កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីបុរសបីនាក់ពីបទសម្លាប់ពាណិជ្ជករជនជាតិចិនម្នាក់ដ៏ឃោរឃៅ ដែលត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃទី៣ ខែឧសភា នៅក្នុងរោងចក្រផលិតមួកតូចមួយ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។
សយ ហួង អាយុ២៣ឆ្នាំ បានសារភាពនៅក្នុងតុលាការថា ខ្លួនបានជាប់ពាក់ព័ន្ធនៅក្នុងការសម្លាប់អ្នកស្រី លី សាង អាយុ៤៣ឆ្នាំនេះមែន ប៉ុន្តែបាននិយាយថា ចុងចោទពីរនាក់ទៀតគឺ សយ សុភា អាយុ២១ឆ្នាំ និង យឹម វន្ថា អាយុ៣៨ឆ្នាំ ដែលកំពុងរត់គេចខ្លួននៅឡើយនោះ ជាអ្នកសម្លាប់។
សយ ហួង បាននិយាយថា ” ខ្ញុំមិនមែនជាឃាតករទេ។ ខ្ញុំបានឈរនៅខាងក្រៅអគារ ហើយបានឃើញសកម្មភាពទាំងអស់។ ខ្ញុំបានឃើញពួកគេវាយស្ត្រីម្នាក់។ ខ្ញុំមិនបានចូលទៅក្នុងទេ”។
សយ ហួង បាននិយាយថា ខ្លួនបានចូលរួមជាមួយបុរសពីរនាក់ទៀត ពីព្រោះ សុភា ដែលត្រូវបានបណ្ដេញចេញពីរោងចក្រថ្មីៗនោះបានជំពាក់លុយខ្លួន ដែលខ្លួនសង្ឃឹមថា នឹងបានលុយមកវិញ។
សយ ហួង បាននិយាយពីឈ្មោះ សុភា ដែលសំដៅដល់ឈ្មោះ ភា នៅក្នុងសវនាការកាលពីម្សិលមិញថា ” ខ្ញុំសង្ឃឹមថា គាត់នឹងសងលុយខ្ញុំវិញ បន្ទាប់ពីទទួលបានលុុយពីថៅកែរបស់ខ្លួន”។
យោងតាមរបាយការណ៍នគរបាលដែលបានអាននៅក្នុងតុលាការបានឲ្យដឹងថា សុភា បានសម្រេចចូលទៅក្នុងរោងចក្រស្ថិតនៅក្នុងសង្កាត់ចោមចៅនេះ បន្ទាប់ពីអ្នកស្រី លី សាង បានបណ្ដេញគាត់ចេញដោយសំអាងថា គាត់បានលួចលុយពីតុនៅរោងចក្រេនះចំនួន១០៧ដុល្លារ។
សយ ហួង បាននិយាយថា សុភា ចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដើម្បីរៀបគម្រោងសងសឹករបស់ខ្លួន។ បុរសរូបនេះបាននិយាយថា ” អ្នកស្រី លី សាង បានបណ្ដេញគាត់ចេញនៅម៉ោងប្រហែល១រសៀល ហើយយើងបានចូលទៅក្នុងផ្ទះរបស់គាត់នៅម៉ោង៦និង២០នាទីល្ងាច”។ ជននេះបានបន្ថែមថា ចុងចោទទី៣ឈ្មោះ វន្ថា គឺជាអ្នកទី១ដែលបានវាយអ្នកស្រី លី សាង ពេលចូលទៅក្នុងអគារ។
សយ ហួង បាននិយាយថា ” ស្ត្រីរូបនេះកំពុងអង្គុយសរសេរនៅតុរបស់គាត់ ហើយ វន្ថា បានរុញគាត់ផ្ដួលទៅលើកម្រាល”។ ជននេះបានបន្ថែមថា បន្ទាប់មក វន្ថា បានយកដំបងឆក់ឆក់ជនរងគ្រោះ និងយកកន្ត្រៃចាក់។
បុរសរូបនេះបាននិយាយថា ” វន្ថា បានខ្ទប់មាត់ស្ត្រីរូបនេះ ហើយបន្ទាប់មកបានឆក់ និងចាក់គាត់។ ភា បានយកកំាបិតមកអារកគាត់តែម្ដង”។
សយ ហួង បាននិយាយថា ប៉ុន្មាននាទីក្រោយមកខ្លួនបានចូលជួយរំកិលសពអ្នកស្រី លី សាង ហើយបានចាក់សោទ្វារ។ ជននេះបាននិយាយថា ជំនួសឲ្យលុយដែលខ្លួនមាន ខ្លួនទទួលបានកុំព្យូទ័រយូរដៃមួយគ្រឿងពីរោងចក្រ ដែលយកទៅលក់បានប្រាក់២៤០ដុល្លារ។
កាលពីម្សិលមិញ លោក វ៉ា សក្កដា ព្រះរាជអាជ្ញារងបានផ្តល់យោបល់ឲ្យធ្វើការចោទប្រកាន់ សយ ហួង និងសហចុងចោទរបស់ជននេះពីបទមនុស្សឃាតដោយគិតទុកជាមុន ហើយផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោក តុប ឈុន ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែធ្នូ៕ សារុន