លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ស្កត់ ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងមួយ ក្នុងការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ។
កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចូលក្នុងបន្ទប់ដែលលម្អតុបតែងនៅឯក្រសួងមហាផ្ទៃ ហើយបានចុះហត្ថលេខាលើឯកសារដែលកំណត់ភ័ព្វវាសនារបស់ជនភៀសខ្លួនរាប់រយនាក់ ប៉ុន្តែមិនបាននិយាយអ្វីមួយម៉ាត់សោះ។
សេចក្តីថ្លែងការណ៍រួម ដែលចេញនៅពេលចុះហត្ថលេខានិយាយថា “ចំនួននិងពេលវេលានៃការតាំងទីលំនៅជនភៀសខ្លួន នឹងត្រូវកំណត់ដោយប្រទេសកម្ពុជា”។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ប្រទេសទាំងពីរបានព្រមព្រៀងលើការរៀបចំសាកល្បងតាំងទីលំនៅជនភៀសខ្លួនមួយក្រុមតូច ដែលនឹងអនុវត្តស្របតាមសមត្ថភាពរបស់ប្រទេសកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក ម៉ូរីសុន បាននិយាយថា ជនភៀសខ្លួន ដែលកំពុងជាប់ឃុំនៅដែនកោះអូស្ត្រាលី នឹងមានឱកាសនិងការឧបត្ថម្ភគាំទ្រដើម្បីកសាងជីវិតរបស់ពួកគេជាថ្មី ឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញ៕មានិត