ពេលនេះ ជនភៀសខ្លួនបីនាក់បន្ថែមទៀតដែលប្រទេសអូស្ត្រាលី កំពុងឃាត់ខ្លួននៅលើកោះណូរូ បានយល់ព្រមទទួលយកសំណើមករស់នៅក្នុងប្រទេសកម្ពុជា ហើយ ដោយអង្គការសិទ្ធិមនុស្សមួយលើកឡើងថា ការបញ្ជាក់ឋានៈជាជនភៀសខ្លួនរបស់ជនស្វែងរកសិទ្ធិជ្រកកោនទាំងនេះទើបតែទទួលបានការអនុម័តក្នុងសប្ដាហ៍កន្លងទៅប៉ុណ្ណោះជំរុញដំណើរការផ្លាស់ចេញរបស់ពួកគេ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់កម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា ជនភៀសខ្លួនថ្មីទាំងបីនាក់ដែលសុទ្ធតែជាជនជាតិអុីរ៉ង់ បានចូលរួមជាមួយបុរសជនជាតិរ៉ូហុីងយ៉ា ម្នាក់មកពីប្រទេសភូមា ដែលបានស្ម័គ្រចិត្តកាលពីសប្ដាហ៍មុន។លោកបានបញ្ជាក់ថា ” ពេលនេះយើងមានបួននាក់ ម្នាក់មកពី [ភូមា] និងបីនាក់ទៀតមកពីអុីរ៉ង់”។
លោកមានប្រសាសន៍បន្តថា គណៈប្រតិភូកម្ពុជា ដែលបានចេញដំណើរទៅកាន់ប្រទេសដែនកោះនៅកណ្ដាលមហាសមុទ្របា៉ស៊ីហ្វិកខាងត្បូងមួយនេះកាលពីជាងមួយសប្ដាហ៍មុន ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តក្នុងចំណោមជនភៀសខ្លួនរាប់រយនាក់នៅទីនោះ បានត្រឡប់មកវិញហើយ ហើយអ្នកស្ម័គ្រចិត្តទាំងបួននាក់អាចនឹងមកដល់កម្ពុជា ក្នុងរយៈពេល “ប៉ុន្មានសប្ដាហ៍ទៀត”។
ការមកដល់របស់ជនភៀសខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដែលកម្ពុជា បានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន ដោយយល់ព្រមទទួលតាំងលំនៅជនភៀសខ្លួនក្នុងចំនួនគ្មានកំណត់ដែលប្រទេសអូស្ត្រាលីកំពុងឃាត់ខ្លួននៅលើកោះណូរូ មិនព្រមទទួលយកខ្លួនឯង។ កិច្ចព្រមព្រៀងនេះរួមមាន ជំនួយបន្ថែមចំនួន៣១លានដុល្លារសម្រាប់កម្ពុជា ហើយមួយផ្នែកក្នុងចំណោមជំនួយនោះប្រទេសអូស្ត្រាលី បានសន្យាចំណាយលើការអភិវឌ្ឍសហគមន៍ដែលជនភៀសខ្លួនទាំងនេះត្រូវតាំងលំនៅក្នុងប្រទេសកម្ពុជា។
លោក អៀន រីនថូល (Ian Rintoul) អ្នកនាំពាក្យអង្គការសម្ព័ន្ធសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) ដែលបានរក្សាទំនាក់ទំនងជាមួយអ្នកនៅលើកោះណូរូ បានមានប្រសាសន៍ថា បីនាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងបួននាក់កំពុងត្រូវបានឃុំឃាំងដាច់ដោយឡែកពីជនភៀសខ្លួនរាប់រយនាក់ផ្សេងទៀតនៅលើកោះនេះ។
