The Cambodia Daily Khmer

បញ្ហា​ប័ណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ​នៅ​រោងចក្រ​កាត់ដេរ​និង​ស្បែក​ជើង​នៅ​កម្ពុជា

ក្រុង​ព្រះសីហនុ-លើ​ផ្លូវ​ដី​ហុយ​សំពោង​នៅ​ជាយ​ក្រុង​កំពង់ផែ​នេះ យុវនារី​រាប់ពាន់​នាក់ និង​យុវជន​ពីរបី​រយ​នាក់​បាន​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ពេល​ល្ងាច នៅ​ពេល​ដែល​ពួកគេ​ដើរ​ចេញ​ពី​រោងចក្រ​ស្បែក​ជើង ញ៉ូ ស្តា (New Star Shoes)។

លោក អាត់ ធន់ ប្រធាន​​​សហជីព​​​ឯករាជ្យ​​ធំ​​​បំផុត​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា បាន​និយាយ​ថា “ស្ទើរតែ​គ្មាន​នរណា​ម្នាក់​មាន​អាយុ​លើសពី​២៥​ឆ្នាំ​ទេ​នៅ​រោងចក្រ​នេះ។ វា​ល្អ​សម្រាប់​ក្រុមហ៊ុន ពីព្រោះ​យុវនារី​ខ្លាច​មិន​ហ៊ាន​រៀបចំ​សហជីព និង​មិន​មាន​កូន”។

កម្មករ​ស្ទើរតែ​ទាំងអស់​ដែល​ព្រម​ឲ្យ​សម្ភាស​កាលពី​ខែ​មុន​នៅ​ហាង​កាហ្វេ​មាន​មនុស្ស​អ៊ូអរ​នៅ​ចិញ្ចើម​ផ្លូវ​ក្បែរ​រោងចក្រ​នេះ​ ក្នុង​សង្កាត់​១ បាន​និយាយ​ថា ពួកគេ​មាន​អាយុ​ចន្លោះ​១៦​ឆ្នាំ​ទៅ​១៨​ឆ្នាំ។

កម្មករ​អាយុ​១៦​ឆ្នាំ​ម្នាក់ ដែល​បាន​ធ្វើការ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ពីក្រោយ​ម៉ាស៊ីន​ដេរ ញ៉ូ ស្តា បន្ទាប់ពី​ចាប់ផ្តើម​ធ្វើការ​នៅ​រោងចក្រ​នេះ​រយៈ​ពេល​៧​ខែ​មក​ហើយ ដោយ​ប្រើ​ឯកសារ​សម្គាល់​ខ្លួន​ក្លែងក្លាយ បាន​និយាយ​ថា “ខ្ញុំ​មិន​សប្បាយ​ចិត្ត​ធ្វើការ​នៅ​ទីនេះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្មាន​ជម្រើស”។

កម្មករ​អាយុ​១៨​ឆ្នាំ​ម្នាក់ ដែល​បាន​ចាប់​ផ្តើម​ធ្វើការ​នៅ​រោងចក្រ ញ៉ូ ស្តា ពេល​នាង​មាន​អាយុ​១៧​ឆ្នាំ បាន​បន្ថែម​ថា “យើង​គ្មាន​ជម្រើស​ទេ ព្រោះអី​ឪពុក​ម្តាយ​របស់​យើង​ក្រីក្រ ដូច្នេះ​យើង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ក្នុង​រោងចក្រ​នេះ”។

អាយុ​ស្របច្បាប់​ធ្វើការ​បាន​នៅ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​គឺ​១៥​ឆ្នាំ។ ប៉ុន្តែ​ច្បាប់​នេះ​ចែង​ថា “យុវជន” ក្មេង​ជំទង់​អាយុ​ចន្លោះ​១៥​ឆ្នាំ​ដល់​១៧​ឆ្នាំ មិន​អាច​ធ្វើការ​លើស​ម៉ោង ឬ​ក៏​ធ្វើការ​ធ្ងន់​បាន​ទេ ហើយ​ត្រូវ​មាន​ពេល​ឈប់​សម្រាក​យ៉ាង​ហោច​ណាស់​១៣​ម៉ោង​ក្នុង​វេន​នីមួយៗ។

