អ្នកភូមិជនជាតិដើមភាគតិចកួយជិត២៤គ្រួសារ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តព្រះវិហារកាលពីម្សិលមិញ ចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅដែលកាន់កាប់ដោយជនជាតិចិនថា បានរានដីស្រែ និងកាប់ដើមជ័រទឹករបស់ពួកគាត់កាលពីសប្ដាហ៍មុន។
អ្នកភូមិជនជាតិដើមភាគតិចទាំងនោះស្ថិតក្នុងចំណោមអ្នកភូមិ៣៦៧នាក់ ក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Lan Feng ចាប់តាំងពីឆ្នាំ២០១២មក ជាឆ្នាំបន្ទាប់ពីក្រុមហ៊ុននេះទទួលបានដីសម្បទានទំហំប្រហែល៩.០០០ហិកតា ដែលសហគមន៍លើកឡើងថា ជាដីដែលពួកគាត់បានធ្វើស្រែចម្ការច្រើនជំនាន់មកហើយ។
វិវាទនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែធ្នូ នៅពេលអ្នកភូមិជនជាតិដើមភាគតិចកួយប្រហែល៤០០នាក់បានចាប់ត្រាក់ទ័រពីរគ្រឿងទុក និងឃាត់ខ្លួនអ្នកបើកបរមួយយប់។
លោក អ៊ុក ពឿន ដែលគ្រួសាររបស់គាត់បានដាក់ពាក្យបណ្ដឹងដែលបានលើកឡើងថា “នៅក្នុងពាក្យបណ្ដឹង អ្នកភូមិបានទាមទារឲ្យក្រុមហ៊ុន Lan Feng ផ្ដល់សំណងចំនួន៥.០០០ដុល្លារដល់អ្នកភូមិក្នុងមួយគ្រួសារៗក្នុងចំណោមអ្នកភូមិ២៣គ្រួសារ ពីព្រោះពួកគេបានរានដីស្រែចម្ការរបស់ពួកគាត់ និងបានកាប់ដើមជ័រទឹកនៅក្នុងព្រៃសហគមន៍រយៈពេលបីថ្ងៃ គឺថ្ងៃទី២៩ ៣០ និង៣១ ខែធ្នូ”។
លោក ពឿន បានបន្ថែមថា ពាក្យបណ្ដឹងនោះក៏ស្នើឲ្យតុលាការដកសម្បទានដីពីក្រុមហ៊ុននេះវិញផងដែរ។ លោកបាននិយាយថា ” យើងចាប់ត្រាក់ទ័រពីរគ្រឿងទុកនៅសាលាឃុំ ហើយយើងបានព្រមព្រៀងគ្នាថា នឹងមិនប្រគល់ឲ្យក្រុមហ៊ុនវិញឡើយ លុះណាតែអាជ្ញាធរដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន Lan Feng ”។
លោក ឃុត សុភាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានទទួលពាក្យបណ្ដឹងពីគ្រួសារអ្នកភូមិជនជាតិដើមភាគតិចកួយទេ៕ សារុន