ស្ត្រីម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីម្សិលមិញ បន្ទាប់ពីត្រូវជនល្មើសជះទឹកអាស៊ីតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃច័ន្ទ ខណៈដែលនគរបាលបាននិយាយថា ខ្លួនកំពុងស្រាវជ្រាវវែកមុខជនល្មើស និងមូលហេតុ ដែលនាំឲ្យមានករណីជះទឹកអាស៊ីតលើកទី២នៅក្នុងឆ្នាំនេះ។
លោក សុ៊ន សាវុធ អធិការរងក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ស្ត្រីជាជនល្មើសបានគេចខ្លួនពីកន្លែងកើតហេតុបន្ទាប់ពីនាងបានជះទឹកអាស៊ីតលើជនរងគ្រោះឈ្មោះ តំាង គឹមជូ អាយុ៣០ឆ្នាំ ខណៈស្ត្រីរងគ្រោះកំពុងអង្គុយហូបគុយទាវនៅក្នុងផ្សារកាលពីថ្ងៃច័ន្ទ។
លោកបានមានប្រសាសន៍ទៀតថា “ជនរងគ្រោះរងរបួសក្បាលនិងដងខ្លួន ហើយយើងបានរកឃើញដបអាស៊ីតមួយដែលជនល្មើសប្រើប្រាស់ ប៉ុន្តែ យើងមិនដឹងថា វាជាប្រភេទអាស៊ីតអ្វីនោះទេ។ ខ្ញុំមិនអាចសន្និដ្ឋានថា វាជារឿងស្នេហា ឬជាករណីគំនុំបានទេ ពីព្រោះយើងមិនទាន់បានសាកសួរជនរងគ្រោះនៅឡើយ ខណៈនាងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ”។
លោក អឹុម សុភារក្ស នាយប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតបានមានប្រសាសន៍ថា សាក្សីរាយការណ៍ថា ពួកគេបានឃើញហេតុការណ៍ជះទឹកអាស៊ីតនេះនៅម៉ោងប្រហែល៣រសៀលថ្ងៃច័ន្ទ ហើយបន្ទាប់ពីកើតហេតុជនល្មើសបានគេចខ្លួនភ្លាមៗ ហើយជនរងគ្រោះក៏បានចាកចេញដែរ។
លោកមានប្រសាសន៍បន្តទៀតថា “គេជឿថា ជនរងគ្រោះមិនរងរបួសធ្ងន់ធ្ងរទេ ពីព្រោះនាងបានយកទឹកលុបលាងមុខ និងស្រោចដងខ្លួន មុនពេលជិះម៉ូតូឌុបចេញទៅបាត់”។ លោកបានមានប្រសាសន៍ទៀតថា នគរបាលបានតាមស្ត្រីរងគ្រោះទៅដល់មន្ទីរពេទ្យបង្អែកក្នុងមូលដ្ឋានកាលពីម្សិលមិញ។ រូបថតជនរងគ្រោះបង្ហាញថា នាងរងការរលាកស្បែកក្បាល ផ្ទៃមុខខាងឆ្វេងក និងដៃ។
លោក ចាន់ ពុទ្ធិណាវុធ ប្រធានមន្ទីរពេទ្យបានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតកំពុងតាមដានស្ថានភាពរបស់នាង បន្ទាប់ពីនាងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯងកាលពីល្ងាចថ្ងៃច័ន្ទ។
លោកស្រី អេរីន បួហ្គយស៍ (Erin Bourgois) នាយកគម្រោងនៅអង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីដ (CASC) បានមានប្រសាសន៍ថា នេះជាករណីជះទឹកអាស៊ីតលើកទី ២នៅក្នុងឆ្នាំនេះ ហើយមានប្រសាសន៍ថា ចំនួនករណីជះទឹកអាស៊ីតបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។
លោកស្រីលើកឡើងថា “នៅក្នុងករណីជះទឹកអាស៊ីតលើកទី១ ជនរងគ្រោះបានរងរបួសប្រហែលជាង៤០ភាគរយនៃរាងកាយ។ ប្រសិនបើការជះទឹកអាស៊ីតនេះបង្ករបួសប្រហែល២០ភាគរយ គេសង្ឃឹមថា អាចព្យាបាលនាងនៅទីនេះ[ ក្នុងប្រទេសកម្ពុជា ] បាន។ យើងព្រួយបារម្ភចំពោះស្ថានភាពរាងកាយ សុវត្ថិភាពរបស់នាង ហើយគ្រួសាររបស់នាងដឹងថា មានសេវាព្យាបាលតាមរយៈ CASC”។
ស្ថិតិផ្តល់ដោយលោកស្រី អេរីន បួហ្គយស៍ បង្ហាញថា មានការធ្លាក់ចុះជាបន្តបន្ទាប់នូវចំនួនករណីជះទឹកអាស៊ីតក្នុងប្រទេសកម្ពុជា។ មានការជះទឹកអាស៊ីតបីករណីនៅក្នុងឆ្នាំ២០១៣ ហើយនៅក្នុងករណីទាំងនោះមិនបណ្តាលឲ្យជនរងគ្រោះណាម្នាក់បាត់បង់ជីវិតទេ។
យោងតាមអង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីត ដែលរួមចំណែកធ្វើឲ្យករណីជះទឹកអាស៊ីតធ្លាក់ចុះ ដោយសារការចូលរួមក្នុងកិច្ចប្រឹងប្រែងឈានទៅដល់ការអនុម័តច្បាប់ស្តីពីទឹកអាស៊ីតនៅក្នុងឆ្នាំ២០១២ និងអនុក្រឹត្យមួយស្តីពីអាស៊ីតនៅរយៈពេលមួយឆ្នាំក្រោយមកទៀត បានឲ្យដឹងថា “នេះបង្ហាញថា មានការធ្លាក់ចុះ៤០ភាគរយនូវចំនួនករណីជះទឹកអាស៊ីតពីឆ្នាំ២០១២ និងធ្លាក់ចុះ៨៣ភាគរយពីឆ្នាំ២០១០ដែលមានករណីជះទឹកអាស៊ីតរហូតដល់ទៅ២០ករណី និងអ្នករស់រានពីការជះទឹកអាស៊ីតចំនួន៣៦នាក់ត្រូវបានកត់ត្រា”៕ សុខុម (រាយការណ៍បន្ថែមដោយ LaurenCrothers)