ដូច្នេះ ដូច​រោងចក្រ​ជាច្រើន​ទៀតដែរ ញ៉ូ ស្តា ដែល​មាន​កម្មករ​ប្រហែល​៤.០០០​នាក់ បាន​កំណត់​អាយុ​ត្រឹម​១៨​ឆ្នាំ​ប៉ុណ្ណោះ។

ប៉ុន្តែ​យោងតាម​លោក មឿន តុលា ប្រធាន​​​កម្មវិធី​​​ការងារ​​​នៅ​​​​​មជ្ឈមណ្ឌល​​​អប់រំ​ច្បាប់​​​សម្រាប់​​​សហគមន៍​បាន​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​ធម្មតា​នៅ​រោងចក្រ ញ៉ូ ស្តា និង​រោងចក្រ​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ជួល​កម្មករ​មិន​គ្រប់​អាយុ​ដែល​ប្រើ​ប័ណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ​ដើម្បី​តម្រូវ​អាយុ។

លោក តុលា បាន​និយាយ​ថា “ពីព្រោះ​ម្ចាស់​រោងចក្រ​មិន​ចង់​ធ្វើ​តាម​ច្បាប់​សម្រាប់​កម្មករ​យុវជន​ទេ ពួកគេ​ទទួល​យក​ឯកសារ​ក្លែងក្លាយ ហើយ​ធ្វើ​ពុត​មិន​ដឹង​ថា កម្មករ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ទេ”។

រោងចក្រ ញ៉ូ ស្តា របស់​ថៅកែ​តៃវ៉ាន់ ផលិត​ស្បែក​ជើង​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ ក្នុង​នោះ​មាន​ក្រុមហ៊ុន GEOX ជា​ក្រុមហ៊ុន​អីុតាលី ដែល​មាន​ហាង​១.២២៥​នៅ​ទូទាំង​ពិភព​លោក ដែល​មាន​ការ​លក់​បាន​ឡើង​ដល់​៨៧៣​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ រហូត​ដល់​ខែ​មករា រោងចក្រ ញ៉ូ ស្តា ក៏​បាន​ផលិត​ស្បែកជើង​កីឡា​អន្តរជាតិ​ឲ្យ​ក្រុមហ៊ុន​អាសិកស៍ (Asics)។

ក្នុង​ផ្ទះ​ខ្ទម​ប្រក់​ស័ង្កសី​មានមួយ​បន្ទប់ ស្ថិត​នៅ​ចម្ងាយ​ជិះ​ម៉ូតូ​តែ​ពីរបី​នាទី​ប៉ុណ្ណោះ​ពី​រោងចក្រ​នេះ លោក ថា ជា​ឪពុក​កម្មករ​អាយុ​១៧​ឆ្នាំ​នៅ​រោងចក្រ ញ៉ូ ស្តា បាន​ពន្យល់​ពី​ភាព​ងាយ​ស្រួល​ដែល​គ្រួសារ​របស់​លោក​ទទួល​បាន​ប័ណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ ដើម្បី​គេចពី​លក្ខខណ្ឌ​ដែល​តម្រូវ​អាយុ​របស់​រោងចក្រ​នេះ។

លោក ថា ដែល​សុំ​មិន​ឲ្យ​ចេញ​ផ្សាយ​ឈ្មោះ​ពេញ ព្រោះ​ខ្លាច​ក្រែង​កូនស្រី​របស់​លោក​បាត់បង់​ការងារ​របស់​នាង​នោះ​បាន​និយាយ​ថា “កូនស្រី​របស់​ខ្ញុំ​ក្មេង​ណាស់​មិនអាច​ធ្វើការ​នៅ​រោងចក្រ ញ៉ូ ស្តា នេះ​ទេ ដូច្នេះ​យើង​បាន​ខ្ចី​សៀវភៅ​គ្រួសារ​និង​សំបុត្រ​កំណើត​ពី​គ្រួសារ​ផ្សេង ​ដែល​ជា​របស់​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង”។

