លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើជាអធិបតីកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយតួសំដែងសំខាន់ៗ ផលិតករទូរទស្សន៍ និងផលិតករភាពយន្តក្នុងប្រទេស ដើម្បីពិភាក្សាអំពីភាពជោរជន់លើសលុបនៃខ្សែភាពយន្តបរទេស ដែលបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក និងផលប៉ះពាល់អវិជ្ជមាន ដែលមានលើភាពយន្តក្នុងស្រុក និងវប្បធម៌កម្ពុជា ជាទូទៅ។
វិស័យភាពយន្តកម្ពុជាបានរីកលូតលាស់ខ្លាំងក្នុងទសវត្សរ៍១៩៦០ មុនរបបខ្មែរក្រហមកម្ទេចសិល្បៈចោល។ ហើយបើទោះជា ជោគជ័យជាសកលនៃផលិតករភាពយន្ត ប៉ាន់ រិទ្ធី និងការអបអរសាទរថ្មីៗចំពោះផលិតករខ្សែភាពយន្តឯកសារមួយចំនួនតូចក៏ដោយ ក៏គុណភាពនៃការផលិតភាពយន្តក្នុងប្រទេសនេះនៅអន់ថយឆ្ងាយពីប្រទេសជិតខាងក្នុងតំបន់នៅឡើយ ដូចជាប្រទេសថៃជាដើម។
អ្នកជំនាញវិស័យភាពយន្តមួយចំនួនដែលបានជួបជុំគ្នាកាលពីថ្ងៃអង្គារ បានលើកឡើងថា ភាពយន្តអន្តរជាតិមានច្រើនហួសតម្រូវការដែលដាក់បញ្ចាំងតាមទូរទស្សន៍អំឡុងពេលមានអ្នកទស្សនាច្រើនបំផុត កំពុងបន្ទុចបង្អាក់ការរស់រានឡើងវិញរបស់ផលិតកម្មភាពយន្តក្នុងស្រុក។
តារាសំដែង អ្នកស្រី ចន ច័ន្ទលក្ខិណា បានលើកឡើងថា “មានស្ថានីយទូរទស្សន៍តិចតួចណាស់ដែលចង់អភិរក្សវប្បធម៌ខ្មែរ ដោយផលិតខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ខ្មែរ ចំណែកឯស្ថានីយទាំងអស់ផ្សព្វផ្សាយភាពយន្តបរទេសគឺមានស្ថានីយខ្លះបញ្ចាំងដល់ទៅ២០ម៉ោងនៃកម្មវិធីផ្សាយប្រចាំថ្ងៃរបស់ខ្លួន”។ អ្នកស្រីបានបន្ថែមថា មានភាពយន្តខ្មែរច្រើនណាស់ផលិតបានហើយ ដែលអាចយកមកបញ្ចាំងជំនួសវិញ។
អ្នកស្រីបានមានប្រសាសន៍ថា “ពេលណាយើងបើកទូរទស្សន៍របស់យើង ហើយមើលឃើញភាពយន្តរបស់បរទេស យើងងឿងឆ្ងល់ថាតើសិល្បៈខ្មែរនឹងក្លាយទៅជាអ្វី? ប្រសិនបើស្ថានីយទូរទស្សន៍នានាមិនបញ្ចាំងភាពយន្តខ្មែរ ភាពយន្តនេះនឹងនៅតែធ្លាក់ចុះ”។
អ្នកស្រី ពាន់ ភួងបុប្ផា អ្នកដឹកនាំភាពយន្តម្នាក់ក្នុងចំណោមអ្នកដឹកនាំភាពយន្តពីរបីនាក់ដែលមានជោគជ័យបំផុត បានយល់ស្របជាមួយអ្នកស្រី ច័ន្ទលក្ខិណា ហើយបានអំពាវនាវដល់ក្រសួងព័ត៌មានឲ្យប្រើគោលនយោបាយរឹតបន្តឹងការបញ្ចាំងខ្សែភាពយន្តបរទេស។
អ្នកស្រីមានប្រសាសន៍ថា “ខ្ញុំចង់ឃើញភាពយន្តខ្មែរងើបមុខឡើងវិញ ហើយខ្ញុំជឿថា វាគួរតែជាភារកិច្ចរបស់ស្ថានីយទូរទស្សន៍ ក្នុងការជួយលើកស្ទួយសិល្បៈខ្មែរ” ហើយការបញ្ចាំងខ្សែភាពយន្តថៃជាការគំរាមដោយផ្ទាល់មួយចំពោះអត្តសញ្ញាណខ្មែរ ព្រោះវប្បធម៌ថៃកំពុងជ្រៀតចូលវប្បធម៌ខ្មែរដោយមិនដឹងខ្លួន។
