មន្ត្រីបាននិយាយថ្ងៃនេះថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានបង្ក្រាបលើកម្មករអូសរទេះដឹកទំនិញចេញចូលច្រកព្រំដែនកម្ពុជាថៃ ដែលបានតវ៉ាបិទផ្លូវនៅក្នុងក្រុងប៉ោយប៉ែត ហើយបណ្តាលឲ្យកម្មករម្នាក់ទទួលរងរបួស។
លោក ហ៊ាន ត្រេន តំណាងកម្មករនៅក្រុងប៉ោយប៉ែត បាននិយាយថា កម្មករអូសរទេះយ៉ាងហោចណាស់១០០នាក់ បានយករទេះបិទផ្លូវអស់រយៈពេលពីរបីម៉ោង មុននឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបនៅម៉ោងប្រហែល១២ថ្ងៃត្រង់ ដែលបណ្តាលឲ្យកម្មករម្នាក់ឈ្មោះ ម៉ៅ សុន អាយុ៣២ឆ្នាំទទួលរងរបួស។
លោក ត្រេន បាននិយាយថា “យើងទាមទារកុំឲ្យគយយកថ្លៃបង់ពន្ធហួសហេតុពេក ហើយឃុបឃិតជាមួយអ្នករកស៊ីធំធ្វើបាបកម្មករតូចតាច”។
លោក ត្រេន បាននិយាយថា ការចុះបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើឲ្យកម្មករខឹងខ្លាំង ហើយពួកគេក៏យកដុំថ្មគប់ចូលការិយាល័យគយ។
លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាននិយាយថា កម្មករបានយកដុំថ្មគប់លើការិយាល័យគយ និងធ្វើឲ្យខូចខាតកញ្ចក់រថយន្តប្រាំគ្រឿងផងដែរ។
លោក ដា បាននិយាយថា “ឥឡូវនេះ យើងបានស្តារសភាពការណ៍នឹងនរវិញហើយ”។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរកំពុងប្រជុំដោះស្រាយបញ្ហានោះនៅឡើយ។ លោក ឈួន ហៃ ប្រធានគយច្រកទ្វារប៉ោយប៉ែត មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ៕