មានតែមិត្តភក្តិទុកចិត្តទេ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅសួរសុខទុក្ខលោក ស៊ន ស៊ីន អាយុ៥៦ឆ្នាំ ជាអ្នកគួកជេដីនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ ជាទីដែលលោកជាសះស្បើយជាបណ្តើរៗពីរបួសដោយសារការគប់គ្រាប់បែកចូលក្នុងផ្ទះរបស់លោកក្នុងខណ្ឌសែនសុខកាលពីសប្តាហ៍មុន។
សីុន ធាវី កូនស្រីរបស់លោក ស៊ន ស៊ីន ដែលគេចផុតដោយមិនរងរបួស ប៉ុន្តែ ប្អូនប្រុសអាយុ១១ឆ្នាំរបស់នាងបានស្លាប់ដោយសាររបួសពីការផ្ទុះគ្រាប់បែកនេះ ភ័យខ្លាចក្រែងឪពុករបស់នាងនឹងអាចត្រូវគេវាយប្រហារម្តងទៀតប្រសិននាងអនុញ្ញាតឲ្យ “ជនប្លែកមុខ” ចូលទៅសួរសុខទុក្ខឪពុករបស់នាង។
ធាវី បាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញថា “ករណីនេះគឺវាអាថ៌កំបាំងណាស់។ វាលំបាកក្នុងការស្វែងរកឃាតករ។ យើងកំពុងតែប្រុងប្រយ័ត្នយ៉ាងខ្លាំង ហើយជនដែលមិនស្គាល់ និងប្លែកមុខ គឺមិនអនុញ្ញាតឲ្យចូលសួរសុខទុក្ខគាត់ទេ”។
ធាវី កំពុងទទួលទានអាហារពេលល្ងាចជាមួយគ្រួសាររបស់នាងនៅទីធ្លាមុខផ្ទះក្នុងសង្កាត់ឃ្មួញ កាលពីល្ងាចថ្ងៃទី៩ ខែតុលា នៅពេលនោះបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឆ្លងកាត់ ហើយគប់គ្រាប់បែកចូលទីធ្លាមុខផ្ទះរបស់នាងតែម្តង។
ស៊ីន ដារ៉ា ដែលជាប្អូនប្រុសរបស់ ធាវី បានស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅបីបួនម៉ោងក្រោយកើតហេតុ។ ឪពុករបស់នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់មែ៉ត ដោយមានរបួសរលាកជើង និងបៀមអំបែងគ្រាប់ត្រង់ពោះ។ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ និងបុរសពីរនាក់ផ្សេងទៀត ដែលរួមមានមិត្តភក្តិជិតស្និទ្ធ្ធរបស់លោក ស៊ន ស៊ីន គឺលោក ដន សុខ អាយុ៣២ឆ្នាំ ជាអ្នករកស៊ីចងការប្រាក់សុទ្ធតែស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។
នៅយប់ថ្ងៃកើតហេតុមន្ត្រីនគរបាលបានចាប់ខ្លួនបុរសពីរនាក់ ដែលម៉ូតូរបស់ពួកគេមានពណ៌ក្រហមដូចម៉ូតូជនសង្ស័យដែលសាក្សីបានរៀបរាប់ប្រាប់ ប៉ុន្តែ ពួកគេត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់នៅពេលគេដឹងយ៉ាងច្បាស់ថា ពួកគេមិនមែនជាជនដៃដល់។
លោក យឹម ដាវុធ ប្រធានផ្នែកសើុបអង្កេតរបស់នគរបាលខណ្ឌដែលទទួលបន្ទុកករណីនេះបានបដិសេធមិនរៀបរាប់ពីករណីនេះទេ។
លោកបានមានប្រសាសន៍នៅអធិការដ្ឋាននគរបាលខណ្ឌកាលពីថ្ងៃច័ន្ទ នៅពេលលោកបានឲ្យអ្នកយកព័ត៌មានចេញពីការិយាល័យរបស់លោកថា “ខ្ញុំកំពុងធ្វើការលើករណីនេះ ប៉ុន្តែ ខ្ញុំសូមបដិសេធមិនប្រាប់អ្វីឡើយ។ ប្រសិនបើអ្នករកឃើញអ្នកដែលត្រូវទទួលខុសត្រូវសូមជួយប្រាប់ខ្ញុំផង”។