លោកបានលើកឡើងសំដៅដល់មជ្ឈមណ្ឌលដំណើរការជ្រើសរើសជនភៀសខ្លួនឯនាយសមុទ្រទី១ (Offshore Processing Center 1) ថា ” ខ្ញុំអាចបញ្ជាក់បានថា មានប្ដីប្រពន្ធជនជាតិអុីរ៉ង់ ពីរនាក់បូករួមជាមួយជនជាតិអុីរ៉ង់ ម្នាក់ទៀតដែលកំពុងស្ថិតក្នុងមជ្ឈមណ្ឌល OPC1”។
យោងតាមគេហទំព័រមួយរបស់រដ្ឋាភិបាលអូស្ត្រាលីវស្ដីអំពីជំរំនៅលើកោះណូរូ បានឲ្យដឹងថា មជ្ឈមណ្ឌលOPC1 គឺទុកសម្រាប់អ្នកដែលត្រូវគេផ្ទេរ និងបុគ្គលិកមជ្ឈមណ្ឌល មិនមែនទុកសម្រាប់ជនភៀសខ្លួននោះទេ។
លោក អៀន រីនថូល បានមានប្រសាសន៍ថា អ្នកទាំងបីគឺជាជនស្វែងរកសិទ្ធិជ្រកកោន ដែលការបញ្ជាក់ឋានៈជាជនភៀសខ្លួនរបស់ពួកគេទើបតែត្រូវបានអនុម័តក្នុងពេលថ្មីៗនេះប៉ុណ្ណោះ ដោយប្ដីប្រពន្ធជនជាតិអុីរ៉ង់ ទទួលបានការអនុម័តកាលពីថ្ងៃសៅរ៍។
ស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអូស្ត្រាលី ប្រទេសកម្ពុជា បានយល់ព្រមទទួលយកតែអ្នកស្ម័គ្រចិត្តដែលការបញ្ជាក់ឋានៈជាជនភៀសខ្លួនរបស់ពួកគេត្រូវបានអនុម័តរួចរាល់ប៉ុណ្ណោះ។
ប៉ុន្តែ ប្រទេសអូស្ត្រាលី បានខិតខំបញ្ចុះបញ្ចូលជនភៀសខ្លួនទាំងនោះឲ្យស្ម័គ្រចិត្ត និងចាប់ផ្ដើមបញ្ចុះបញ្ចូលជនស្វែងរកសិទ្ធិជ្រកកោន ហើយជាលទ្ធផល គណៈប្រតិភូពីរក្រុមដំបូងដែលកម្ពុជា បញ្ជូនទៅកាន់កោះណូរូ បានត្រឡប់មកវិញដោយដៃទទេ។
យោងតាមលោក អៀន រីនថូល ឲ្យដឹងថា បុរសជនជាតិអុីរ៉ង់ ដែលនៅលីវបាននិយាយថា គាត់ទទួលបានការសន្យាថា ការដាក់ពាក្យសុំឋានៈជាជនភៀសខ្លួនរបស់គាត់នឹងទទួលបានការអនុម័ត ប្រសិនបើគាត់ព្រមផ្លាស់មកកម្ពុជា។ លោកមានប្រសាសន៍ទៀតថា “ខ្ញុំមិនទាន់អាចបញ្ជាក់បានទេសម្រាប់ពីរនាក់ប្ដីប្រពន្ធ ប៉ុន្តែខ្ញុំច្បាស់ណាស់សម្រាប់បុរសជនជាតិអុីរ៉ង់ ដែលនៅលីវ”។
លោកបានលើកឡើងបន្តថា ប្រទេសអូស្ត្រាលី ក៏បាននិងកំពុងបញ្ចុះបញ្ចូលជនស្វែងរកសិទ្ធិជ្រកកោនតាមរយៈការផ្ដល់សាច់ប្រាក់ក្នុងម្នាក់ៗរហូតដល់ទៅ១១.៧០០ដុល្លារផងដែរ។
