យោងតាមមន្ត្រីតុលាការបានឲ្យដឹងថា ស្ត្រីអាយុ២០ឆ្នាំដែលជាប់សង្ស័យថា ជាអ្នកបើករថយន្ត រ៉ង់រូវើ(Range Rover) ដែលបានបុកបុរសជនជាតិអៀរឡង់ម្នាក់ស្លាប់ ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុ កាលពីថ្ងៃទី២៨ ខែកញ្ញានោះ មិនបានមកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញទេ បន្ទាប់ពីត្រូវបានកោះហៅមកសាកសួរ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានចេញដីកាកោះកាលពីដើមខែនេះឲ្យឈ្មោះ សិលា រតនៈ ដែលនគរបាលជឿថា ជាអ្នកបើកបររថយន្តដែលបានបុកលោក ថូម៉ាស ប៊ីឈើ អាយុ៣០ឆ្នាំខណៈពេលបុរសរូបនេះកំពុងបណ្តើរកង់កាត់មហាវិថីព្រះមុនីវង្ស ឲ្យមកបង្ហាញខ្លួននៅតុលាការដើម្បីធ្វើការសាកសួរកាលពីម្សិលមិញ។ លោក មាស ច័ន្ទពិសិដ្ឋ បាននិយាយនៅម៉ោងប្រហែល២រសៀលថ្ងៃម្សិលមិញថា “ខ្ញុំមិនបានឃើញ [ជនសង្ស័យ] រូបនេះមកទេ”។
លោក ឡាច បុប្ផា ក្រឡាបញ្ជី បានបញ្ជាក់បន្ទាប់ពីតុលាការបានបិទថា កញ្ញា រតនៈ មិនបានមកបង្ហាញខ្លួនទេ។ លោកបានមានប្រសាសន៍ “តុលាការបានបញ្ជូនដីកាកោះទៅជនសង្ស័យរូបនេះរួចហើយ ប៉ុន្តែនាងមិនបានមកទេ”។
លោក មាស ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍បន្ទាប់ពីចេញដីកាកោះថា ប្រសិនបើ កញ្ញា រតនៈ កូនស្រីរបស់លោកវរសេនីយ៍ត្រីកងយោធពលខេមរភូមិន្ទ ហ៊ូ សិលា មិនបានយកចិត្តទុកដាក់នឹងដីកាកោះទេ ហើយចៅក្រមស៊ើបសួរក្នុងករណីនេះអាចចេញដីកាចាប់ខ្លួន។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញថាតើ ចំណាត់ការបន្ទាប់របស់តុលាការជាអ្វីនោះឡើយ។ លោក មាស ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា “ខ្ញុំកំពុងរៀបចំរឿងនេះ”។
បើទោះជាមានការប្តេជ្ញាថា នឹងចាប់ខ្លួនអ្នកបើកបររថយន្តរ៉ង់រ៉ូវើរូបនេះក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានហេតុការណ៍បុកហើយរត់ក៏ដោយ ក៏នគរបាលមិនបានតាមរក រតនៈ ដែរ ហើយឥឡូវនេះលើកឡើងថា ពួកគេរង់ចាំតុលាការចេញដីកាចាប់ខ្លួនសិនមុនពេលធ្វើការចាប់ខ្លួន។
លោក សេង ចាន់ថុន អនុប្រធានផ្នែកបទល្មើសចរាចរណ៍នៃនគរបាលចរាចររាជធានីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនគរបាលមិនដឹងពីកន្លែងលាក់ខ្លួនរបស់ រតនៈ ឡើយ។ លោក ចាន់ថុន បានមានប្រសាសន៍ថា “យើងដឹងថា ជនសង្ស័យនេះជានរណាហើយ។ យើងកំពុងរង់ចាំដីកាចាប់ខ្លួនពីតុលាការ ប៉ុន្តែមិនទាន់ទទួលបាននៅឡើយទេ”។
ស្ថានទូតអៀរឡង់ប្រចាំទីក្រុងហាណូយ បានបញ្ជូនអ្នកតំណាងមកជួបប្រជុំជាមួយនគរបាល និងមន្ត្រីតុលាការជុំវិញករណីនេះកាលពីថ្ងៃទី៩ ខែតុលា។
រថយន្តរ៉ង់រ៉ូវើពណ៌ស ដែលជារបស់ ហង្ស លីនដា អាយុ២០ឆ្នាំ ជាមិត្តភក្តិរបស់ កញ្ញា រតនៈ និងជាកូនស្រីរបស់មន្ត្រីនគរបាលទេសចរក្នុងខេត្តព្រះវិហារត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលចរាចររាជធានី៕ សារុន