The Cambodia Daily Khmer

​អ្នក​​នាំពាក្យ​លើក​ឡើង​ថា រដ្ឋាភិបាល​​​​​​ធុញ​​​ទ្រាន់​​​នឹង​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា

បន្ទាប់​​​ពី​​​ចំនួន​​​នៃ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ម៉ុងតាញ៉ា​​​ដែល​​​មក​​​ដល់​​​​​​រាជ​​​ធានីភ្នំពេញ​​​​​​​​​​​​បាន​​​កើត​​​ឡើង​​​ដល់​​​៧៤​​​នាក់​​​ អ្នក​​​នាំពាក្យ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញថា ​​​រដ្ឋាភិបាល​​​ “ធុញ​​​ទ្រាន់” នឹង​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​​​​កោន​​​ជនជាតិ​​​ម៉ុងតាញ៉ា ហើយ​​​គ្មានផែន​​​​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឡើយ​​​។

ឧត្តមសេនីយ៍ ខៀវ​​​ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​​​​បាន​​​​​​លើក​​​ឡើ​​​ងថា ​​​កម្ពុជា​​​​​​ប្រហែល​​​ជា​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡើយ​​​​​​ ប្រសិន​​​បើមិន​​​បាន​​​រង​​​ការ​​​រិះគន់​​​ចំពោះ​​​ការ​​​និរទេស​​​ក្រុម​​​មុន​​​ៗ​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ធុញ​​​ទ្រាន់​​​នឹង​​​កម្មវិធី​​​ជន​​​ភៀស​​​ខ្លួន​​​ និង​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​​​​។ យើង​​​គ្មាន​​​ចំណាប់​​​អារម្មណ៍​​​ណា​​​មួយ​​​លើ​​​ពួក​​​​​​គេ​​​ឡើយ​​​ ប៉ុន្តែ មក​​​ពី​​​យើង​​​បាន​​​ទទួល​​​រង​​​​​​សម្ពាធ​​​”។

លោក​​​បាន​​​បន្ថែម​​​ដោយ​​​សំដៅ​​​លើ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ថា “យើង​​​មិន​​​ខ្វល់​​​អំពី​​​​​​​​​អ្នក​​​​​​ទាំង​​​៤៧​​​នាក់​​​នេះ​​​​​​​​​ឡើយ​​​ ឬអ្វី​​​ក៏​​​ដោយ​​​”។ ​​​​​​

ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំងអស់​​​ដែល​​​ជា​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​មក​​​ពី​​​​​​តំបន់​​​ភាគ​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​​​​បាន​​​និយាយ​​​ថា ពួកគេកំពុង​​​ភៀស​​​ខ្លួន​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ដោយ​​​រដ្ឋាភិបាល​​​វៀតណាម​​​ដែល​​​រក្សា​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្នីទ​​​​​​ជាមួយ​​​កម្ពុជា​​​។

លោកស្រី​​​ វ៉ាន​​​ ហៀលី (Wan-Hea Lee) តំណាង​​​​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​ (OHCHR)បាន​​​លើក​​​ឡើង​​​ថា ​​​ឥឡូវ​​​នេះ​​​មាន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ចំនួន​​​៧៤​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែល​​​កំពុង​​​រង់​​​ចាំ​​​ដាក់​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “ក្រុម​​​​​​ចុង​​​ក្រោយ​​​បាន​​​​​​មក​​​​​​ដល់​​​កាល​​​ពី​​​ពីរ​​​បី​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​​”។

​​​បន្ថែម​​​ពី​​​លើ​​​​​​អ្នក​​​​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ទាំង​​​៧៤​​​នាក់​​​នេះ​​​ ដែល​​​អ្នក​​​​​​ខ្លះ​​​បាន​​​​​​មក​​​ដល់​​​រាជ​​​ធានីភ្នំពេញ​​​តាំង​​​ពី​​​ខែ​​​មករា​​​មក​​​ម្លេ៉ះ​​​នោះ​​​ នៅ​​​មាន​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ចំនួន​​​១៣​​​នាក់​​​ទៀត​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​។ ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទទួល​​​ស្គាល់​​​អ្នក​​​ទាំង​​​១៣​​​​​​នាក់​​​នេះ​​ជា​​​​​​ជន​​​ភៀស​​​ខ្លួន​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​ខែ​​​មីនា។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​លើក​​​ឡើ​​​ង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ក្រសួង​​​របស់​​​លោក​​​​​​បាន​​​ស្នើ​​​​​​​​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​ (UNHCR) កាល​​​ពី​​​ខែ​​​មីនា ឲ្យ​​​ស្វែង​​​រក​​​​​​ប្រទេស​​​ទី​​​៣​​​សម្រាប់​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទាំង​​​១៣​​​នាក់​​​​​​នេះ​​​តាំង​​​ទី​​​លំនៅថ្មី​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចាប់​​​តាំង​​​ពី​​​យើង​​​បាន​​​ទទួល​​​ស្គាល់​​ពួក​​​គេ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​មក​​​ យើង​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​ UNHCR ដើម្បី​​​ស្នើ​​​ឲ្យ​​​ពួក​​​គេ​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​សម្រាប់​​​អ្នក​​​ទាំង​​​១៣​​​នាក់​​​នេះ​​​តាំង​​​ទី​​​លំនៅ​​​​​​ថ្មី​​​។មក​​​ទល់​​​ពេល​​​នេះ​​​យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ដំណឹង​​​អ្វី​​​ឡើយ​​​ សូម្បី​​​តែ​​​បន្តិច​​​​​​…ពួក​​​គេ​​​ស្ងាត់​​​ដូច​​​ចោរ​​​អ៊ីចឹង​​​”។

