ក្រុមអ្នកភូមិនៅតំបន់ជ្រលងអារ៉ែង ខេត្តកោះកុង ជាកន្លែងនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលជំទាស់ដោយអ្នកភូមិជនជាតិដើមភាគតិចក្នុងមូលដ្ឋាននោះ បានលើកឡើងថា នគរបាលបានលុបរូបថត និងរូបភាពវីដេអូស្តីពីការចុះទៅពិនិត្យមើលរបស់លោក អយ ខន សមាជិកសភាគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃសុក្រ ដើម្បីលើកកម្ពស់ផលប្រយោជន៍របស់គម្រោងនេះ។
ប្រសិនបើត្រូវបានអនុម័ត ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងនឹងជន់លិចផ្ទៃដីទំហំ១០.០០០ហិកតានៃជ្រលងនេះ បង្ខំឲ្យអ្នកភូមិជនជាតិដើមភាគតិចជងជាង៣០០គ្រួសារ ចាកចេញពីដីដូនតារបស់ខ្លួន និងបំផ្លាញជម្រកសត្វដែលរងការគំរាមកំហែង និងជិតផុតពូជប្រហែល៣០ប្រភេទ។
រដ្ឋាភិបាលលើកឡើងថា ខ្លួននឹងមិនអនុម័តគម្រោងនេះមុនឆ្នាំ២០១៨ទេ ហើយនឹងអនុម័តប្រសិនបើបានបញ្ចប់ការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់ ប៉ុន្តែក្រុមមន្ត្រីទាំងនោះបានចាប់ផ្ដើមបញ្ចុះបញ្ចូលអ្នកភូមិឲ្យគាំទ្ររួចហើយ។
លោក ហឹង ពៅ អ្នកភូមិជនជាតិដើមភាគតិចជងបាននិយាយថា លោក អយ ខន តំណាងរាស្ត្រមណ្ឌលកោះកុងបានចុះទៅមើលតំបន់ជ្រលងនេះកាលពីថ្ងៃសុក្រជាមួយទាហាន នគរបាល និងកងរាជអាវុធហត្ថប្រហែល២០នាក់។
ប៉ុន្តែនៅពេលលោក អយ ខន ឡើងនិយាយនោះ សមាជិកសភារូបនេះបានបញ្ជាឲ្យកម្លាំងសន្តិសុខរបស់លោកដកយកទូរស័ព្ទរបស់លោក ហឹង ពៅ រួមទាំងទូរស័ព្ទនិងកាមេរា៉របស់មនុស្សបួននាក់ទៀត។
លោកបាននិយាយថា ទូរស័ព្ទ និងកាមេរ៉ានោះត្រូវបានប្រគល់ឲ្យវិញបន្ទាប់ពីរូបថត និងរូបភាពវីដេអូនៃការប្រជុំនោះត្រូវបានលុបចោល។
លោក ហឹង ពៅ ជាសមាជិកម្នាក់របស់អង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាល ដែលជំទាស់ទៅនឹងគម្រោងនេះបាននិយាយថា “ខ្ញុំមានវត្តមាននៅវេទិកានោះ នៅពេលនោះលោកបានបញ្ជាឲ្យនគរបាលដកហូតទូរស័ព្ទដៃប្រាំគ្រឿង”។
លោកបានបន្ថែមថា “អ្វីដែលលោក អយ ខន បានលើកឡើងនោះ គឺលម្អៀង ពីព្រោះលោកបានពន្យល់ថា ប្រសិនបើការសាងសង់ទំនប់វារីអគ្គិសនីនេះត្រូវបានអនុញ្ញាត នឹងមានផលប្រយោជន៍ជាច្រើនដូចជា ថាមពលអគ្គិសនី ទឹកស្អាត និងត្រីកាន់តែច្រើន។ ប៉ុន្តែតើត្រីទាំងនោះមកពីណា ប្រសិនបើទំនប់នេះត្រូវបានសាងសង់នោះ?”។
លោក គឹម រី សមាជិកអង្គការមាតាធម្មជាតិបាននិយាយថា លោកត្រូវបានដកហូតយកទូរស័ព្ទដែរ ហើយត្រូវបានប្រគល់ឲ្យវិញនៅពេលរូបថតដែលលោកថតពីព្រឹត្តិការណ៍នោះត្រូវបានលុបចោល។
លោកបាននិយាយថា “លោក អយ ខន បានពន្យល់ថា រូបថតរបស់គាត់នឹងត្រូវប្រើប្រាស់តំណាងមិនត្រឹមត្រូវពីអ្វីដែលបានកើតឡើង ហើយថា ប្រជាជននឹងនិយាយពីបញ្ហាបញ្ហានោះជាដើម បន្ទាប់ពីពួកគេបានឮសំឡេងរបស់គាត់។ ខ្ញុំគិតថា សិទ្ធិរបស់ប្រជាជនត្រូវបានរំលោភ។
ទាំងលោក អយ ខន និងមន្ត្រីស្រុកថ្មបាំងមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នោះទេ ពីព្រោះលោកមិនមានវត្តមាននៅទីនោះ ហើយមិនដឹងអំពីអ្វីដែលបានកើតឡើងឡើយ។
កាលពីខែមុន រដ្ឋាភិបាលបាននិរទេសលោក អាឡិច ហ្គន់ហ្សាឡេស ដាវីតសុន សហស្ថាបនិកអង្គការមាតាធម្មជាតិ បន្ទាប់ពីបានបដិសេធមិនបន្តទិដ្ឋាការដល់ជនជាតិអេស្បា៉ញរូបនេះ។
រដ្ឋាភិបាលបានលើកឡើងថា ខ្លួនមិនបន្តទិដ្ឋាការដោយសារតែការបិទផ្លូវខុសច្បាប់របស់សកម្មជននិយាយឥតសំចៃរូបនេះទៅកាន់ជ្រលងអារ៉ែង ដោយសង្ឃឹមថា នឹងរារាំងក្រុមហ៊ុនចិន Sinohydro Resources ដែលជួយសាងសង់ទំនប់វារីអគ្គិសនីនេះ។ លោក ហ្គន់ហ្សាឡេស ដាវីតសុន និងអ្នកគាំទ្ររបស់លោកលើកឡើងថា រដ្ឋាភិបាលចង់ឲ្យគាត់ចាកចេញ ដើម្បីដំណើរការគម្រោងនេះ៕ សារុន