លោក ញៀន ណន នាយនគរបាលសង្កាត់បានលើកឡើងម្តងទៀតថា លោកជឿជាក់ថា ជនដៃដល់ធ្វើរឿងនេះប្រហែលជាទាក់ទងនឹងរឿងគំនុំ។
លោកបានមានប្រសាសន៍ថា “មិនមែនត្រឹមតែនគរបាលរបស់ខ្ញុំទេ ប៉ុន្តែ នគរបាលផ្សេងទៀតក៏កំពុងធ្វើការលើករណីនេះផងដែរ។ ប៉ុន្តែ យើងនៅមិនទាន់មានតម្រុយណាមួយនៅឡើយទេ”។
ប៉ុន្តែ ធាវី ដែលបានបិទហាងលក់គ្រឿងទេសនៅផ្ទះរបស់នាង ហើយមានផែនការផ្លាស់ទៅនៅផ្ទះមួយផ្សេងទៀតរបស់ឪពុកនាងមានយោបល់មួយផ្សេង។
នាងបាននិយាយកាលពីថ្ងៃច័ន្ទ ខណៈកំពុងមើលគេលើកកេសស្រាបៀរដាក់លើរថយន្តដែលមានស្នាមប្រហោងដោយសារគ្រាប់បែកថា “ខ្ញុំមិនច្បាស់ទេថា តើគេគប់គ្រាប់បែកចង់សម្លាប់សមាជិកគ្រួសាររបស់ខ្ញុំ ឬមិត្តភក្តិរបស់ឪពុករបស់ខ្ញុំ[លោក ដន សុខ អ្នករកស៊ីចងការប្រាក់] ដែលបានទទួលទានអាហារពេលល្ងាចជាមួយគ្រួសារខ្ញុំ”។
ប៉ុន្តែ នៅពេលទាក់ទងតាមទូរស័ព្ទលោក ដន សុខ បាននិយាយថា ខ្លួនមិនដែលមានទំនាស់ជាមួយអតិថិជនណាឡើយ។
លោកបាននិយាយថា “ខ្ញុំមិនដែលមានបញ្ហាជាមួយនរណាម្នាក់ឡើយ រួមទាំងអ្នកដែលបានខ្ចីលុយពីខ្ញុំផងដែរ”។
លោក ស៊ន ស៊ីន បាននិយាយថា ដីដែលមានវិវាទមួយកន្លែងនៅក្នុងខណ្ឌព្រែកព្នៅដែលលោកបានលក់ទៅឲ្យអ្នកភូមិចំនួនប្រាំពីរគ្រួសារពីរឆ្នាំកន្លងមកនេះ ក៏អាចជាមូលហេតុដែលធ្វើឲ្យមានគប់គ្រាប់បែកនេះដែរ។ លោកបាននិយាយថា លោកបានទិញដីនេះពីស្ត្រីម្នាក់ ដែលបានទិញដីនេះពីបុរសជនជាតិវៀតណាមម្នាក់ទៀតដែលជាតំណាងរបស់ក្រុមហ៊ុនកូរ៉េមួយ។
លោក កៃ វិសាល មេធាវីរបស់ក្រុមហ៊ុនកូរ៉េនេះបានលើកឡើងថា វិវាទបានកើតឡើងព្រោះបុរសជនជាតិវៀតណាមបានលក់ដីនេះដោយគ្មានការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុន។ រីឯលោក លី គឹមលុន ដែលជាមេធាវីរបស់លោក ស៊ន ស៊ីន វិញបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺស្របច្បាប់ទាំងស្រុង។
អ្នកស្រី ឈិន ស្រីនាង ប្រពន្ធម្នាក់ក្នុងចំណោមប្រពន្ធចំនួនបីនាក់របស់លោក ស៊ន ស៊ីន និងជាម្តាយរបស់ក្មេងប្រុស ស៊ីន ដារ៉ា បាននិយាយថា គាត់មិនអាចផ្ដល់តម្រុយណាមួយឡើយ ហើយក៏គ្មានសង្ឃឹមថា នឹងអាចរកជនដៃដល់ឃើញដែរ។
អ្នកស្រីបាននិយាយថា “ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំបានទេ។ ខ្ញុំរន្ធត់ណាស់។ ខ្ញុំគិតថា ប្តីរបស់ខ្ញុំមិនមែនជាគោលដៅនៃការវាយប្រហារនោះទេ ព្រោះគាត់ជាមនុស្សល្អ ហើយខ្ញុំគ្មានសង្ឃឹមថា នគរបាលអាចចាប់ខ្លួនឃាតករបាននោះទេ”៕ស៊ុយឈាង