ក្រុមអ្នកភូមិ និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា សកម្មជនបរិស្ថានប្រហែល៦០នាក់នៅក្នុងខេត្តកំពង់ធំបានឃាត់រថយន្តមួយគ្រឿង ដែលដឹកឈើជាង១០ម៉ែត្រគូបកាត់តាមព្រៃឡង់កាលពីយប់ថ្ងៃអាទិត្យ មុនពេលប្រគល់ឈើប្រភេទលេខ២ និងអ្នកជួញដូរដែលជាប់សង្ស័យទៅមន្ត្រីរដ្ឋបាលព្រៃឈើ។
លោក ស៊ឹម គឹមសន ដែលឃ្លាំមើលស្រុកសណ្ដាន់តាងនាមបណ្ដាញប្រជាពលរដ្ឋព្រៃឡង់ ជាក្រុមសកម្មជនដែលបូជាកម្លាំងកាយចិត្តការពារព្រៃឈើមិនឲ្យមានការកាប់ខុសច្បាប់បានមានប្រសាសន៍ថា ក្រុមនេះបានឃាត់រថយន្តនេះនៅក្នុងឃុំមានរិទ្ធិនៅម៉ោង៨យប់។
លោកបានមានប្រសាសន៍ថា “យើងបានសួរមនុស្សប្រាំនាក់នៅក្នុងរថយន្តនោះ ថាតើពួកគេដឹកឈើទៅណា ហើយពួកគេបាននិយាយថា ពួកគេដឹកឈើនេះទៅខេត្តកំពង់ចាម។ យើងបានទូរស័ព្ទទៅនាយខណ្ឌរដ្ឋបាលព្រៃឈើសណ្ដាន់ឲ្យមកយករថយន្តនេះនៅយប់ថ្ងៃដដែល”។
លោក ឈឹម សាខឿន នាយខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា លោកបានឃាត់រថយន្តនេះ ហើយបានរឹបអូសឈើមានឈើទាល និងឈើផ្ដៀកអារប្រវែង៦ទៅ៧ម៉ែត្រចំនួន១២ម៉ែត្រគូប ប៉ុន្តែបានលើកឡើងថា មានបុរសពីរនាក់ប៉ុណ្ណោះនៅក្នុងរថយន្តនៅពេលត្រូវបានឃាត់..គឺអ្នកបើកបរឈ្មោះ ម៉ាល ពឿន អាយុ៦២ឆ្នាំ និងកូនប្រុសរបស់គាត់ដែលលោកមិនស្គាល់ឈ្មោះ។
លោក សាខឿន បានមានប្រសាសន៍ថា បុរសទាំងពីរនាក់នេះត្រូវបានសាកសួរនៅការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើ ប៉ុន្តែបានដោះលែងវិញនៅយប់ដដែលនោះ ពីព្រោះលោក ពឿន អះអាងថា លោកត្រូវឡើងតុលាការនៅថ្ងៃបន្ទាប់ចំពោះករណីដាច់ដោយឡែកមួយទៀត។
លោកបានមានប្រសាសន៍ថា “តាមពិត យើងមិនត្រូវបណ្ដោយឲ្យពួកគេត្រឡប់ទៅផ្ទះវិញទេ ប៉ុន្តែពួកគេបានប្រាប់យើងថា [លោក ពឿន] នឹងឡើងតុលាការ ដូច្នេះយើងអនុញ្ញាតឲ្យពួកគេទៅ ពីព្រោះឥឡូវនេះយើងស្គាល់អត្តសញ្ញាណរបស់ពួកគេហើយ”។ លោក សាខឿន បានមានប្រសាសន៍ថា លោក ពឿន អះអាងថា គាត់ទទួលបានការអនុញ្ញាតឲ្យដឹកឈើនេះពីលោក អ៊ុច សំអន អភិបាលខេត្ត។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនបានឃើញលិខិតអនុញ្ញាតទេ ប៉ុន្តែចៅហ្វាយរបស់ខ្ញុំ [លោក ទេព យាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ] បានប្រាប់ខ្ញុំថា លោកអភិបាលខេត្តបានចុះហត្ថលេខាលើលិខិតអនុញ្ញាតឲ្យអ្នកបើកបររថយន្តរូបនេះដឹកឈើដើម្បីសាងសង់ផ្ទះ”។លោក សាខឿន បានបន្ថែមថា អ្នកទាំងពីរនឹងត្រូវកោះហៅឡើងវិញ ប្រសិនបើឈើដែលពួកគាត់ដឹកនេះត្រូវចាត់ថា ដោយមធ្យោបាយខុសច្បាប់។ គេមិនអាចទាក់ទងលោក អ៊ុច សំអន បានទេ៕ សារុន