កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នរដ្ឋនានាជួយបញ្ចុះតម្លៃអគ្គិសនីដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ហើយស្នើឡើងនូវគម្រោងមួយដើម្បីទប់ស្កាត់ម្ចាស់ផ្ទះកុំឲ្យកិបកេងពីកម្មករដោយតអគ្គិសនីទៅឲ្យអ្នកជួលបន្ទប់ដោយផ្ទាល់តែម្តង។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម កម្លាំង៣៣៨មេហ្គាវ៉ាត់នៅក្នុងខេត្តកោះកុងកាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា(EdC)គ្រប់គ្រងដោយរដ្ឋ ក្រសួងរ៉ែ និងថាមពលនិងសាលារាជធានីភ្នំពេញឲ្យធ្វើការរួមគ្នាដើម្បីធានាឲ្យបានថា ម្ចាស់ផ្ទះនឹងមិនយកថ្លៃភ្លើងខ្ពស់ពីកម្មករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រសិនបើម្ចាស់ផ្ទះផ្គត់ផ្គង់ភ្លើងដោយសម្ងាត់ ហើយយកថ្លៃខុសពីអ្វីដែលពួកគេបង់មកឲ្យយើង យើងនឹងចាប់ផ្តើមតអគ្គិសនីទៅឲ្យកម្មករប្រើដោយផ្ទាល់តែម្តង”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា យោងតាមគម្រោងរបស់លោក កម្មករណាដែលប្រើតិចជាង៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែនឹងត្រូវបង់ត្រឹមតែ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ប្រសិនបើពួកគាត់ប្រើត្រឹមតែអំពូលពីរ និងកង្ហារមួយ អគ្គិសនីដែលពួកគាត់ប្រើប្រាស់នឹងមិនលើសពី៥០គីឡូវ៉ាត់ម៉ោងឡើយ”។
លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា តើកម្មករណាដែលលោកបានសំដៅទៅលើឲ្យពិតប្រាកដនោះទេ ប៉ុន្តែ លោកបានផ្តោតលើកម្មករដែលរស់នៅដោយជួលបន្ទប់គេ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា កម្មករប្រហែល១៥០.០០០នាក់មកពីបណ្តាខេត្តនានាសព្វថ្ងៃកំពុងជួលបន្ទប់ប្រហែល៣០.០០០បន្ទប់នៅក្នុងរាជធានីភ្នំពេញដោយពួកគាត់បានបង់ថ្លៃភ្លើងចន្លោះពី៨៥០រៀលដល់២.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។តម្លៃភ្លើងដែលរដ្ឋបានកំណត់គឺចាប់ពី៦១០រៀលដល់៨២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោកមិនបានពន្យល់ថា តើពេលណាគម្រោងនេះនឹងចាប់ផ្តើមឡើយ ប៉ុន្តែ ថាគម្រោងនេះក៏នឹងទៅដល់បណ្តាខេត្តនានាផងដែរ។ លោកបានមានប្រសាសន៍ថា “ក្រៅពីរាជធានីភ្នំពេញ គម្រោងនេះនឹងទៅដល់បណ្តាខេត្តនានាដែលអគ្គិសនីត្រូវបានផ្គត់ផ្គង់ដោយរដ្ឋ និងដែលក៏មានបន្ទប់ជួលដែរនោះ”។
គេមិនអាចទាក់ទងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយ។
តែទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតដើមអម្ពិលដែលចេញផ្សាយកាលពីម្សិលមិញ លោក កែវ រតនៈ បានលើកឡើងថា អគ្គិសនីកម្ពុជាមានគម្រោងចំណាយប្រាក់ចំនួន២លានដុល្លារ ដើម្បីតអគ្គិសនីតាមបន្ទប់ជួលនីមួយទូទាំងរាជធានីភ្នំពេញដោយប្រើខ្សែភ្លើងប្រមាណ៤០.០០០ម៉ែត្រ។ លោកមិនបានប្រាប់ថា ពេលណាការងារនេះនឹងចាប់ផ្តើមឡើយ។
លោកបានប្រាប់កាសែតនេះថា “ទោះបីជា [លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ] ស្នើឲ្យយើងធ្វើក្នុងពេលឥឡូវនេះក៏ដោយ តែយើងត្រូវការពេលវេលាច្រើនដើម្បីទិញខ្សែភ្លើង និងខ្សែកាប”។
អ្នកខ្លះបានចោទសួរអំពីលទ្ធផលនៃគម្រោងនេះ។ បន្ទប់ជួលជាច្រើននៅក្នុងរាជធានីសុទ្ធតែត្រូវបានជួលដោយកម្មករកាត់ដេរក្បែររោងចក្រ ដែលពួកគាត់ធ្វើការ។ លោក អាត់ ធន់ ដែលដឹកនាំសហជីពឯករាជ្យធំបំផុតនៅកម្ពុជាបានលើកឡើងថា កម្មករភាគច្រើនខ្វះឯកសារដែលរដ្ឋតម្រូវឲ្យមានដើម្បីអាចតអគ្គិសនីបាន ព្រោះថា ពួកគាត់ម្តងរើទៅនេះម្តងរើទៅនោះ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រនៅកម្ពុជា ដែលតំណាងឲ្យរោងចក្រនានាបានយល់ស្របថា ការដំឡើងថ្លៃអគ្គិសនីគឺជារឿងប្រឈមសម្រាប់កម្មករ ប៉ុន្តែ លោកសង្ស័យថា ម្ចាស់ផ្ទះនឹងមិនព្រមឲ្យរដ្ឋាភិបាលតភ្លើងដោយផ្ទាល់ចូលតាមបន្ទប់នីមួយៗឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងឡើយថា តើវាអាចទៅរួច ឬក៏អត់នោះ”៕ស៊ុយឈាង