លោក មឿង សុន សកម្មជននយោបាយនិរទេសខ្លួនដែលត្រូវបានរកឃើញពិរុទ្ធភាពពីបទផ្សព្វផ្សាយព័ត៌មានមិនពិតកាលពីខែកក្កដាឆ្នាំ២០០៩ ជុំវិញការអះអាងថា ការដាក់អំពូលបំភ្លឺនៅប្រាសាទអង្គរវត្តនឹងធ្វើឲ្យខូចប្រាសាទនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយកាលពីព្រឹកម្សិលមិញ ដោយប្ដេជ្ញាថានឹងស្រោចស្រង់អង្គការមិនមែនរដ្ឋាភិបាលជាតិនិយមនេះឡើងវិញ ដែលលោកបានធ្វើជាប្រធាននៅពេលលោកបានភៀសខ្លួនចេញរយៈពេល៦ឆ្នាំកន្លងមក។
តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក មឿង សុន ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសកាលពីខែមុន ដោយអនុញ្ញាតឲ្យរូបលោកវិលត្រឡប់មកកាន់ប្រទេសវិញដោយមិនប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំនោះឡើយ បន្ទាប់ពីលោកបានភៀសខ្លួនទៅប្រទេសបារាំង។
បន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងហោះហើរពីទីក្រុងបាងកក លោក មឿង សុន បានធ្វើដំណើរទៅក្រុងតាខ្មៅ ខេត្តកណ្ដាល ទីដែលលោកបានរៀបចំពិធីមួយដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឪពុកម្ដាយរបស់លោកនៅទីនោះ។
ថ្លែងពីក្រុងតាខ្មៅ សកម្មជនរូបនេះបានលើកឡើងថា អាទិភាពទី១របស់លោកគឺត្រូវបង្កើតមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរឡើងវិញ ជាអង្គការមិនមែនរដ្ឋាភិបាលដែលលោកបានធ្វើជាប្រធានកាលពីឆ្នាំ២០០៩ នៅពេលលោកបានធ្វើអត្ថាធិប្បាយអំពីអង្គរវត្ត។
លោក មឿង សុន បានមានប្រសាសន៍ថា “នេះជាអាទិភាព ពីព្រោះចាប់តាំងពីខ្ញុំបានចាកចេញពីប្រទេសកំណើតមក អង្គការមិនមែនរដ្ឋាភិបាលរបស់ខ្ញុំបានបាត់បង់សមាជិក ដូច្នេះខ្ញុំត្រូវកសាងឡើងវិញ”។
លោក មឿង សុន បានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាសា៊ននៅដំណាច់ឆ្នាំនេះ និងការហូរចូលពលករចំណាកស្រុកកើនឡើងចាប់តាំងពីលោកបានចាកចេញកាលពីឆ្នាំ២០០៩នោះ មានន័យថា អង្គការមិនមែនរដ្ឋាភិបាលរបស់លោកនឹងត្រូវពង្រីកទំហំរបស់ខ្លួនហួសពីប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា កន្លែងណាដែលមានប្រជាជនខ្មែររស់នៅ ទោះបីជាពលករចំណាកស្រុកក៏ដោយ ក៏នឹងជាព្រលឹងជាតិរបស់យើងដែរ។ ខ្ញុំនិយាយថា វប្បធម៌ អរិយធម៌ទៅជាមួយពួកគេ ហើយអាចប្រៀបធៀបទៅនឹងស្រមោល”។
ប៉ុន្តែសកម្មជនរូបនេះដែលធ្លាប់ធ្វើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា ការស្ថិតនៅយូរអង្វែងរបស់អង្គរវត្តនឹងនៅតែជាការផ្ដោតដ៏សំខាន់របស់អង្គការលោក។
លោក មឿង សុន បានមានប្រសាសន៍ថា “ខ្ញុំទើបតែមកដល់នៅថ្ងៃនេះ ហើយមិនទាន់ទៅលេង ឬឃើញអង្គរវត្តនៅឡើយទេ។ អ្វីដែលខ្ញុំឃើញគឺតាមរយៈហ្វេសប៊ុក ហើយខ្ញុំមិនដឹងការពិតជាអ្វីនោះឡើយ…។ ប្រហែលជាសប្ដាហ៍ក្រោយ ខ្ញុំនឹងទៅលេងអង្គរវត្ត”។
លោកបានមានប្រសាសន៍ថា “ខ្ញុំចាប់អារម្មណ៍បញ្ហាមួយដែលខ្ញុំបានឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈវិទ្យុថា រដ្ឋាភិបាលបានដាក់ទោសទណ្ឌលើជនបរទេសមួយចំនួនដែលបានថតរូបអាក្រាត។ នេះជារឿងត្រឹមត្រូវ ពីព្រោះវាជាកន្លែងពិសិដ្ឋ”។
លោកបានបន្ថែមថា “ខ្ញុំចង់ឃើញថា តើកន្លែងទាំងនោះបានដាក់ស្លាកសញ្ញាប្រាប់ភ្ញៀវទេសចរថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យថតរូបអាក្រាត និងកុំឲ្យប៉ះពាល់ថ្មឬយ៉ាងណា”៕ សារុន