The Cambodia Daily Khmer

ទោះជា​មាន​ការ​បង្ហាញ​កងកម្លាំង ការ​ចុះ​ពិនិត្យ​វត្ត​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងប់ស្ងាត់

អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង កាលពី​ថ្ងៃ​អង្គារ​បាន​បង្វែរ​ទិសដៅ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​របស់​សាលា​ក្រុង​ដែល​ថា ខ្លួន​នឹង​ចុះ​អង្កេត​វត្ត​សាមគ្គី​រង្សី ទាក់ទិន​នឹង​ឥរិយាបទ​ប្រឆាំង​រដ្ឋាភិបាល និង​បំណង​អបគមន៍ ជា​ការ​អធិប្បាយ​ដែល​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ក្នុង​ចំណោម​ព្រះសង្ឃ ដែល​ថា​វត្ត​មាន​ចិត្ត​គំនិត​ឯករាជ្យ​នេះ​នឹង​ត្រូវ​គេ​បិទ​នោះ។

អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង (កណ្តាល)​ ចុះ​ពិនិត្យ​វត្ត​សាមគ្គី​រង្សីកាលពី​ម្សិល​មិញ​។ ស៊ីវ​ ចាន់ណា
អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង (កណ្តាល)​ ចុះ​ពិនិត្យ​វត្ត​សាមគ្គី​រង្សីកាលពី​ម្សិល​មិញ​។ ស៊ីវ​ ចាន់ណា

ក្នុង​ការ​ចុះ​ពិនិត្យ​វត្ត​នេះ​ជាមួយ​នឹង​ប៉ូលិស​និង​កម្លាំង​រាជ​អាវុធហត្ថ​ជាង​៥០​នាក់​កាលពី​រសៀល​ថ្ងៃ​អង្គារ លោក ឃួង ស្រេង បាន​ប្រាប់​ព្រះសង្ឃ​ថា វត្ត​សាមគ្គី​រង្សី ចាំបាច់​ត្រូវ​មាន​ការ​សម្រេច​យល់​ព្រម​ពី​ក្រសួង​ធម្មការ​និង​សាសនា មុន​ពេល​វត្ត​នេះ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ទាំង​ស្រុង។ ប៉ុន្តែ​លោក​បាន​ចាកចេញ​ដោយ​គ្មាន​ការ​គំរាម​ជាក់លាក់​ថា​នឹង​បិទ​វត្ត ឬ​ទប់ស្កាត់​សកម្មភាព​ខុស​ពីគេ​របស់​វត្ត​នេះ​ឡើយ។

លោក​បាន​ប្រាប់​ព្រះ​ចៅ​អធិការ​ស្តីទី​វត្ត​​​សាមគ្គី​​​រង្សី​​ ថាច់ ហាសំអាង ថា “ខ្ញុំ​ករុណា​ចង់​ឲ្យ​វត្ត​អនុវត្ត​តាម​ច្បាប់។ ព្រះតេជគុណ​កុំ​ព្យាយាម​លាក់​បាំង​អ្វីៗ​ពី​ខ្ញុំ​ករុណា។ ខ្ញុំ​ករុណា​ដឹង​គ្រប់​យ៉ាង​ដែល​ព្រះតេជគុណ​ធ្វើ។ ពេល​ដែល​ព្រះតេជគុណ​ធ្វើ​ដូចនេះ ខ្ញុំ​ករុណា​មិន​សប្បាយ​ចិត្ត​ទេ”។

វត្ត​សាមគ្គីរង្សី ជា​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​ពីរ​បី​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិន​គោរព​តាម​ឋានានុក្រម​ព្រះពុទ្ធសាសនា ដោយ​ហ៊ាន​និយាយ​អំពី​បញ្ហា​រសើប​ទាក់ទង​នយោបាយ។ កាលពី​ឆ្នាំ​មុន វត្ត​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ខឹង​សម្បា ដោយសារតែ​ផ្តល់​ជម្រក​ដល់​អ្នក​ភូមិ​ក្រៅក្រុង​ដែល​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ​ប្រឆាំង​ក្រុមហ៊ុន​ឯកជន​ជាច្រើន ដែល​ពួកគាត់​ចោទ​ថា​បាន​លួច​ប្លន់​ដីធ្លី​របស់​ពួកគាត់។

កាលពី​ខែ​មុន សាលាក្រុង​បាន​និយាយ​ថា ខ្លួន​នឹង​ចុះ​ស៊ើប​អង្កេត​វត្ត​នេះ​ទាក់​ទិន​នឹង​ការ​ចាក់​សម្លាប់​ព្រះសង្ឃ​មួយ​អង្គ និង​”សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល”​មួយ​ចំនួន​ទៀត។ ក្នុង​បទ​សម្ភាស​ជា​បន្ត​បន្ទាប់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង លោក ឡុង ឌីម៉ង់ បាន​លើក​ឡើង​ថា កង្វះ​ការ​សហការ​របស់​វត្ត​នេះ​ជាមួយ​អាជ្ញាធរ គឺ​ “ដូចជា​អបគមន៍​មួយ” អ៊ីចឹង។

