ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលកាលពីថ្ងៃច័ន្ទបានចាប់ខ្លួនបុរស៧នាក់ពីបទកាប់ឈើខុសច្បាប់ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែ មេឃុំ និងអ្នកអភិរក្សម្នាក់បានលើកឡើងថា ការចាប់ខ្លួនបុរសទាំងនេះដែលប្រើកាំបិតផ្គាក់ នោះ ត្រូវបានគេប្រើដើម្បីបង្វែរការចាប់អារម្មណ៍ពីការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំដែលកើតក្នុងបរិវេណទំនប់វារីអគ្គិសនីសេសានក្រោម២ដែលកំពុងសាងសង់ប៉ុណ្ណោះ។
លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែគរ-ក្បាលរមាស បានមានប្រសាសន៍ថា បុរសទាំងប្រាំពីរនាក់នេះត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទនៅក្បែរព្រំប្រទល់ឃុំពីរ។
លោក ទិត្យ វី បានមានប្រសាសន៍ថា “ខ្ញុំអាចបញ្ជាក់ថា យើងបានចាប់ខ្លួនមនុស្សប្រាំពីរនាក់កាលពីព្រឹកម្សិលមិញ ពីព្រោះពួកគេបានរានដីព្រៃរបស់រដ្ឋដោយគ្មានការអនុញ្ញាត”។
លោកបានបន្ថែមថា បុរសទាំងនេះមានគម្រោងរានដីទំហំ៥ហិកតា ប៉ុន្តែ លោកបានបដិសេធមិនពន្យល់ថា តើលោកដឹងព័ត៌មាននេះដោយរបៀបណានោះឡើយ។
លោកបានមានប្រសាសន៍ដោយបដិសេធមិនចេញឈ្មោះបុរសទាំងប្រាំពីរនាក់នេះថា “យើងកំពុងសាកសួរពួកគេនៅការិយាល័យរបស់ខ្ញុំ”។
លោក ឡូត ម៉ារ៉ាន់ នាយប៉ុស្តិ៍ឃុំក្បាលរមាសបានបញ្ជាក់ពីការចាប់ខ្លួននេះ ប៉ុន្តែ លោកក៏បានបដិសេធមិនប្រាប់ឈ្មោះជនទាំងនេះដែរ។
លោកបានមានប្រសាសន៍ថា “មន្ត្រីរដ្ឋបាលព្រៃឈើបានសុំឲ្យមន្ត្រីនគរបាលរបស់ខ្ញុំជួយពួកគេក្នុងការចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធការរានដី”។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង មានសិទ្ធិផ្តាច់មុខរានដីសាងសង់អាងស្តុកទឹកទំហំ៣៦.០០០ហិកតា សម្រាប់ទំនប់សេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់។
ប៉ុន្តែ លោក សៀក មេគង្គ មេឃុំស្រែគរ ដែលរស់នៅកន្លែងសាងសង់ទំនប់វារីអគ្គិសនីនោះបានមានប្រសាសន៍ថា អ្នកកាប់ឈើទ្រង់ទ្រាយធំមមាញឹកនឹងកាប់ឈើខុសច្បាប់
ហើយលាងតាមរយៈការសាងសង់អាងស្តុកទឹក។
លោក មេគង្គ បានមានប្រសាសន៍ពីការចាប់ខ្លួននោះថា “ខ្ញុំគិតថា ការចាប់ខ្លួននេះមិនត្រឹមត្រូវឡើយ”។ លោកបានមានប្រសាសន៍ថា “ពួកគេបានចាប់ខ្លួនមនុស្សធម្មតាដែលបានកាប់ឈើតូចៗសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ ខ្ញុំមិនដែលឃើញមន្ត្រីណាចាប់ខ្លួនក្រុមហ៊ុនកាប់ឈើចំពោះការបំផ្លាញបរិស្ថាននោះឡើយ”។
លោក មៀច មាន អ្នកសម្របសម្រួលបណ្តាញការពារទន្លេ 3S ជាអង្គការមិនមែនរដ្ឋាភិបាលអភិរក្សក្នុងមូលដ្ឋានបានមានប្រសាសន៍ថា មន្ត្រីរដ្ឋបាលព្រៃឈើទំនងជាផ្តោតគោលដៅលើបុរសទាំងប្រាំពីរនាក់នេះ ដើម្បីធ្វើឲ្យឃើញហាក់ដូចជាមានការចាត់វិធានការទប់ស្កាត់ការកាប់ឈើខុសច្បាប់អ៊ីចឹង។
លោកបានមានប្រសាសន៍ថា “ការចាប់ខ្លួននេះត្រូវបានធ្វើឡើងដើម្បីឲ្យល្អមើលតែប៉ុណ្ណោះ។ ពួកគេចាប់ខ្លួនតែប្រជាពលរដ្ឋតូចតាចប៉ុណ្ណោះ ហើយមិនដែលចាប់ក្រុមហ៊ុនកាប់ឈើខុសច្បាប់ឡើយ”៕សារុន