យោងតាមរបាយការណ៍មួយចេញផ្សាយកាលពីដើមខែនេះបានឲ្យដឹងថា បារីខុសច្បាប់តម្លៃរាប់រយដុល្លារ ដែលត្រូវបានប្រើប្រាស់នៅតំបន់អាស៊ីកាលពីឆ្នាំមុន គឺផលិតនៅក្នុងប្រទេសកម្ពុជា ដែលបានបាត់បង់ប្រាក់ចំណូលប្រមាណ១,២លានដុល្លារផងដែរពីបារីរត់ពន្ធចូលក្នុងប្រទេសនេះអំឡុងពេលនោះ។
របាយការណ៍នេះត្រូវបានចងក្រងដោយអង្គការមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលពន្ធ និងវិនិយោគអន្តរជាតិ (International Taxand Investment Center) និង Oxford Economics ហើយផ្ដល់មូលនិធិដោយក្រុមហ៊ុនថ្នាំជក់ដ៏ធំ PhilipMorrisInternational ។ ពួកគេបានធ្វើការសិក្សាលើប្រទេសចំនួន១៤នៅអាស៊ី ហើយបានរកឃើញថា កម្ពុជា គឺជា “ទីផ្សារប្រភពដើមដ៏ធំសម្រាប់បារីខុសច្បាប់” ដោយភាគច្រើននៃបារីខុសច្បាប់ទាំងនោះត្រូវបានផលិតនៅក្នុងប្រទេសនេះ មុនពេលរត់ពន្ធចូលទៅក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសផ្សេងៗទៀត។
របាយការណ៍នេះលើកឡើងថា “រំហូរចេញក្រៅនៃបារីបង់ពន្ធក្នុងស្រុកទៅកាន់ទីផ្សារចំនួន១៣ផ្សេងទៀត គឺមានកម្រិតខ្ពស់ខ្លាំង ខណៈដែលតម្លៃបារីមួយកញ្ចប់នៅតែទាបខ្លាំងបើប្រៀបធៀបទៅនឹងទីផ្សារជិតខាង”។
វាបានរកឃើញថា ក្នុងចំណោមបារីខុសច្បាប់តម្លៃ២១,៩ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ២០៧លានដុល្លារមានប្រភពចេញពីប្រទេសកម្ពុជា។ ស្រដៀងគ្នានេះដែរ ៨៤ដុល្លារក្នុងចំណោមបារីខុសច្បាប់តម្លៃសរុប ៩០០លានដុល្លារ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសថៃកាលពីឆ្នាំ២០១៣ មានប្រភពចេញពីប្រទេសកម្ពុជា។
របាយការណ៍នេះក៏បានរកឃើញដែរថា ក្នុងចំណោមប្រទេសដែលត្រូវបានសិក្សាដូចជា ប្រទេសចំនួន១០នៅអាស៊ីអាគ្នេយ៍ ព្រមទាំងប្រទេសអូស្ត្រាលី ប៉ាគីស្ថាន កោះតៃវ៉ាន់ និងក្រុងហុងកុងផង តម្លៃបារីជាមធ្យមនៅកម្ពុជាគឺទាបជាងគេបំផុត ដោយក្នុងមួយកញ្ចប់ដែលមាន២០ដើម មានតម្លៃត្រឹមតែ ០,៣០ដុល្លារប៉ុណ្ណោះ។បារីដែលថោកជាងគេបំផុតបន្ទាប់ពីបារីនៅកម្ពុជា គឺនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសភូមា ដែលមានតម្លៃជាមធ្យម០,៦០ដុល្លារក្នុងមួយកញ្ចប់។
នៅចុងបញ្ចប់ របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសកម្ពុជាបានបាត់បង់ចំណូលពន្ធ១,២លានដុល្លារពីបារីតម្លៃ៤០០លានដុល្លារ ដែលត្រូវបានរត់ពន្ធចូលក្នុងប្រទេសនេះក្នុងឆ្នាំ២០១៣។ បារីរត់ពន្ធនេះមានចំនួនស្មើជិត៥ភាគរយនៃបារីសរុបតម្លៃ៨,២ពាន់លានដុល្លារដែលត្រូវបានប្រើប្រាស់កាលពីឆ្នាំមុន។
លោក ចូ អូលីវើ (Joe Oliver) អ្នកនាំពាក្យក្រុមហ៊ុន Philip Morris បានលើកឡើងតាមអីុម៉េលនៅសប្ដាហ៍នេះថា ខណៈដែលក្រុមហ៊ុនថ្នាំជក់ធំៗមានចំណាប់អារម្មណ៍ខ្លាំងក្នុងការទប់ស្កាត់រំហូរបារីខុសច្បាប់នៅទូទាំងពិភពលោក ពាណិជ្ជកម្មថ្នាំជក់ខុសច្បាប់បានធ្វើឲ្យប៉ះពាល់ដល់អ្នកគ្រប់គ្នានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
លោកបានមានប្រសាសន៍ថា “វាធ្វើឲ្យរដ្ឋាភិបាលបាត់បង់ចំណូលពន្ធរាប់ពាន់លានដុល្លារដែលអាចទាញចូលមកក្នុងសេដ្ឋកិច្ចវិញបាន។ វាធ្វើឲ្យប្រាក់ធ្លាក់ទៅលើកណ្ដាប់ដៃឧក្រិដ្ឋជនដែលមានការរៀបចំទុក។ ទន្ទឹមនឹងនេះ វាក៏ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នកគ្រប់គ្នា ដែលពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់ផងដែរ”។
កាលពីម្សិលមិញ មន្ត្រីនៅក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ។
កាលពីឆ្នាំ២០១២ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់តំណាងក្រសួងហិរញ្ញវត្ថុថា ប្រទេសកម្ពុជាបានយកពន្ធលើថ្នាំជក់ស្មើនឹង៥,៣ភាគរយនៃតម្លៃប្រើប្រាស់ ជាតម្លៃទាបបំផុតនៅក្នុងពិភពលោក ដែលធ្វើឲ្យបារីមានតម្លៃទាបជាង១ភាគ១០ នៃតម្លៃបារីនៅតំបន់អឺរ៉ុប។ អង្គការនេះក៏បានគូសបញ្ជាក់ដែរថា បណ្ដាប្រទេសដែលយកពន្ធខ្ពស់លើថ្នាំជក់ មានកម្រិតរត់ពន្ធទាប៕សុខុម (រាយការណ៍បន្ថែម ដោយ ឃី សុវុឌ្ឍី )