អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់មេដឹកនាំសហជីពកាលពីម្សិលមិញថា កម្មកររោងចក្រកាត់ដេរ ដែលសព្វថ្ងៃទទួលបានប្រាក់ខែគោល១០០ដុល្លារចាំបាច់ត្រូវតែត្រៀមខ្លួនបង់ពន្ធលើប្រាក់ខែរបស់ខ្លួននៅពេលប្រាក់ខែគោលរបស់ពួកគាត់នឹងត្រូវដំឡើងនៅខែមករា ។
លោក គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានប្រាប់តំណាងសហជីពក្នុងសិក្ខាសាលាមួយនៅសណ្ឋាគារ Raffles ថា កម្មកររោងចក្រប្រមាណ៦០០.០០០នាក់ ដែលធ្វើការនៅក្នុងវិស័យកាត់ដេរអាចត្រូវបង់ពន្ធលើប្រាក់ខែរបស់ខ្លួនចំនួន៥ភាគរយប្រសិនបើប្រាក់ខែគោលរបស់ពួកគាត់ ដែលរួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗផង លើសពី៥០០.០០០រៀល ឬក៏១២៥ដុល្លារនោះ។
នៅសប្តាហ៍ក្រោយគណៈកម្មាធិការប្រឹក្សាការងារ ដែលរួមមានតំណាងរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីពនោះត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើប្រាក់ខែគោលថ្មីនេះ។ មេដឹកនាំសហជីពកំពុងទាមទារឲ្យមានការដំឡើងប្រាក់ខែ៧៧ដុល្លារបន្ថែមទៀតពីលើប្រាក់ខែគោលសព្វថ្ងៃរបស់កម្មករ ចំណែកឯម្ចាស់រោងចក្រវិញស្នើសុំដំឡើងត្រឹមតែ១០ដុល្លារបន្ថែមប៉ុណ្ណោះ។
លោក វិបុល បានពន្យល់ថា បើយោងតាមច្បាប់ពន្ធដារឆ្នាំ១៩៩៧ បុគ្គលិកដែលមានប្រាក់ខែ គឺតម្រូវឲ្យបង់ពន្ធលើប្រាក់ខែគោលរបស់ខ្លួនដោយអាស្រ័យលើទំហំនៃប្រាក់ខែគោលដែលពួកគេទទួលបាន។
លោបានមានប្រសាសន៍ថា “នៅថ្ងៃនេះយើងបើកសន្និសីទកាសែតមួយដើម្បីផ្សព្វផ្សាយព័ត៌មានដល់សហជីពទាំងអស់។ យើងសង្ឃឹមថា បងប្អូនអាចពន្យល់ដល់កម្មករពីកាតព្វកិច្ចបង់ពន្ធរបស់ពួកគាត់ ហើយចូលរួមចំណែកកសាងប្រទេសជាតិទាំងអស់គ្នា”។
ប៉ុន្តែ តំណាងកម្មករមិនសូវជាពេញចិត្តឡើយដោយលើកឡើងថា សមាជិករបស់ខ្លួននឹងមិនអាចទទួលយកព័ត៌មាននេះបានទេ។ លោក ឡុង សង្គ្រោះ តំណាងសហជីពបាននិយាយថា “យើងគ្មានប្រាក់ខែគ្រប់គ្រាន់ដើម្បីចំណាយលើការចាយវាយប្រចាំថ្ងៃផង ហើយឥឡូវនេះរដ្ឋាភិបាលឲ្យយើងបង់ពន្ធលើប្រាក់ខែទៀត។ យើងនឹងជជែកជាមួយកម្មកររបស់យើង ហើយចាំមើលថា ពួកគាត់នឹងគិតយ៉ាងម៉េចចំពោះបញ្ហានេះ”។
លោក ម៉េង អា៊ាង តំណាងកម្មករម្នាក់ទៀតបានព្យាករថា ការបង់ពន្ធដែលកម្មករភាគច្រើនមិនដឹងនោះនឹងបង្កឲ្យមានភាពចលាចល។
លោកបាននិយាយថា “កម្មករនឹងមានកំហឹង។ពួកគាត់នឹងធ្វើកូដកម្ម ហើយតវ៉ាប្រឆាំងនឹងការបង់ពន្ធនេះ ព្រោះថា ពួកគាត់មានប្រាក់ខែទាប ហើយមិនដឹងអំពីបញ្ហានេះពីមុនមកឡើយ”៕ស៊ុយឈាង