លោកស្រី​​​ វីវៀន តាន (Vivian Tan) មន្ត្រី​​​ផ្នែក​​​ព័ត៌​​​មាន​​​ប្រចាំ​​​តំបន់​​​​​​នៃ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​​​​ បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​សហប្រជា​​​ជាតិ​​​កំពុង​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​នៅ​​​ឡើយ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “យើង​​​កំពុង​​​តែ​​​ព្យាយាម​​​ ប៉ុន្តែ មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​នៅ​​​មិន​​​ទាន់​​​មាន​​​លទ្ធផល​​​នៅ​​​ឡើយ​​​ទេ​​​”។

ចាប់​​​តាំង​​​ពី​​​​​​ខែ​​​តុលា​​​មក​​​ ជន​​​ជាតិ​​​ភា​​គ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​១៣០​​​នាក់​​​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​​​​ដោយ​​​ភាគច្រើន​​​ឆ្លង​​​កាត់​​​តាម​​​រយៈ​​​ខេត្ត​​​រតនគិរី​​​នា​​​ភាគ​​​ឦសាន្ត​​ប្រទេស។ អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ប្រហែល​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​និរទេស​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។

អ្នក​​​ភូមិ​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​​​​បាន​​​ផ្តល់​​​ជំនួយ​​​ដល់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ពេល​​​ពួកគេ​​​​​​បាន​​​​​​មក​​​ដល់​​​។ អ្នក​​​ភូមិ​​​ម្នាក់​​​ដែល​​​​​​ស្នើ​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ព្រោះ​​​​​​ខ្លាច​​​ក្រែង​​​មាន​​​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​នៅ​​​មាន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​ចំនួន​ប្រាំ​មួយ​នាក់​ទៀតនៅ​ក្នុង​ខេត្ត​រតនគិរី​។

អ្នក​ភូមិ​រូប​នេះ​បាន​​និយាយ​ថា “ឥឡូវ​នេះ​ គ្មាន​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ាមក​​​​​​ខេត្ត​​​រតនគិរី​​​បន្ថែម​​​ទៀត​​​ឡើយ​​​ ហើយ​​​​​​នៅ​​​មាន​​​ប្រាំ​​​មួយ​​​នាក់​​​​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​នៅ​​​ឡើយ​​​”។

​​​ការ​​​មក​​​ដល់​​​របស់​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ាកាល​ពីខែ​តុលា​គឺជា​ការ​ហូរ​ចូល​ចុង​ក្រោយ​ចាប់​តាំង​ពី​ពួក​គេ​រាប់​ពាន់​នាក់​បាន​ចាប់​ផ្តើម​ភៀស​ខ្លួន​​មក​ប្រទេស​កម្ពុជា​​កាល​ពី​ឆ្នាំ​២០១១​។ ក្នុង​ចំណោម​ពួក​​គេ​ទាំង​អស់​នោះ​​ មាន​ប្រហែល​២.០០០នាក់​ទីបំផុត​​ត្រូវ​បាន​ផ្តល់​ទី​លំនៅ​ថ្មី​នៅ​សហរដ្ឋអាមេរិក​។

តែ​ទោះជា​យ៉ាង​ណា នៅ​ក្នុង​កិច្ច​សម្ភាស​មួយកាល​ពី​ដើម​ខែ​នេះ​ ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​ម្នាក់​ដែល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា ខ្លួន​ និង​ក្រុម​របស់​ខ្លួន​​មិន​ចង់​​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​លោក​ខាង​លិច​ឡើយ។

ផ្ទុយ​​​ទៅ​​​វិញ​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​រូប​នេះ​បាន​និយាយ​ថា ពួក​គេ​ចង់​​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​​ពួក​គេ​ត្រូវ​បាន​​​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ស្រប​ច្បាប់​កាន់​កាប់​ដី ដែល​​ពួក​​​គេ​​​អះ​​​អាង​​​ថា​​​ត្រូវ​​​បាន​​​គេ​រឹបអូស​នៅ​​​ក្នុង​​​​ប្រទេស​វៀតណាម៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ អូន ភាព)

 

Exit mobile version