អ្នកនេសាទខ្មែរចំនួន៥៨នាក់ដែលត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីទាសករនៅលើកោះបេនជីណា ប្រទេសឥណ្ឌូណេស៊ីកាលពីខែមុននោះ គ្រោងនឹងមកដល់ប្រទេសកំណើតវិញនៅសប្តាហ៍ក្រោយ នេះបើយោងតាមការលើកឡើងរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ដែលកំពុងរៀបចំការធ្វើមាតុភូមិនិវត្តពួកគេ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជួយសង្គ្រោះអ្នកនេសាទខ្មែរជាមួយអ្នកផ្សេងទៀតររាប់រយនាក់ដែលភាគច្រើនមកពីប្រទេសភូមា ឲ្យរួចផុតពីកោះនេះបន្ទាប់ពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន AP បង្ហាញថា កោះនេះជាកន្លែងសម្រាប់ការងារដោយបង្ខំ។
លោក ចូ ឡូរី អ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំតំបន់បានលើកឡើងនៅក្នុងអីុម៉េលថា “ឥឡូវនេះអ្នកនេសាទខ្មែរ៥៨នាក់ត្រូវបានចេញឯកសារធ្វើដំណើរដោយស្ថានទូតរបស់ខ្លួន”។
លោកបានមានប្រសាសន៍ថា “អង្គការអន្តរជាតិទេសន្តរប្រវេសន៍ឥណ្ឌូណេស៊ីនឹងជួយរៀបចំឯកសារធ្វើដំណើរទាំងអស់ដល់ពួកគេដោយការសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌូណេស៊ីរួមទាំងការវាយតម្លៃសុខភាពពេលធ្វើដំណើរ និងការទទួលបានលិខិតចេញរបស់ពួកគេជាដើម។ យើងរំពឹងថា ការធ្វើមាតុភូមិនិវត្តអ្នកទាំង៥៨នាក់នឹងធើ្វឡើងនៅសប្តាហ៍ក្រោយ”។
អ្នកនេសាទ៣៦នាក់ទៀតដែលគេជឿថា ជាជនជាតិខ្មែរដែរនោះនៅលើកោះបេនជីណានៅឡើយ ខណៈដែលក្រសួងការបរទេសកម្ពុជាសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ។
ការិយាល័យក្នុងប្រទេសឥណ្ឌូណេស៊ីរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍នេះកំពុងរៃអង្គាសប្រាក់ដើម្បីធ្វើមាតុភូមិនិវត្តអ្នកនេសាទសរុបប្រហែល៨០០នាក់ពីប្រទេសផ្សេងៗដោយចំណាយទឹកប្រាក់ប្រហែល២លានដុល្លារ។
រដ្ឋាភិបាលកម្ពុជាមិនបានជួយរកមូលនិធិដើម្បីការចំណាយថ្លៃធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវបានមើលថែដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍នៅក្នុងទីក្រុងទូអាល ជាទីក្រុងនៅលើកោះភាគខាងជើងកោះបេនជីណាឡើយ។
លោក ប្រេត ឌីកសុន អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍កម្ពុជាបានមានប្រសាសន៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍ថា ត្រូវការប្រាក់ប្រហែល៣.៥០០ដុល្លារសម្រាប់ការធ្វើដំណើរត្រឡប់ទៅវិញរបស់ក្រុមនេះគឺមិនទាក់ទងនឹងការខិតខំប្រឹងប្រែងរៃអង្គាសប្រាក់ចំនួន២លានដុល្លារនោះឡើយ។
លោកបានមានប្រសាសន៍ថា “អង្គការផ្សេងទៀតបានរ៉ាប់រងថ្លៃជើងហោះហើរ។ រហូតដល់ពួកគេបញ្ជាក់ ខ្ញុំមិនអាចនិយាយថា នរណាឡើយ”។
លោក ម៉ែន សោន អាយុ៣៥ឆ្នាំដែលស្ថិតក្នុងចំណោមអ្នកនេសាទខ្មែរដែលត្រូវបានជួយសង្គ្រោះនោះបាននិយាយតាមទូរស័ព្ទពីទីក្រុងទូអាលកាលពីម្សិលមិញថា លោករំពឹងថា នឹងត្រឡប់ទៅប្រទេសកំណើតវិញនៅថ្ងៃច័ន្ទ។
លោក សោន ដែលនៅលើទូកនេសាទថៃកាលពីឆ្នាំ២០១០ ហើយមិនបានត្រឡប់មកស្រុកកំណើតចាប់តាំងពីពេលនោះមកបាននិយាយថា “មន្ត្រីស្ថានទូតខ្មែរប្រាប់យើងតាមទូរស័ព្ទថា ពួកគេនឹងនាំយើងទៅប្រទេសកម្ពុជានៅថ្ងៃទី១១ ខែឧសភា”។
លោកបានមានប្រសាសន៍ថា “ខ្ញុំចង់ទៅប្រទេសកម្ពុជាវិញភ្លាមៗ ប្រសិនបើខ្ញុំអាចទៅបាន ពីព្រោះខ្ញុំនឹកឪពុកម្តាយរបស់ខ្ញុំខ្លាំងណាស់”៕ សារុន