ក្រុម មន្ត្រីបាននិយាយថា សាលាដំបូងខេត្តតាកែវបានចោទប្រកាន់បុរសម្នាក់ និងបក្ខពួករបស់ខ្លួនពីបទឆបោកកាលពីម្សិលមិញ ដែលបានធ្វើដំណើរទៅតាមភូមិនានាដោយក្លែងជាព្រះរាជបុត្ររបស់ ព្រះបរមរតនកោដ្ឋ សម្ដេចឪ នរោត្តម សីហនុ ដើម្បីបញ្ចុះបញ្ចូលអ្នកភូមិឲ្យទិញគ្រឿងអលង្ការក្លែងក្លាយ។
លោក អុ៊ក សំណាង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា នរោត្តម រដ្ឋា អាយុ៦២ឆ្នាំ និងបក្ខពួករបស់ខ្លួនឈ្មោះ ជឹម ភាន់ អាយុ៥៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីទទួលបានព័ត៌មានថា ឈ្មោះ រដ្ឋា នេះបានក្លែងជាព្រះអនុជពៅរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
ឧត្ដម សេនីយ៍ត្រី សំណាង បានមានប្រសាសន៍ថា បន្ទាប់ពីយើងទទួលបានព័ត៌មានពីអ្នកភូមិ យើងបានរាយការណ៍ទៅសាលាដំបូងខេត្ត ហើយព្រះរាជអាជ្ញាបានបង្គាប់ឲ្យយើងចាប់ខ្លួនពួកគេ ខណៈដែលពួកគេបានបញ្ចុះបញ្ចូលអ្នកភូមិឲ្យជឿថា ឈ្មោះ រដ្ឋា នេះជាសមាជិកព្រះរាជវង្សានុវង្ស”។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានមានប្រសាសន៍ថា ជនឆបោកទាំងនេះដែលមកពីខេត្តកណ្ដាលនោះ ក៏បានប្រាប់អ្នកភូមិផងដែរថា គ្រឿងអលង្ការនេះជារបស់ព្រះរាជវង្សានុវង្ស។
លោក បានបន្ថែមថា អ្នកភូមិបានរាយការណ៍ថា ជនសង្ស័យទាំងនេះបានលក់ចិញ្ចៀនក្លែងក្លាយក្នុងតម្លៃចាប់ពី៣០ទៅ ៥០ដុល្លារ ហើយបន្ទាប់មកសន្យាថា នឹងត្រឡប់មកវិញក្នុងរយៈពេល៥ទៅ១០ខែក្រោយដើម្បីមកទិញចិញ្ចៀន ទាំងនេះវិញក្នុងមួយវង់ៗតម្លៃ១.០០០ដុល្លារ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានអះអាងថា ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទឆបោក៕ សារុន