ទោះជា​យ៉ាង​ណា ក្នុង​ពេល​ចុះ​ពិនិត្យ​មាន​ការ​បង្ហាញ​កម្លាំង​កាលពី​ថ្ងៃ​អង្គារ អភិបាល​រង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ក្រុង​គ្រាន់តែ​យកចិត្ត​ទុកដាក់​នឹង​រឿង​ឃាតកម្ម ដែល​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​រួចហើយ និង​ថាតើ​វត្ត​នេះ​មាន​ការ​ទទួល​ស្គាល់​ពេញលេញ​ហើយ​ឬ​នៅ គ្មាន​អ្វី​ផ្សេង​នោះ​ទេ។

លោក ស្រេង បាន​និយាយ​ថា “បន្ទាប់ពី​ការ​ជូន​ដំណឹង​[អំពី​ការ​ស៊ើប​អង្កេត] មាន​ការ​លើក​ឡើង​ផ្ទុយ​គ្នា​ក្នុង​ព័ត៌មាន​រវាង​ព្រះសង្ឃ អ្នក​គាំទ្រ​និង​សាលា​ក្រុង ប៉ុន្តែ​ទាំង​អស់​នេះ​ជា​ការ​យល់​ច្រឡំ​ទាំង​អស់។ បញ្ហា​នេះ​ត្រូវ​បាន​គេបំផ្លើស​ដោយសារតែ​អ្នក​នយោបាយ​និង​ជន​ជ្រុល​និយម…។ មិន​ដូច​ប្រជាជន​និយាយ​ ដែល​ថា​សាលា​ក្រុង​នឹង​មក​បំផ្លាញ​វត្ត​សាមគ្គី​រង្សី​នោះ​ទេ។ មិន​ពិត​ឡើយ”។

លោក​បាន​និយាយ​ថា ការ​និយាយ​ថា​អបគមន៍​ជាច្រើន​លើក​ដោយ​អ្នក​នាំ​ពាក្យ​សាលា​ក្រុង ក៏​ត្រូវ​បាន​បំប៉ោង​មិន​សម​ដែរ។

លោក​បាន​និយាយ​ថា “ប្រហែលជា​យល់​ច្រឡំ។ [លោក ឌីម៉ង់] បាន​និយាយ​ថា ‘ដូច​អបគមន៍’ មិន​មែន​ថា​អបគមន៍​ទេ។ ពាក្យ​ខ្មែរ​សម្បូរ​ណាស់ ពីព្រោះ​មាន​៣៣​ព្យញ្ជនៈ​និង​ស្រៈ​ជាច្រើន ដូច្នេះ​ស្តាប់…។ លោក​បាន​និយាយ​ថា ‘សឹងតែ​ដូច’។ នេះ​មិន​មែន​ជា​បញ្ហា​ឡើយ”។

អ្នក​កាសែត​បាន​ព្យាយាម​សួរ​លោក ឌីម៉ង់ ដែល​បាន​អម​ដំណើរ​លោក ស្រេង ទៅ​វត្ត ដើម្បី​សុំ​បំភ្លឺ​សម្តី​របស់​លោក​​​​​ខ្លួន​ឯង។ ប៉ុន្តែ​លោក​អភិបាល​រងបាន​​​ឃាត់​អ្នក​នាំពាក្យ​រូប​នេះ​មិន​ឲ្យ​និយាយ។ លោក ឃួង ស្រេង បាន​និយាយ​ថា “ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​គាត់​និយាយ​ទេ”។

ដើម្បី​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ លោក ឃួង ស្រេង បាន​និយាយ​ថា ដំបូង​វត្ត​ត្រូវ​មាន​ត្រា​ផ្លូវការ​មួយ​ពី​ក្រសួង​មហាផ្ទៃ មុន​ពេល​ទៅ​ក្រសួង​ធម្មការ​និង​សាសនា។ លោក​បាន​និយាយ​ថា ប៉ុន្តែ​ដើម្បី​បាន​ត្រា​នេះ វត្ត​ចាំបាច់​ត្រូវ​បញ្ជាក់​ថា វត្ត​ជា​ម្ចាស់​ដី​ដែល​វត្ត​តាំង​នៅ។

