោះលែងខ្ញុំ ដើម្បីឲ្យខ្ញុំបានត្រឡប់ទៅផ្ទះវិញក្នុងពេលឥឡូវនេះ ពីព្រោះខ្ញុំគ្មានកំហុសទេ”។
អ្នកស្រី ស៊ីណា បាននិយាយថា ក្រុមគ្រួសារជនរងគ្រោះបានមកទាក់ទងអ្នកស្រីកាលពីខែកក្កដា ឆ្នាំ២០១៣ សុំឲ្យអ្នកស្រីជួយរកការងារឲ្យកូនស្រីរបស់គាត់ធ្វើនៅប្រទេសចិន។
អ្នកស្រីបាននិយាយថា អ្នកស្រីបានជួយរត់ការបំពេញលិខិតស្នាមឲ្យស្ត្រីអាយុ១៩ឆ្នាំរូបនេះទទួលបានលិខិតឆ្លងដែន ហើយបានណែនាំនាងឲ្យស្គាល់បុរសជនជាតិចិនពីរនាក់ដែលបាននិយាយថា ពួកគេកំពុងស្វែងរកស្ត្រីខែ្មរទៅធ្វើការនៅប្រទេសចិន។
អ្នកស្រី ស៊ីណា បាននិយាយថា ” ខ្ញុំគ្រាន់តែរត់ការបំពេញលិខិតស្នាមឲ្យនាងប៉ុណ្ណោះ ហើយនាងបានសម្រេចទៅធ្វើការនៅប្រទេសចិនដោយខ្លួនឯងទេ ហើយសូម្បីតែគ្រួសាររបស់នាងក៏បានយល់ព្រមដែរ”។
ប៉ុន្តែ ជនរងគ្រោះបានផ្តល់សក្ខីកម្មពេលមកដល់ថា នាងត្រូវបានបុរសចិនម្នាក់ក្នុងចំណោមបុរសចិនទាំងនោះលក់ទៅឲ្យផ្ទះបនមួយនៅតំបន់ជនបទក្នុងប្រទេសចិន ដែលនៅទីនោះនាងត្រូវបានបង្ខំឲ្យរួមភេទជាមួយភ្ញៀវ ដែលបានវាយដំនាងប្រសិនបើនាងមិនព្រម។
នាងបាននិយាយថា បន្ទាប់មកនាងត្រូវបានគេលក់ទៅឲ្យផ្ទះបនពីរទៀត ហើយក៏ត្រូវបានគេបង្ខំឲ្យទៅកាន់ការិយាល័យរដ្ឋបាលមួយជាមួយបុរសជនជាតិចិនម្នាក់ដែលបានរៀបចំឯកសារធ្វើលិខិតអាពាហ៍ពិពាហ៍នៅទីនោះ។
នាងបានប្រាប់តុលាការថា ” ខ្ញុំត្រូវគេបង្ខំឲ្យធ្វើការផ្ទះ ហើយគេបានលក់ខ្ញុំពីផ្ទះមួយទៅផ្ទះមួយទៀត”។
នាងបាននិយាយថា ” ពួកគេបានបង្ខាំងខ្ញុំពីពីរទៅបីសប្តាហ៍នៅក្នុងផ្ទះមួយ ហើយគេបានបង្ខំខ្ញុំឲ្យរួមភេទជាមួយពួកគេបន្ថែមពីលើការងារផ្ទះ”។ នាងបានបន្ថែមថា បីខែក្រោយមក នាងអាចរត់គេចទៅកាន់ស្ថានទូតខ្មែរក្នុងទីក្រុងប៉េកាំង។
បើទោះណាជាស្ថានទូតបិទទ្វារនៅពេលនោះក៏ដោយ ក៏នាងបានអង្គុយនៅក្រៅអគារ ហើយបុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់បានឃើញនាង ហើយបានជួយនាង។
នាងត្រូវបានធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញកាលពីខែតុលា ហើយកំពុងទាមទារសំណងពីអ្នកស្រី ស៊ីណា ចំនួន២០.០០០ដុល្លារ។
តុលាការគ្រោងនឹងប្រកាសសាលក្រមក្នុងរឿងក្តីនេះនៅថ្ងៃទី៣០ខែកក្កដា៕សារុន