លោក​បាន​និយាយ​ថា “គ្រួសារ​​ទាំងអស់​ជួយ​គ្នា​ទៅវិញ​ទៅ​មក”។

លោក ថា បាន​និយាយ​ថា កូន​ស្រី​របស់​លោក​គ្រាន់តែ​ត្រូវ​ទន្ទេញ​ឯកសារ​ក្លែងក្លាយ​នោះ​ឲ្យ​ចាំ ក្នុង​នោះ​មាន​ឈ្មោះ ទី​កន្លែង​កំណើត ថ្ងៃ​ខែកំណើត​ និង​ឈ្មោះ​សមាជិក​គ្រួសារ​ថ្មី​ប៉ុណ្ណោះ មុន​ពេល​ត្រូវ​សួរ​ដោយ​រដ្ឋបាល​រោងចក្រ​ម្នាក់​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ។

លោក ថា បាន​ប្រើ​របៀប​ដដែល​នេះ​សម្រាប់​ក្មួយ​ស្រី​របស់​គាត់ ដែល​មាន​អាយុ​១៦​ឆ្នាំ ពេល​ដែល​នាងចាប់​ផ្តើម​ធ្វើការ​នៅ​រោងចក្រ ញ៉ូ ស្តា កាលពី​ឆ្នាំមុន។

លោក​បាន​និយាយ​ថា “ងាយ​ស្រួល​ណាស់​ក្នុង​ការ​ខ្ចី​ប័ណ្ណ​សម្គាល់​ខ្លួន​ពី​នរណា​ម្នាក់ ពីព្រោះ​មិន​មាន​រូបថត​នៅ​លើ​សំបុត្រ​កំណើត ឬ​សៀវភៅ​គ្រួសារ​ទេ”។

ដោយសារ​នាង​ត្រូវគេ​ចាត់ទុក​ដូច​កម្មករ​ផ្សេងទៀត​ដែរ​នៅ​រោងចក្រ ញ៉ូ ស្តា នោះ កូន​ស្រី​របស់​លោក ថា មិន​ទទួល​បាន​ការ​ការពារ​ខាង​ផ្លូវ​ច្បាប់ ដែល​កម្មករ​ក្មេងៗ​មាន​សិទ្ធិ​ទទួល​នោះ​ទេ។ នាង​បាន​និយាយ​នៅ​ផ្ទះ​គ្រួសារ​នាង​ថា “ជួនកាល​ខ្ញុំ​អស់​កម្លាំង ដៃ​ហើម ពីព្រោះ​យើង​ត្រូវ​ទាញ​បាត​ស្បែក​ជើង​ខ្លាំងៗ ដែល​ធ្វើ​ឲ្យ​កដៃ​របស់​ខ្ញុំ​និង​ដៃទាំង​ពីរ​របស់​ខ្ញុំ​ឈឺ”។

កូន​ស្រី​របស់​លោក ថា និង​អ្នក​រួម​ការងារ​របស់​នាង​នៅ​រោងចក្រ ញ៉ូ ស្តា មាន​ពេល​មួយ​ម៉ោង​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ ប៉ុន្តែ​គ្មាន​ការ​សម្រាក​ផ្សេងទៀត​ពេល​ថ្ងៃ​ធ្វើការ​ប្រាំបួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។

នាង​និយាយ​ថា “ប្រសិនបើ​យើង​ទៅ​បន្ទប់​ទឹក​ញឹកញាប់​ពេក មេក្រុម​ស្រែក​ដាក់​យើង”។

ស្តង់ដារ​មិន​ប្រាកដ​ប្រជា

លោក លីវីង លូ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៅ​រោងចក្រ ញ៉ូ ស្តា ខ័រភរ៉េសិន ជា​ក្រុមហ៊ុន​ធំ​របស់​ក្រុមហ៊ុន ញ៉ូ ស្តា ហ្សូ បាន​និយាយ​ថា ស្តង់ដារ​របស់​រោងចក្រ​ក្នុង​ការ​ពិនិត្យ​អាយុ​របស់​អ្នក​ដាក់​ពាក្យ​ធ្វើការ គឺ”ការ​សម្ភាស​ធម្មតា​និង​តេស្ត​ផ្ទាល់​មាត់” ដើម្បី​ឲ្យ​ប្រាកដ​ថា ព័ត៌មាន​លើ​ឯកសារ​សម្គាល់​ខ្លួន​យ៉ាងហោចណាស់​ពីរ គឺ​ត្រឹមត្រូវ។

លោក​បាន​និយាយ​តាម​រយៈ​អីុម៉េល​ថា “លក្ខខណ្ឌ​សម្រាប់​ធ្វើ​ការងារ​នៅ​ពេល​នេះ​គឺ​អាយុ​១៨​ឆ្នាំ”។