ព្រះ​តេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ​ស្តីទី បាន​មាន​សង្ឃដីកា​ថា ប័ណ្ណ​កម្មសិទ្ធិ​ដើម​បាន​បាត់បង់​ក្នុង​អគ្គិភ័យ ហើយ​បាន​សុំ​លោក​អភិបាល​រង​ឲ្យ​​​ជួយ​ដើម្បី​បាន​ប័ណ្ណ​ថ្មី។ លោក ស្រេង បាន​និយាយ​ថា លោក​នឹង​ព្យាយាម​ជួយ ប៉ុន្តែ​បាន​បន្ថែម​ថា មុខ​ជា​លំបាក​​​ហើយ។

បន្ទាប់ពី​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​​​នៅ​​​ក្នុង​​​វត្ត លោក ស្រេង បាន​ចាក​ចេញ​ពី​វត្ត​សាមគ្គី​រង្សី ដោយ​​​មាន​​​ការ​​​ច្រៀង​​​អបអរ​​​ពី​​​សំណាក់​​​ព្រះសង្ឃ​​​និង​​​អ្នកគាំទ្រ ដែល​​​មាន​​​ចិត្តត្រេកអរ ដែល​​​ថាវត្តនេះ​​​មិន​​​ត្រូវ​​​បាន​​​គេ​​​បិទ​​​ទ្វារ។

ប៉ុន្តែ​​​មិន​​​មាន​​​ព្រះសង្ឃ​​​ទាំងអស់​​​ទេ​​​ដែល​​​ជឿជាក់​​​ការ​​​អះអាង​​​របស់​​​អភិបាល​​​​​​​​​ក្រុង​រង​​រូប​​​នេះ ដែល​​​ថា​​​សាលា​​​ក្រុង​​​ចាប់អារម្មណ៍​​​តែ​​​ទៅលើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​លិខិត​​​ស្នាម​​​របស់​​​វត្ត និង​​​ករណី​​​ឃាតកម្ម​​​នៅ​​​ពេល​​​ថ្មីៗ​​​នេះ​​​ទេ។

ព្រះសង្ឃ​​​អង្គ​​​ខ្លះ​​​ចង្អុល​​​បង្ហាញ​​​ថា ឃាតកម្ម​​​ចំពោះ​​​ព្រះសង្ឃ​​​នៅ​​​វត្ត​​​ផ្សេងទៀត​​​ពុំ​​​មាន​​​ការ​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​បែប​​​នេះ​​​ទេ។

ក្នុង​​​អំឡុង​​​ពេល​​​ធ្វើ​​​ទស្សនកិច្ច​​​របស់​​​អភិបាលក្រុង​​​រង​​​​​​រូប​​​នេះ បុគ្គលិក​​​របស់​​​លោក​​​បាន​​​កត់ត្រា​​​ឈ្មោះ​​​និង​​​អាយុ​​​របស់​​​ព្រះសង្ឃ​​​​​​ដែល​​​ស្នាក់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី។ មន្ត្រី​​​ទាំង​​​នោះ​​​បាន​​​ណែនាំ​​​វត្ត​​​ឲ្យជូន​​​ដំណឹង​​​ដល់​​​មន្ត្រី​​​សង្កាត់​​​នៅ​​​រាល់​​​ពេល​​​ដែល​​​ព្រះសង្ឃ​​​ចំណូល​​​ថ្មី​​​ចូល​​​មក​​​ស្នាក់​​​នៅ​​​ទី​​​នោះ។

ព្រះតេជគុណ ថាច់ ថាវរី ប្រធាន​​​រដ្ឋបាល​​​វត្ត​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ការ​​​ដាក់​​​កម្លាំង​​​ប៉ូលិស​​​ប៉េអឹម​​​ច្រើន​​​គឺ​​​ពិតជា​​​ចង់​​​គំរាម​​​កំហែង​​​ព្រះសង្ឃ​​​ឲ្យ​​​ឈប់​​​បន្ត​​​សកម្មភាព​​​សកម្ម​​​របស់​​​ព្រះសង្ឃ។

ព្រះតេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “យើង​​​អាច​​​ឃើញ​​​ថា គេ​​​ចង់​​​បង្ហាញ​​​សាច់​​​ដុំ​​​និង​​​គំរាម​​​យើង​​​។ អ្វី​​​ដែល​​​គាត់​​​និយាយ​​​ខុស​​​គ្នា​​​ពី​​​អ្វី​​​ដែល​​​គាត់​​​ធ្វើ… ប៉ុន្តែ​​​យើង​​​នឹង​​​បន្ត​​​តវ៉ា​​​ដើម្បី​​​យុត្តិធម៌​​​សង្គម និង​​​គាំទ្រ​​​អ្នកភូមិ ពីព្រោះ​​​ជាសិទ្ធិ​​​របស់​​​យើង”៕ មានិត

 

Exit mobile version