ផលិតករខ្សែភាពយន្ត លោក ឆៃ បូរ៉ា មិនបានយល់ស្របឡើយ ដោយលោកបានមានប្រសាសន៍ថា អ្នកដែលធ្វើការក្នុងផ្នែកភាពយន្តខ្មែរអាចរៀនសូត្រពីប្រទេសថៃ ដោយសារវប្បធម៌ប្រហែលគ្នា។
លោកបានសួរថា “ហេតុអ្វីភាពយន្តថៃជាការគំរាមច្រើនជាងភាពយន្តកូរ៉េ ចិន សិង្ហបុរី ឬឥណ្ឌា?” លោកបានសន្និដ្ឋានថា កង្វល់ទាក់ទិននឹងភាពយន្តថៃគឺដោយសារផលប៉ះពាល់យូរអង្វែងនៃកុបកម្មប្រឆាំងថៃកាលពីឆ្នាំ២០០៣ ដែលកើតឡើងដោយសារពាក្យចចាមអារ៉ាមថា តួសំដែងថៃម្នាក់បានអះអាងថា អង្គរវត្តជារបស់ថៃ។
លោក បូរ៉ា បានបន្ថែមថា ទស្សនិកជននៅទីនេះទទួលស្គាល់ថា ភាពយន្តបរទេសមានគុណភាពខ្ពស់ជាងភាពយន្តក្នុងស្រុក ដូច្នេះបន្ទុកនេះបានធ្លាក់លើរដ្ឋាភិបាលក្នុងការបង្កើតសាលាផលិតភាពយន្តនិងសាលាសរសេរអត្ថបទភាពយន្ត ដើម្បីបង្កើតភាពប៉ិនប្រសប់។
លោក ស៊ិន សុផាត នាយកនៅស្ថានីយទូរទស្សន៍ TV5 បានមានប្រសាសន៍ថា ទស្សនិកជនខ្មែរចង់បានផលិតកម្មមានគុណភាពយ៉ាងខ្លាំង ជាអ្វីដែលអ្នកផ្សាយពាណិជ្ជកម្មដឹងយ៉ាងច្បាស់។ ការតម្រូវឲ្យស្ថានីយទូរទស្សន៍នានាបញ្ចាំងភាពយន្តខ្មែរដែលមានគុណភាពអន់ នឹងធ្វើឲ្យក្រុមហ៊ុននានាបាត់បង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលគេប្រើដើម្បីផ្តល់ប្រាក់ដល់កម្មវិធីដែលខ្មែរផលិត។
លោកបានមានប្រសាសន៍ថា “ក្រសួងព័ត៌មានគួរដើរតួជាឱពុកម្តាយដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់តួសំដែង អ្នកនិពន្ធ និង អ្នកដឹកនាំរឿងនៅសាលាក្នុងប្រទេសកម្ពុជា”។
ឆ្លើយតបទៅនឹងការអធិប្បាយរបស់អ្នកចូលរួម លោក កាញារីទ្ធ បានមានប្រសាសន៍ថា លោកទទួលស្គាល់ថា ការបញ្ចាំងភាពយន្តបរទេសពិតជាកង្វល់មួយមែន ប៉ុន្តែលោកមានប្រសាសន៍ថា ការអន្តរាគមន៍របស់រដ្ឋាភិបាលមិនមែនជាដំណោះស្រាយចាំបាច់នោះទេ។
លោកមានប្រសាសន៍ថា “យើងមិនអាចហាមប្រាមភាពយន្តបរទេស ឬសូម្បីភាពយន្តថៃក៏ដោយ ពីព្រោះវានឹងមានរូបភាពអាក្រក់សម្រាប់យើង ហើយប្រសិនបើប្រទេសផ្សេងទៀតចាប់ផ្តើមហាមភាពយន្តរបស់យើង វានឹងប៉ះពាល់វិស័យភាពយន្តកម្ពុជា”។
លោក កាញារីទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពិចារណារកវីធីលើកទឹកចិត្តស្ថានីយទូរទស្សន៍ឲ្យបញ្ចាំងផលិតកម្មក្នុងស្រុកបន្ថែមទៀត ហើយលោកបានបន្តរំឭកក្រុមនេះថា ក្នុងឆ្នាំ១៩៩៤និង១៩៩៥ រដ្ឋាភិបាលបានព្យាយាមដាក់កម្រិតចំនួនភាពយន្តបរទេសដែលត្រូវបញ្ចាំង ប៉ុន្តែដឹងថា មិនមានភាពយន្តក្នុងស្រុកគ្រប់គ្រាន់សម្រាប់បញ្ចាំងតាមរោងទេ។
លោក កាញារីទ្ធ បានបន្ថែមថា “ដំបូងបំផុត យើងត្រូវពង្រឹងគុណភាពរបស់យើងដើម្បីឈានដល់ចំណុចមួយដែលយើងចង់បាន”។ លោកបានបន្ថែមថា “យើងមានគតិបណ្ឌិត ប៉ុន្តែពេលណាក្រពះយើងឃ្លាន វាមិនអាចធ្វើទៅរួចទេ”៕មានិត