យោងតាម​កម្មករ​និង​តំណាង​សហជីព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក លូ បាន​បន្ទោស​អាជ្ញាធរ​កម្ពុជា​ចំពោះ​ភាព​មិន​ស៊ី​គ្នា​រវាង​គោល​នយោបាយ​របស់​រោងចក្រ​និង​អាយុ​ពិត​របស់​កម្មករ​របស់​ខ្លួន ដែល​ជួនកាល​អាយុ​ក្រោម​១៥​ឆ្នាំ។

កម្មករ​រោងចក្រ ញ៉ូ ស្តា ម្នាក់ ដែល​ផ្តល់​ការ​សម្ភាស​សម្រាប់​អត្ថបទ​នេះ និង​មិន​​ប្រាប់​ឈ្មោះ​របស់​នាង បាន​និយាយ​ថា នាង​មាន​អាយុ​១៤​ឆ្នាំ។

លោក លូ បាន​និយាយ​ថា “ដោយសារ​ការ​គ្រប់​គ្រង​ខ្សោយ​លើ​ឯកសារ​សម្គាល់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា កម្មករ​មួយ​ចំនួន​អាច​ទទួល​បាន​លិខិត​សម្គាល់​ខ្លួន​ក្លែង​ក្លាយ​ដោយ​ងាយ។ ហើយ​ស្ថានការណ៍​នេះ​ក៏​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​មាន​អារម្មណ៍​ខ្វល់ខ្វាយ”។

លោក​ស្រី អានដា ហ៊ុង ប្រធាន​ទំនាក់​ទំនង​សាធារណៈ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់ GEOX បាន​និយាយ​ថា ក្រុមហ៊ុន​រំពឹង​ថា អ្នក​ផ្គត់ផ្គង់​ទាំងអស់​របស់​ខ្លួន​ប្រកាន់​ខ្ជាប់​តាម​ក្រម​ប្រតិបត្តិ និង​កិច្ចព្រមព្រៀង​របស់​ម្ចាស់​រោងចក្រ ដែល​មាន​ការ​អនុវត្ត​តាម​ច្បាប់​ក្នុង​ស្រុក​ផង។

លោក​ស្រី ហ៊ុង បាន​និយាយ​ថា “ការ​គោរព​ក្រម​ទាំង​នេះ​ពេញ​លេញ​ចាំបាច់​ធ្វើ​សហការ​ជាមួយ GEOX។ ក្នុង​ករណី​មិន​គោរព​ទេ Geox នឹង​បញ្ចប់​កិច្ចសន្យា និង​សហ​ប្រតិបត្តិការ ហើយ​ត្រូវ​បង់​សំណង ក្នុង​នោះ​រួម​មាន​សំណង​ចំពោះ​មុខ​មាត់​និង​កេរ្តិ៍​ឈ្មោះ”។

លោក​ស្រី​និយាយ​ថា “យើង​មិន​មាន​ភ័ស្តុតាង​ណាមួយ​ទាក់ទិន​នឹង​កម្មករ​មិន​គ្រប់​អាយុ​ក្នុង​រោងចក្រ​ណាមួយ​ទេ”។ លោក​ស្រី​បន្ថែម​ថា Geox ទទួល​ទិញ​ផ្ទាល់​ពី​រោងចក្រ ញ៉ូ ស្តា តាំងពី​ឆ្នាំ​២០១១​មក​ម៉្លេះ។

ទោះជាយ៉ាងនេះក្តី លោក​ស្រី មីណាកូ យ៉ូស៊ី​កាវ៉ា មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់ អាសិកស៍ (Asics) បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ទទួល​ដំណឹង​ជាមុន​អំពី​ការ​សង្ស័យ​ថា​មាន​ពលកម្ម​កុមារ​នៅ​រោងចក្រ ញ៉ូ ស្តា កាលពី​ដើម​ឆ្នាំ​មុន ពី​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា (BFC) ជា​កម្មវិធី​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ត្រួត​ពិនិត្យ​រោងចក្រ​កាត់ដេរ​និង​ស្បែកជើង​ក្នុង​ប្រទេស​នេះ។

ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ លោក​ស្រី​បាន​និយាយ​ថា “អាសិកស៍ បាន​គាំទ្រ​បណ្តុះ​បណ្តាល​ការ​បង្ការ​ពលកម្ម​កុមារ ដោយ​បង្រៀន​ដល់​រោងចក្រ​កម្ពុជា​ទាំងអស់ (មាន​ទាំង ញ៉ូ ស្តា ផងដែរ) ក្នុង​ការ​សហការ​ជាមួយ BFC”។

ការ​ដឹង​ជាទូទៅ

យោងតាម​លោក រស់ ធឿន មន្ត្រី​ដែល​ធ្វើការ​ស៊ើប​អង្កេត​ពលកម្ម​កុមារ​ដល់​ទី​កន្លែង​សម្រាប់ BFC បាន​ឲ្យ​ដឹង​ថា នៅ​ខែ​កុម្ភៈ​ឆ្នាំ​មុន BFC បាន​រក​ឃើញ​កម្មករ​ពីរ​នាក់ អាយុ​ក្រោម​១៥​ឆ្នាំ នៅ​រោងចក្រ ញ៉ូ ស្តា ដែល​ត្រូវ​បាន​ដក​ចេញ​ពី​រោងចក្រ​នេះ និង​ដាក់​ក្នុង “កម្មវិធី​ស្តារ​សម្បទា” របស់ BFC។

លោក​បាន​និយាយ​ថា “យើង​ជា​ដៃគូ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ផ្តល់​ឲ្យ​ក្មេង​ស្រី​ទាំង​នោះ​នូវ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដូចជា​ការ​ដេរ​ប៉ាក់ កែ​សម្ផស្ស​ជាដើម។ ប៉ុន្តែ​ពួកគេ​[អាច]​ត្រឡប់​[មក​រោងចក្រ​វិញ]​នៅ​អាយុ​១៥​ឆ្នាំ”។

លោក ធឿន បាន​និយាយ​ថា កម្មករ​មិន​គ្រប់​អាយុ​ទាំង​ពីរ​នាក់​ដែល BFC បាន​រក​ឃើញ​នៅ​រោងចក្រ ញ៉ូ ស្តា ពិតជា​បាន​ត្រឡប់​មក​រោងចក្រ​នេះ​វិញ ពេល​ដែល​ពួកគេ​មាន​អាយុ​១៥​ឆ្នាំ ទោះជា​មាន​គោលការណ៍​ដែល​ចែង​របស់ ញ៉ូ ស្តា ដែល​តម្រូវ​ឲ្យ​កម្មករ​ត្រូវ​មាន​អាយុ​១៨​ឆ្នាំ​ក៏ដោយ។

យោងតាម​លោក​ស្រី យឹម ពេជ្រម៉ាលីកា មន្ត្រី​គម្រោង​ជាន់​ខ្ពស់​របស់ BFC បាន​ឲ្យ​ដឹង​ថា មិន​មាន​ការ​ចុះ​ពិនិត្យ​វាយ​តម្លៃ​ថែម​ទៀត​ដោយ BFC នៅ​រោងចក្រ ញ៉ូ ស្តា ទេ តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​មក ហើយ​គ្មាន​ការ​កំណត់​កាល​បរិច្ឆទ​សម្រាប់​ការ​ចុះ​ពិនិត្យ​ទេ។

យ៉ាងណាក៏ដោយ លោក​ស្រី យឹម បាន​និយាយ​ថា គណៈកម្មការ​ត្រួត​ពិនិត្យ​នេះ​បាន​រៀបចំ “សិក្ខា​សាលា​អន្តរ​ក្រសួង”​មួយ​នៅ​ខែ​មិថុនា សម្រាប់​នាយកដ្ឋាន​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​រក​វិធី​បញ្ឈប់​ការ​ប្រើ​លិខិត​សម្គាល់​ខ្លួនក្លែងក្លាយ​ក្នុង​វិស័យ​កាត់ដេរ។ លោក​ស្រី​បាន​និយាយ​ថា វា​មិន​ច្បាស់ ថាតើ​វិធានការ​ណាមួយ​របស់​រដ្ឋាភិបាល​កើត​មក​ពី​សិក្ខាសាលា​នេះ​ទេ”។

