នៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានប្រាប់សហគមន៍អន្តរជាតិថា បណ្តាប្រទេសឧស្សាហកម្ម គួរតែដោះស្រាយការគំរាមកំហែងដល់ពិភពលោក ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្នុងសុន្ទរកថាយ៉ាងច្រើនទៅកាន់មេដឹកនាំពិភពលោក ដែលបានមកជួបជុំគ្នានៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក ហោ ណាំហុង ដែលក៏ជាឧបនាយករដ្ឋមន្ត្រីដែរនោះ បានលើកឡើងថា ការប្រែប្រួលយ៉ាងខ្លាំងនៃអាកាសធាតុ ធ្វើឲ្យប៉ះពាល់ដល់បណ្ដាប្រទេសដែលពឹងផ្អែកលើកសិកម្មដូចជាប្រទេសកម្ពុជាជាដើម។
លោកបានមានប្រសាសន៍ដោយលើកពីឧទាហរណ៍នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន ដែលធ្វើឲ្យមនុស្ស១៦៨នាក់បាត់បង់ជីវិត និងបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារថា “យើងដឹងថា បណ្ដាប្រទេសឧស្សាហកម្មដែលប្រើប្រាស់ប្រេងហ្វូសីុល ភាគច្រើនរបស់ពិភពលោកបានធ្វើឲ្យមានឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ខណៈបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្កើតឲ្យមានឧស្ម័នបែបនេះតិចតួច បានក្លាយជាជនរងគ្រោះនៃការប្រែប្រួលអាកាសធាតុ។
លោក ហោ ណាំហុង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃគោលការណ៍ “រួម ប៉ុន្តែ មានការទទួលខុសត្រូវផ្សេងគ្នា” របស់អង្គការសហប្រជាជាតិ ដែលលើកឡើងថា បណ្តាប្រទេសទាំងអស់ គឺត្រូវទទួលខុសត្រូវចំពោះការធ្វើឲ្យសឹករេចរឹលបរិស្ថាន។
លោកក៏បានអំពាវនាវឲ្យមានការផ្ដោតកាន់តែខ្លាំងលើការខំប្រឹងប្រែងរបស់ពិភពលោក ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ដែលបានដាក់ពេលកំណត់ត្រឹមឆ្នាំ២០១៥ផងដែរ ដោយលោកបានលើកឡើងថា ការខិតខំដើម្បីសម្រេចគោលដៅទាំងនោះមានផ្នែកខ្លះមិនដំណើរការឡើយ ព្រោះបណ្ដាប្រទេសអ្នកមានបានផ្តោតលើបញ្ហាផ្សេងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោក។
បន្តាប់ពីលើកឡើងពីបញ្ហានយោបាយជាច្រើនដែលរួមមានទាំងការងើបឡើងបះបោររបស់កងជីវពលរដ្ឋអីុស្លាម និងជម្លោះប្រដាប់អាវុធនៅក្នុងតំបន់អាហ្វ្រិកផង លោក ហោ ណាំហុង បានប្រកាសថា នៅខែក្រោយប្រទេសកម្ពុជានឹងបញ្ជូនកងទ័ពរក្សាសន្តិភាពជាង២០០នាក់ដើម្បីទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងតំបន់អាហ្វ្រិក ជាផ្នែកនៃការចូលរួមរបស់ប្រទេសកម្ពុជានៅក្នុងដំណើរការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។
លោកបានមានប្រសាសន៍ថា “មកទល់នឹងពេលនេះយើងបានបញ្ជូនកងទ័ពរក្សាសន្តិភាពជាង២.០០០នាក់រួចហើយទៅកាន់ប្រទេសលីបង់ ម៉ាលី និងស៊ូដង់ខាងត្បូង។ នៅក្នុងខែវិច្ឆិកា ឆ្នាំនេះប្រទេសកម្ពុជា នឹងបញ្ជូនកងទ័ពរក្សាសន្តិភាពចំនួន២១៦នាក់ផ្សេងទៀតទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីចូលរួមក្នុងបេសកកម្មរក្សាស្ថិរភាព របស់អង្គការសហប្រជាជាតិ ដែលមានប្រទេសជាច្រើនចូលរួម”។
លោក ហោ ណាំហុង បានបញ្ចប់សុន្ទរកថារបស់លោកដោយអំពាវនាវឲ្យមានការធ្វើកំណែទម្រង់នៃអង្គការសហប្រជាជាតិ ហើយលោកបានលើកឡើងថា គួរតែផ្តល់អំណាចដល់មហាសន្និបាតបន្ថែមទៀត ហើយថា សមាសភាពនៃក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័ននេះគួរតែឆ្លុះបញ្ចាំងពីការពិតនៅក្នុងពិភពលោកឲ្យបានកាន់តែប្រសើរថែមទៀត៕ស៊ុយឈាង