នគរបាលបានលើកឡើងកាលពីម្សិលមិញថា មនុស្សប្រាំបីនាក់បានស្លាប់ និងប្រាំបួននាក់ទៀតរងរបួសនៅពេលរថយន្តចំណុះ២០តោនមួយគ្រឿងបានបុកជាមួយរថយន្តទួរីសបើកបរក្នុងល្បឿនដ៏លឿននៅក្នុងខេត្តកំពតកាលពីរសៀលថ្ងៃអាទិត្យ។
លោក ណុប សារ៉េត នាយនគរបាលចរាចរខេត្តបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងមុនម៉ោង៥ល្ងាចបន្តិច នៅលើកំណាត់ផ្លូវកោងនៃផ្លូវជាតិលេខ៣ ក្នុងឃុំបឹងទូក ស្រុកទឹកឈូ នៅពេលរថយន្តធុនធំមួយគ្រឿងដែលគ្មានដឹកទំនិញអ្វីសោះបានបើកចូលក្នុងគន្លងផ្លូវរបស់រថយន្តខាងមុខ។ លោក សារ៉េត បានមានប្រសាសន៍ថា រថយន្តទួរីសដែលដឹកអ្នកដំណើរ១៦នាក់ ដែលភាគច្រើនជាកម្មករសំណង់មកពីខេត្តព្រះសីហនុមកខេត្តកំពតនោះ បានបើកបរពីក្រោយរថយន្តតូយ៉ូតាកាមរីមួយគ្រឿង ដែលបានបើកគេចផុតពីរថយន្តធុនធំនៅខាងមុខ។
លោក សារ៉េត បានមានប្រសាសន៍ថា រថយន្តទួរីសនោះមិនបានបើកគេចទាន់ពេលទេ ហើយអ្នកដំណើរប្រាំនាក់រួមទាំងអ្នកបើកបរផងបានស្លាប់ភ្លាមៗ។ លោកបានមានប្រសាសន៍ថា ” មូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់នេះគឺដោយសារផ្លូវកោង ការបើកបរក្នុងល្បឿនលឿន មានភ្លៀងរលឹម និងខ្វះការប្រុងប្រយ័ត្ន”។ លោកបានបន្ថែមថា អ្នកដំណើរបីនាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ និងថ្ងៃម្សិលមិញ។
លោក សារ៉េត បានមានប្រសាសន៍ថា ”ខ្ញុំរន្ធត់ណាស់។ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មនុស្សប្រាំបីនាក់បានស្លាប់”។ លោកបានប៉ាន់ប្រមាណថា ” ២០ភាគរយនៃរថយន្តទួរីសនៅល្អ ដោយលោកបន្ថែមថា អ្នកបើកបររថយន្តធុនធំបានរត់គេចពីកន្លែងកើតហេតុ ហើយកំពុងគេចខ្លួននៅឡើយ។ លោកបានមានប្រសាសន៍ថា ” នគរបាលកំពុងធ្វើការលើករណីនេះ និងស្វែងរកចាប់ខ្លួនអ្នកបង្កហេតុ”។
លោក អុឹម ឈួន ស្នងការរងនគរបាលខេត្តបានបន្ទោសទៅលើអ្នកបើកបររថយន្តធុនធំ និងរថយន្តទួរីស ដែលបង្កគ្រោះថ្នាក់រហូតបាត់បង់ជីវិតមនុស្សនេះ ពីព្រោះអ្នកទាំងពីរបើកបរក្នុងល្បឿនលឿនដូចគ្នានៅពេលនោះ។ លោកបានមានប្រសាសន៍ថា ” ប្រសិនបើពួកគេមិនបើកបរក្នុងល្បឿនលឿនទេនោះ នឹងគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះឡើយ”។ លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ខេត្តកំពតបានមានប្រសាសន៍ថា កម្មករសំណង់ប្រាំមួយនាក់មកពីស្រុករបស់លោកបានស្លាប់ក្នុងគ្រោះថា្នក់នោះ។ លោកបានមានប្រសាសន៍ថា ” ពួកគេបានទៅរកការងារធ្វើនៅក្រុងព្រះសីហនុរយៈពេលបីថ្ងៃមុនពេលមានគ្រោះថ្នាក់នេះ”។ លោកបានបន្ថែមថា ” ពួកគេរកការងារធ្វើមិនបាន ដូច្នេះហើយពួកគេបានត្រឡប់មកផ្ទះវិញ។ ពួកគេបានទៅរកការងារធ្វើ ហើយក៏ជួបគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នៅពេលត្រឡប់មកផ្ទះវិញ”៕ សារុន