កាលពីម្សិលមិញ សាលាដំបូងខេត្តកំពងស្ពឺបានសាកសួរបុរសម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតាមចោទពីបទគំរាមទារប្រាក់ពីអ្នកកាប់ឈើដែលដឹកឈើតាមផ្លូវតូចមួយក្នុងស្រុកឱរ៉ាល់។
លោកតាមលោក ស្វាយ យឿន នាយរងការិយាល័យនគរបាលយុត្តិធម៌ខេត្តបានឲ្យដឹងថា លោក ជឹម ម៉េង អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០ព្រឹកថ្ងៃអង្គារនៅប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់មួយតាមផ្លូវក្នុងឃុំតាសាល់។
លោក យឿន បានមានប្រសាសន៍ថា អ្នកកាប់ឈើនៅក្នុងតំបន់នេះបានត្អូញត្អែរអំពីលោក ម៉េង ប្រាប់នគរបាលឃុំ ដែលបន្ទាប់មកបានជូនដំណឹងទៅមន្ត្រីខេត្ត។
លោក យឿន បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនគាត់ ពីព្រោះគាត់ពាក់ព័ន្ធនឹងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ដើម្បីគំរាមទារប្រាក់ពីកាប់អ្នកឈើក្នុងមូលដ្ឋាន”។
លោកបានបន្ថែមថា លោក ម៉េង ស្លៀកពាក់ឯកសណ្ឋានកងយោពលខេមរភូមិន្ទនៅពេលការចាប់ខ្លួនលោក ហើយបានអះអាងថា ជាមន្ត្រីយោធា។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីការចាប់ខ្លួន យើងដកហូតកាំភ្លើងអាកាមួយដើម និងគ្រាប់៧៤គ្រាប់នៅប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់របស់គាត់”។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា តុលាការមិនទាន់បានចោទប្រកាន់លោក ម៉េង ពីបទឧក្រិដ្ឋណាមួយនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងកំពុងសាកសួរគាត់នៅតុលាការនៅឡើយ ហើយបានសម្រេចមិនធ្វើការចោទប្រកាន់គាត់ទេនៅថ្ងៃនេះ”៕សារុន