ចំណែកឯក្រសួងអន្តោប្រវេសន៍របស់អូស្ត្រាលី បានបដិសេធមិនឆ្លើយសំណួរជុំវិញបញ្ហាសាច់ប្រាក់ ឬអំពីការបញ្ចុះបញ្ចូលឲ្យជនស្វែងរកសិទ្ធិជ្រកកោនស្ម័គ្រចិត្តសម្រាប់កម្មវិធីនេះទេ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា លោកមិនដឹងថា ការបញ្ជាក់ឋានៈជាជនភៀសខ្លួនរបស់អ្នកស្ម័គ្រចិត្តទាំងបួននាក់នេះត្រូវបានអនុម័តពេលណា ឬថា តើអូស្ត្រាលី បានបង្ខំពួកគេឲ្យចុះកិច្ចព្រមព្រៀង ឬយ៉ាងណាឡើយ។
ប្រទេសអូស្ត្រាលី សង្ឃឹមថា នឹងបញ្ជូនជនភៀសខ្លួនដំបូងតាមជើងហោះហៅចេញពីកោះណូរូ កាលពីមួយសប្ដាហ៍មុន ប៉ុន្តែបានពន្យារពេលជើងហោះហើរវិញដោយសារមាន “បញ្ហាភ័ស្តុភារ” ជាមួយកម្ពុជា នេះបើយោងតាមលោក ភីតធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី បានលើកឡើងកាលពីសប្ដាហ៍មុន។
ចំណែកឯក្រសួងមហាផ្ទៃរបស់កម្ពុជា បានលើកឡើងថា ខ្លួនចង់ត្រួតពិនិត្យអ្នកស្ម័គ្រចិត្តទាំងនេះ និងប្រវត្តិរបស់ពួកគេឲ្យបានល្អិតល្អន់សិន មុនពេលអនុញ្ញាតឲ្យពួកគេចុះចតនៅលើទឹកដីកម្ពុជា។
ប្រទេសអូស្ត្រាលី បានសន្យាចេញរាល់ការចំណាយសម្រាប់ការរស់នៅរបស់ជនភៀសខ្លួនដែលផ្លាស់ចេញពីកោះណូរូ មកកាន់ប្រទេសកម្ពុជា សម្រាប់រយៈពេលយ៉ាងហោចណាស់១ឆ្នាំ និងផ្ដល់គ្រឿងលើកទឹកចិត្តបន្ថែមសម្រាប់អ្នកដែលចុះហត្ថលេខាបានឆាប់ ដោយក្នុងនោះរួមមានទាំងសាច់ប្រាក់នៅក្នុងដៃ និងគណនីធនាគារផងដែរ។ ប្រទេសនេះបានលើកឡើងថា អ្នកដែលរង់ចាំក្រោយប្រហែលជាមិនទទួលបានអត្ថប្រយោជន៍ដូចនេះទេ។
ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលី ក៏បានផ្ដល់ព័ត៌មានបំភាន់ដល់អ្នករស់នៅលើកោះណូរូ ផងដែរជុំវិញស្ថានភាពរស់នៅក្នុងប្រទេសកម្ពុជា ដែលនៅតែជាប់ឈ្មោះជាប្រទេសក្រីក្របំផុត និងពុករលួយបំផុតមួយក្នុងពិភពលោកនៅឡើយ។
ប្រទេសអូស្ត្រាលី បានប្រាប់ពួកគេថា ប្រជាពលរដ្ឋកម្ពុជាមាន “សេវាថែទាំសុខភាពដែលមានស្តង់ដារខ្ពស់ មានសេរីភាពគ្រប់បែបយ៉ាងក្នុងសង្គមប្រជាធិបតេយ្យ ហើយមិនប្រឈមបញ្ហាឡើយជាមួយនឹងបទល្មើសហិង្សា”។ តែទោះជាយ៉ាងណា ដំបូន្មានទេសចរណ៍ផ្ទាល់ខ្លួនរបស់រដ្ឋាភិបាលអូស្ត្រាលី ស្ដីពីប្រទេសកម្ពុជា បានលើកឡើងផ្ទុយពីនេះស្រឡះ៕ សុខុម