លោក ដេវ វែល (Dave Welsh) នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​មជ្ឈមណ្ឌល​​​សាមគ្គីភាព​​​ (Solidarity Center) ជា​ក្រុម​សិទ្ធិ​ការងារ​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​និយាយ​ថា រោងចក្រ​នានា​ក្នុង​ប្រទេស​នេះ និង​ក្រុមហ៊ុន​ម៉ាកល្បីៗ​ដែល​ពួកគេ​ទទួល​បាន​ទំនិញ​ពី​រោងចក្រ​ទាំង​នេះ ដឹង​ច្បាស់​ថា ប័ណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ​ជា​បញ្ហា​មួយ​ក្នុង​រោងចក្រ​កាត់ដេរ​របស់​ប្រទេស​នេះ ប៉ុន្តែ​កម្មករ​ក្មេងៗ​និង​ដែល​ព្រម​ធ្វើ​តាម មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ថៅកែ។

លោក​បាន​និយាយ​ថា “ក្រុមហ៊ុន​ម៉ាក​ល្បី​ណាមួយ​ដែល​និយាយ​ថា ពួកគេ​មិន​ដឹង​អំពី​ទំនាក់​ទំនង​រវាង​ប័ណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ​និង​បញ្ហា​កម្មករ​មិន​គ្រប់​អាយុ គឺ​ជា​រឿង​មិន​ពិត ឬ​ក៏​ទទួល​ស្គាល់​ថា ពួកគេ​មិន​អាច​ត្រួត​ពិនិត្យ​ឧស្សាហកម្ម​ដែល​ម៉ាក​ល្បីៗ​គ្រាន់តែ​វិនិយោគ​ក្នុង​រោងចក្រ​២០​ឬ​៣០​នោះ​ទេ”។

លោក តុលា នៅ CLEC បាន​និយាយ​ថា ដោយសារ​ភាព​ក្រីក្រ​មាន​ជាទូទៅ​ក្នុង​ប្រទេស​នេះ ចៀស​មិន​ផុត​ទេ​ដែល​គ្រួសារ​មួយ​ចំនួន​នឹង​ជ្រើសរើស​បញ្ជូន​កូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ ទាំង​ពួកគេ​​នៅ “ក្មេង”នៅ​ឡើយ។ លោក​បាន​បន្ថែម​ថា ប៉ុន្តែ​មិន​ត្រឹមត្រូវ​ទេ​ចំពោះ​រោងចក្រ​ក្នុង​ការ​អះអាង​ថា​មិន​ដឹង ខណៈ​ដែល​រោងចក្រ​ទាំង​នោះរំលោភ​ច្បាប់ ដោយ​មិន​ផ្តល់កិច្ច​ការពារ​ត្រឹមត្រូវ​ដល់​កម្មករ​ក្មេងៗ​ទាំង​នោះ។

លោក​បាន​និយាយ​ថា “យើង​យល់​អំពី​ការ​ខ្វះ​ខាតរបស់​គ្រួសារ​ទាំង​នោះ។ ប៉ុន្តែ​រោងចក្រ​ឆ្លៀត​កេង​ចំណេញ​ពី​ការ​ខ្វះខាត​ទាំង​នោះ។ ការ​ធ្វើ​ជំនួញ​ត្រូវតែ​គោរព​លក្ខខណ្ឌ​សម្រាប់​យុវជន​ក្មេងៗ ប្រសិនបើ​រោងចក្រ​ទាំងនោះ​ចង់​ជួល​ពួកគេ”។តម្លាភាព​គ្មាន​អានុភាព

សង្កត់​បញ្ជាក់​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ធានា​ឲ្យ​មាន​លក្ខខណ្ឌ​ត្រឹម​ត្រូវ​នៅ​តាម​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជានោះ ក្រុមហ៊ុន​ម៉ាកល្បីៗ​នាំ​មុខ​គេ ដូចជា អាសិកស៍ ឡេវី ស្ត្រោ និង អាឌីដាស (Asics, Levi Strauss and Adidas) ជា​ញឹកញាប់​លើក​ឡើង​នូវ​ការ​ចូលរួម​របស់​ខ្លួន​ជាមួយ​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ផ្តល់​របាយការណ៍​ទៅ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ អំពី​លក្ខខណ្ឌ​នៃ​រោងចក្រ ដែល​ពួកគេ​ទិញ​ទំនិញ​ពី​នោះ។

ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​នាំ​ចេញ រោងចក្រ​កាត់ដេរ​ត្រូវ​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា។ បច្ចុប្បន្ន​មាន​រោងចក្រ​កាត់ដេរ​៥១៤​បាន​ចុះ​ហត្ថលេខា​ជាមួយ​កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា ក៏ដូចជា​រោងចក្រ​ស្បែក​ជើង​១១​ទៀត​ដែរ។

ទើបតែ​ជាង​មួយ​ឆ្នាំ​មុន​នេះ ការ​រក​ឃើញ​ពី​ការ​ចុះ​ពិនិត្យ​នៅ​រោងចក្រ​ដោយ​ BFC ឲ្យ​បាន​តែ​រោងចក្រ​ខ្លួន​ឯង និង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ដែល​ពួកគេ​ផ្តល់​ទំនិញ​ប៉ុណ្ណោះ។ ទោះជា​យ៉ាង​នេះ​ក្តី​បន្ទាប់ពី​មាន​ការ​ស្លាប់កម្មករ​ជំទង់​ម្នាក់​នៅ​រោងចក្រ​សម្ព័ន្ធ​របស់ ញ៉ូ ស្តា គឺ វីង ស្តា នៅ​ឆ្នាំ​២០១៣ និង​របាយការណ៍​សាលា​ច្បាប់ ស្តែនហ្វដ​ឆ្នាំ​នោះ​ដែល​និយាយ​អំពី​លក្ខខណ្ឌ​នៅ​តាម​រោងចក្រ គឺ​អាក្រក់​ជាង​ពេល​ដែល BFC ចាប់​ផ្តើម​ទៅទៀត​នេះ ស្ថាប័ន​ត្រួត​ពិនិត្យ​នេះ​ទទួល​រង​សម្ពាធ​ខ្លាំង​ឲ្យ​មាន​ការ​បើក​ចំហ​ថែម​ទៀត។

ដូច្នេះ​នៅ​ចុង​ឆ្នាំ​២០១៣ BFC បាន​ចាប់​ផ្តើម​ធ្វើ​សន្ទស្សន៍​តម្លា​ភាព​របស់​ខ្លួន។ ឥឡូវ​នេះ របាយការណ៍​សង្ខេប​ត្រូវ​ផ្សព្វផ្សាយ​លើ​វិបសាយ BFC ដោយ​បង្ហាញ​ឲ្យ​ដឹង​ ថាតើ​រោងចក្រ​មួយ​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​ទាក់ទិន​នឹង ‘បញ្ហា​សំខាន់’​២១ ​ដែល​មាន​ចាប់ពី​ពលកម្ម​កុមារ​រហូតដល់​ការ​រើសអើង​នឹង​សមាជិក​សហជីព សុខភាព និង​សុវត្ថិភាព និង​ការ​បើក​ប្រាក់​ខែ។

យោងតាម​នាយក​រង​កម្មវិធី BFC លោក​ស្រី ខាមីលឡា រ៉ូម៉ាន បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​បញ្ហា​នៅ​សេសសល់​មួយ​គឺ​ការ​អនុវត្ត​ច្បាប់​ដែល​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល។ បើទោះជា BFC ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​សេចក្តី​លម្អិត​នៃ​រាល់​ករណី​ពលកម្ម​កុមារ​ដែល​ខ្លួន​រក​ឃើញ​ក៏ដោយ ក៏​លោក​ស្រី រ៉ូម៉ាន និយាយ​ថា អង្គការ​របស់​លោក​ស្រី​មិន​ដឹង​ពី​សកម្មភាព​អនុវត្ត​ច្បាប់​ណាមួយ​ឡើយ។

លោក​ស្រី​បាន​និយាយ​ថា “នៅ​ពេល​នេះ យើង​មិន​មាន​ព័ត៌មាន​ណាមួយ​អំពី​សកម្មភាព​តាមដាន​របស់​ក្រសួង​ការងារ​ទេ។ យើង​ចង់​មាន​ការ​ទាក់ទង​ថែមទៀត​ជាមួយ​ក្រសួង​ការងារ និង​ព័ត៌មាន​បន្ថែម​អំពី​​សកម្ម​ភាព​តាមដាន ដែល​ពួកគេ​ធ្វើ ពេល​ដែល​យើង​បញ្ជូន​ទៅ​ឲ្យ​ពួកគេ​នូវ​ករណី​ដែល​មាន​ការ​អះអាង​ថា​មាន​ពលកម្ម​កុមារ​”។

