កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរឧស្សាហកម្មស្ករសដែលកំពុងមានរឿងចម្រូងចម្រាសជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា និងការងារដែលឧស្សាហកម្មនេះបានបង្កើតឡើង ដោយលើកឡើងថា ក្រុមហ៊ុនដែលមានប្រតិបត្តិការនៅក្នុងវិស័យនេះ ចាំបាច់ត្រូវតែទទួលបានការការពារពីការរិះគន់យ៉ាងច្រើន។
អង្គការសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការមួយក្នុងរយៈពេលប៉ុន្នានឆ្នាំថ្មីៗនេះ ដើម្បីឲ្យគេចាប់អារម្មណ៍លើការរំលោភបំពានដែលកើតមាននៅក្នុងឧស្សាហកម្មស្ករសនេះ ជាពិសេសចម្ការអំពៅរបស់ក្រុមហ៊ុនស្ករសភ្នំពេញដែលគ្រប់គ្រងដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ ការទន្ទ្រានយកដីធ្លី ពលកម្មកុមារ ការបំផ្លាញធនធានធម្មជាតិនិងការធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់កសិករ ក៏ស្ថិតក្នុងចំណោមបញ្ហាដែលគេបានប្ដឹងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មនេះ។
ស្ករសដែលផលិតបានពីចម្ការអំពៅរបស់លោក លី យ៉ុងផាត់ ដែលភាគច្រើននៅក្នុងខេត្តកំពង់ស្ពឺនោះ ត្រូវបានគេឲ្យឈ្មោះថា ជា ” ស្ករឈាម”។ លោក សាយ សំអាល់ បានលើកឡើងកាលពីម្សិលមិញថា ការឲ្យឈ្មោះបែបនេះគឺវាធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ។
លោក សំអាល់ បានមានប្រសាសន៍កាលពីម្សិលមិញអំឡុងសុន្ទរកថាមួយនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញ ដែលលោកបានគូសបញ្ជាក់ពីការកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឆ្នាំទី១របស់លោកថា ” ខ្ញុំបានជួបជាមួយមន្ត្រីស្ថានទូតមួយចំនួនដែលចាត់ទុកអំពៅជាអំពៅប្រឡាក់ឈាម”។
លោកបានបន្ថែមថា ” សម្រាប់ខ្ញុំ នេះគឺជាការបំផ្លាញឧស្សាហកម្មមួយ។ ពលរដ្ឋនៅភ្នំឱរ៉ាល់ តែងតែទៅកាប់ឈើនៅរដូវប្រាំង ប៉ុន្តែសម្រាប់ខ្ញុំនៅពេលមានចម្ការអំពៅខ្ញុំរីករាយណាស់ ពីព្រោះឧស្សាហកម្មស្ករសនេះបានផ្ដល់ការងារដល់ពលរដ្ឋ ដែលអាចធ្វើការនៅចម្ការអំពៅក៏បាន និងរោងចក្រស្ករសក៏បាន។ ប្រសិនបើឧស្សាហកម្មនេះត្រូវបានបំផ្លាញ តើពលរដ្ឋរាប់ពាន់នាក់នឹងត្រូវស្វែងរកការងារតាមរបៀបណា?”។
លោកបានមានប្រសាសន៍ថា ជំនួសឲ្យការយកបញ្ហានេះធ្វើជាបញ្ហានយោបាយ ដោយមានការអំពាវនាវឲ្យមានការបញ្ចប់ពាណិជ្ជកម្មស្ករសរួចពន្ធ ដែលទទួលបានការគាំទ្រដោយសមាជិកសភាសហភាពអឺរ៉ុបមួយចំនួននោះ វាគួរតែដោះស្រាយបញ្ហាតាមរយៈការចរចា។
ប៉ុន្តែលោក ផល វណ្ណៈ អាយុ២៧ឆ្នាំ ដែលជាតំណាងមួយរូបមកពីសហគមន៍អមលាំង ក្នុងខេត្តកំពង់ស្ពឺ ដែលមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ បានច្រានចោលការលើកឡើងរបស់លោក សំអាល់។
គាត់បាននិយាយថា ” យើងមិនអាចទទួលយកជាដាច់ខាតនូវអ្វីដែលលោករដ្ឋមន្ត្រីបានមានប្រសាសន៍។ យើងដឹងថា ឧស្សាហកម្មនេះផ្ដល់ការងារមួយចំនួនដល់កម្មករ ប៉ុន្តែបញ្ហានោះគឺនៅត្រង់ថា ឧស្សាហកម្មនេះបានធ្វើឲ្យមានការបណ្ដេញប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលគួរតែខិតខំជួយពួកគាត់”៕ គឹមហឿន