យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កសិករម្នាក់នៅក្នុងខេត្តបាត់ដំបងបានស្លាប់ភ្លាមៗកាលពីរសៀលថ្ងៃអង្គារនៅពេលត្រាក់ទ័រដែលគាត់កំពុងបើកបានកិនគ្រាប់មីនចាស់មួយគ្រាប់។
លោក ជា ឈី នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍ថា លោក សន ស៊ីម អាយុ៣៦ឆ្នាំដែលធ្វើការជាកូនឈ្នួលឲ្យម្ចាស់ដីបានភ្ជួរដីដាំពោតនៅក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក នៅពេលគ្រោះថ្នាក់នេះបានកើតឡើង បណ្តាលឲ្យត្រាក់ទ័រដាច់ជាពីរ ហើយអ្នកបើកបរផ្លោងចេញពីត្រាក់ទ័រ។
លោកបានមានប្រសាសន៍ថា ដីស្រែនេះត្រូវបានធ្វើរយៈពេលយ៉ាងតិចប្រាំមួយឆ្នាំមកហើយដោយមិនមានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែ បានកត់សម្គាល់ថា ពួកឧទ្ទាមខ្មែរក្រហម បានដាក់មីននៅក្នុងតំបន់នេះក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីរបបនេះត្រូវបានផ្តួលរំលំដោយកងទ័ពវៀតណាម។
ដោយសំដៅដល់ការផ្ទុះនោះលោកបានមានប្រសាសន៍ថា “វាកើតឡើងជារឿយៗ ពីព្រោះតំបន់នេះធ្លាប់ស្ថិតក្រោមការកាន់កាប់របស់ខ្មែរក្រហម។ ពួកគេដាក់មីនដើម្បីរារាំងកងទ័ពវៀតណាមកុំឲ្យរុលចូលមក”។
លោក ឈិន សុភិន មេភូមិអូរតាសុកបានមានប្រសាសន៍ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលជាស្ថានប័នដោះមីនរបស់រដ្ឋាភិបាលបានដោះមីនក្នុងតំបន់មួយចំនួនហើយ ប៉ុន្តែមិនមែនតំបន់ជាក់់លាក់ដែលបានផ្ទុះកាលពីថ្ងៃអង្គារទេ។
លោកបានមានប្រសាសន៍ថា លោក សន ស៊ីម បានស្លាប់ចោលប្រពន្ធ និងកូនពីរនាក់ ដែលកូនច្បងអាយុ៥ឆ្នាំ។
គ្រោះថ្នាក់កាលពីថ្ងៃអង្គារកើតឡើងបន្ទាប់ពីការស្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍នៅក្នុងខេត្តព្រះវិហារ នៅពេលក្មេងប្រុសនេះ និងទាហានម្នាក់បានទម្លាក់គ្រាប់កាំភ្លើងផ្លោងចាស់មួយគ្រាប់ដែលពួកគេបានប្រទះឃើញខណៈដើររកអុសក្នុងព្រៃ។ ទាហានរូបនេះនិងកុមារពីរនាក់ទៀតក៏រងរបួសធ្ងន់ផងដែរ។
យោងតាមទិន្នន័យថ្មីបំផុតរបស់អាជ្ញាធរសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា យុទ្ធភណ្ឌមិនទាន់ផ្ទុះបានបណ្តាលឲ្យមនុស្សស្លាប់និងរបួស២៧នាក់កាលពីខែមករា និងខែកុម្ភៈ។ ក្នុងចំណោមនោះ មនុស្ស៦នាក់បានស្លាប់ បីរនាក់ត្រូវបានកាត់អវយវៈ និងនៅសល់ពីនោះរងរបួសស្រាល។
តួលេខរយៈពេលពីរខែគឺថយចុះពីរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន នៅពេលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានធ្វើឲ្យមនុស្សស្លាប់ឬរបួស៤០នាក់។
បើទោះជាមានការថយចុះបន្តបន្ទាប់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ចំនួនអ្នកស្លាប់និងរបួសបានកើនឡើងប្រហែល១ភាគ៣ក្នុងឆ្នាំ២០១៤ដល់ ១៥៤នាក់។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបន្ទោសការកើនឡើងនេះមួយផ្នែកដោយសារការផ្លាស់ទៅប្រើគ្រឿងចក្រសម្រាប់ធ្វើកសិកម្ម ដែលទំនងជាធ្វើឲ្យគ្រាប់មីនកប់ក្នុងដីផ្ទុះ។
ចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មក គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានធ្វើឲ្យមនុស្សស្លាប់ ឬរបួសច្រើនជាង៦៤.០០០នាក់នៅទូទាំងប្រទេស ដែលភាគច្រើននៃពួកគាត់រស់នៅតាមព្រំដែនថៃដែលជាកន្លែងសម្បូរគ្រាប់មីននៅឡើយ៕ សារុន