លោក​ស្រី រ៉ូម៉ាន បាន​និយាយ​ថា យោងតាម “របាយការណ៍​សំយោគ” ចុងក្រោយ​របស់ BFC បាន​ឲ្យ​ដឹង​ថា តែ​៤​ភាគរយ​ប៉ុណ្ណោះ​នៃ​រោងចក្រ​ដែល​ខ្លួន​តាមដាន ត្រូវ​បាន​រក​ឃើញ​ថា​ជួល​កម្មករ​ក្រោម​អាយុ​១៥​ឆ្នាំ ប៉ុន្តែ​នេះ​ទំនង​ជា​ការ​ប៉ាន់​ប្រមាណ​មិន​គ្រប់​ជ្រុង​ជ្រោយ។

លោក​ស្រី​បាន​និយាយ​ថា “BFC ស៊ើប​អង្កេត​តែ​គំរូ​មួយ​[នៃ​រោងចក្រ]​ប៉ុណ្ណោះ ដូច្នេះ ការ​កើត​មាន​ជា​ទូទៅ​នៃ​ពលកម្ម​កុមារ គឺ​ទំនង​ជា​ច្រើន​ជាង​ទិន្នន័យ​រោងចក្រ​បញ្ជាក់​ប្រាប់​ទៅ​ទៀត”។

យោងតាម​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW) ផ្សព្វ​ផ្សាយ​នៅ​ខែ​មុន ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ប្រញាប់​ឡើង ឬ​ចាក​ចេញ: ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​កម្ពុជា”​ បាន​ឲ្យ​ដឹង​ថា ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ពិបាក​ថែម​ទៀត​នោះ រោងចក្រ​មួយ​ចំនួន​លាក់​កម្មករ​មិន​គ្រប់​អាយុ នៅ​ពេល​ដែល “អ្នក​ចុះ​ពិនិត្យ” ទៅ​ដល់។

ក្មេង​អាយុ​១៥​ឆ្នាំ​ម្នាក់ ដែល​បាន​ចាប់​ផ្តើម​ធ្វើការ​ក្នុង​រោងចក្រ​កាត់​ដេរ​កាលពី​អាយុ​១៤​ឆ្នាំ​ បាន​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​សម្រាប់​របាយការណ៍ HRW ថា “ពួកគេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​លាក់​ខ្លួន​ក្រោម​តុ ហើយ​ដាក់​គំនរ​ខោអាវ​លើ​យើង។ យើង​ក៏​ខ្លាច​ដែរ​ថា​យើង​នឹង​ត្រូវ​គេ​ដេញ​ចោល។ ដូច្នេះ​យើង​ព្យាយាម​ខំ​នៅ​ស្ងៀម​នៅ​ពេល​ដែល​ភ្ញៀវ​នៅ​ទីនោះ”។

ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ​ម្នាក់​ដែល​សម្ភាស​ដោយ HRW នៅ​រោងចក្រ​មួយ​ទៀត បាន​ប្រាប់​អំពី​ហេតុការណ៍​មួយ​កាលពី​ដើម​ឆ្នាំ​មុន។

ក្មេង​ស្រី​នេះ​បាន​និយាយ​ថា “មួយ​ថ្ងៃ​មុន​ពួកគេ​ជិត​មាន​ភ្ញៀវមក​រោងចក្រ រោងចក្រ​បាន​ធ្វើ​ការ​ប្រជុំ​ក្មេងៗ​ទាំងអស់​ដែល​ធ្វើការ​ក្នុង​រោងចក្រ​នេះ និង​បាន​ប្រាប់​ក្មេងៗ​ទាំង​នោះ​ថា កុំ​ឲ្យ​មក​ធ្វើការ”។

“ហើយ​បន្ទាប់​មក អ្នក​ចាត់ការ​រោងចក្រ​បាន​សួរ​អាយុ​របស់​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​ប្រាប់​គាត់ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ​នៅ​ថ្ងៃ​នោះ”៕ និត

 

Exit mobile version