កាលពីថ្ងៃសៅរ៍ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា លោកនឹងបន្ថែមទាហានប្រហែល៧០០នាក់ទៅក្នុងអង្គភាពកងពលតូច៧០មានមូលដ្ឋានក្នុងរាជធានីភ្នំពេញនាឆ្នាំក្រោយ ដូច្នេះអង្គភាពនេះអាចជួយកងរាជអាវុធហត្ថបង្ក្រាបការតវ៉ាបានប្រសើរជាងមុន។
ថ្លែងនៅឯពិធីហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កងពលតូចនេះក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ៍រូបនេះបានមានប្រសាសន៍ថា រាជធានីភ្នំពេញបានកើតមានការតវ៉ាជាច្រើនចាប់តាំងពីមានការចលាចលនយោបាយនិងការតវ៉ាកម្មកររោងចក្រខ្លាំងកាលពីខែធ្នូនិងខែមករា ប៉ុន្តែលោកបានមានប្រសាសន៍ថា បុគ្គលមួយក្រុម ដែលលោកមិនប្រាប់ឈ្មោះ នៅតែញុះញង់ឲ្យមានការតវ៉ាក្នុងរាជធានីនៅឡើយ។
លោកឧត្តមសេនីយ៍មានប្រសាសន៍ថា “បើទោះជាស្ថានការណ៍[ជារួម]បានប្រសើរបន្តិចក៏ដោយ ក៏ស្ថានការណ៍ក្នុងរាជធានីភ្នំពេញនៅតែមានបញ្ហា។ ពួកគេដើរប្រមូលប្រជាជនគ្រប់ទិសទី និងគ្រប់ទីកន្លែងដែលមានជម្លោះដីធ្លី”។
លោកឧត្តមសេនីយ៍រូបនេះបានបន្ថែមទៀតថា កម្លាំងរាជអាវុធហត្ថមិនអាចដោះស្រាយនឹងអ្នកតវ៉ាដ៏ច្រើនបានទេ ហើយបានសុំជំនួយ។
លោកបានបន្ថែមថា “កងពលតូច៧០មិនមានកម្លាំងគ្រប់គ្រាន់ ដូច្នេះខ្ញុំបានយល់ព្រមឲ្យជ្រើសរើសទាហាន៧០០នាក់ថែមទៀតនៅឆ្នាំ២០១៥ ពីព្រោះឆ្នាំនេះ ថវិកាមានកម្រិត”។
ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ទាំងកងទ័ព ទាំងកម្លាំងរាជអាវុធហត្ថ ព្រោះការបង្ក្រាបបាតុកម្មកម្មកររោងចក្រកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែលអំឡុងពេលនោះ កងកម្លាំងរដ្ឋាភិបាលបានបាញ់ស្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ រួមមានទាំងអ្នកឈរមើល២នាក់ផង។
ការតវ៉ាទាំងនោះបានផ្ទុះឡើងនៅដំណាច់ឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលបានកំណត់ប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរតាមការប៉ាន់ប្រមាណរបស់ខ្លួនផ្ទាល់សម្រាប់ប្រាក់ខែល្មមរស់។ ការតវ៉ាស្របពេលគ្នាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជាតិដែលគេមើលឃើញជាទូទៅថា លម្អៀងគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់អំណាច។
លោក ឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍ថា យោធាមានភារកិច្ចជួយទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវការតវ៉ាកាលពីថ្ងៃទី១៥ខែកក្កដា ដែលបានក្លាយទៅជាហិង្សា ពេលដែលអ្នកគាំទ្របក្សប្រឆាំងតដៃសងសឹកសន្តិសុខខណ្ឌ ដែលល្បីខាងវាយបំបែកអ្នកតវ៉ាដោយសន្តិវិធី។
លោកបានបន្ថែមថា “តើមានមូលហេតុអីត្រូវវាយអាជ្ញាធរ? ពេលពួកគេស្រែកយ៉ាងនេះ យ៉ាងនោះ វាបង្កឲ្យមានចលាចល ហើយពួកគេ [អ្នកតវ៉ា បិទផ្លូវ។ យើងមិនអាចបណ្តោយឲ្យស្ថានការណ៍នេះបន្តកើតឡើងបែបនេះបានទេ”។
ដោយប្តូរប្រធានបទ លោក ឧត្តមសេនីយ៍ ទៀ បាញ់ បានប្រកាសថាយោធាបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់មនុស្ស នៅជាយក្រុងភ្នំពេញកាលពីខែកក្កដា ដោយសន្និដ្ឋានថា គ្រោះថ្នាក់ដែលបណ្តាលឲ្យស្លាប់មេបញ្ជាការរងកងទ័ពជើងអាកាស និងទាហាន៣នាក់ គឺដោយសារកំហុសមនុស្ស។
លោកបានបន្ថែមថា “ម៉ាស៊ីននិងឧទ្ធម្ភាគចក្រល្អទេ ហើយមិនមានបញ្ហាណាមួយឡើយ។ ឧបទ្ទវហេតុនេះបានកើតឡើង ពីព្រោះយើងមិនអាចបើកវា [ឧទ្ធម្ភាគចក្រ] ដូចយើងចង់បើកឡើយ”។
វីដេអូនៃឧបទ្ទវហេតុនេះបង្ហាញឲ្យឃើញថា ឧទ្ធម្ភាគចក្រព្យាយាមចុះចត ដោយបាត់លំនឹងពេលហោះឡើង ហើយបន្ទាប់មកក៏បានធ្លាក់ក្នុងរណ្តៅដីជីកដែលមានទឹក។
ឧទ្ធម្ភាគចក្រនោះជាឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងចំណោម១៣គ្រឿង ដែលរដ្ឋាភិបាលបានទិញពីប្រទេសចិនកាលពីឆ្នាំមុន ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជិត២០០លានដុល្លារ៕មានិត