លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការអំពាវនាវរបស់សមាជិកសភាគណបក្សប្រឆាំងក្នុងការធានាថា តំបន់ជ្រលងអារ៉ែងនៅខេត្តកោះកុងត្រូវបានប្រែក្លាយទៅជាទិសដៅអេកូទេសចរណ៍ ដោយលើកឡើងនៅក្នុងលិខិតមួយច្បាប់ថា លោកបានដោះស្រាយពីរលើករួចមកហើយអំពីអនាគតតំបន់ជ្រលងនេះ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ៦រូបបានចុះហត្ថលេខាលើលិខិតមួយច្បាប់ផ្ញើជូនលោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែឧសភា សុំឲ្យលោកបញ្ឈប់គម្រោងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងនេះ ដែលនឹងបង្ខំឲ្យជនជាតិដើមភាគតិចជងជាង១.៣០០នាក់ចាកចេញពីផ្ទះសំបែងរបស់ខ្លួន និងធ្វើឲ្យជន់លិចផ្ទៃដីទំហំ៩.៥០០ហិកតាដែលជាជម្រកប្រភេទសត្វរងការគំរាមកំហែងនោះ កុំឲ្យដំណើរការទៅមុខ។
នៅក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃទី១៥ ខែមករាដែលត្រូវបានផ្ញើជូនឆ្លើយតបទៅនឹងសំណើរបស់លោកស្រី តែ ចាន់មុនី សមាជិកសភា គណបក្សប្រឆាំង ឲ្យពិចារណាលុបចោលគម្រោងនេះ លោក ហុ៊ន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាល “ចាត់ទុកតំបន់អារ៉ែងថា ជារតនសម្បត្តិដ៏មានតម្លៃ”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “មិនថា យើងមានសំណើឬអត់សម្រាប់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងទេ ការប្រែក្លាយតំបន់អារ៉ែងទៅជាតំបន់អេកូទេសចរណ៍គឺជារបៀបវារៈមុនដែលរដ្ឋាភិបាលកំពុងពិចារណា”។
ប៉ុន្តែកាលពីម្សិលមិញ លោក អុ៊ុំ សំអាន សមាជិកសភាគណបក្សប្រឆាំងមួយរូបដែលបានចុះហត្ថលេខាលើសំណើថ្មីបំផុតនោះ បានមានប្រសាសន៍ថា លោកចង់បានការប្តេជ្ញាចិត្តរឹងមាំពីលោកនាយករដ្ឋមន្ត្រី។
លោកបានមានប្រសាសន៍ថា “ការឆ្លើយតបនេះគឺមិនគ្រប់គ្រាន់ទេ ពីព្រោះយើងមិនទាន់បានឃើញអនុក្រឹត្យជាលាយលក្ខណ៍អក្សរទាក់ទងថា តើរដ្ឋាភិបាលនឹងអភិវឌ្ឍ ឬមិនអភិវឌ្ឍតំបន់អេកូទេសចរណ៍នេះឡើយ”។
លោកបានបន្ថែមថា “រដ្ឋាភិបាលបានលើកឡើងថា ពួកគេកំពុងសិក្សាអំពីបញ្ហានេះ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនទាន់ឃើញសកម្មភាពណាមួយនៅក្នុងតំបន់អារ៉ែងនៅឡើយទេ”។
ការឆ្លើយតបដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២ ខែ ធ្នូ ហើយទទួលបានកាលពីម្សិលមិញបង្ហាញថា លោក ហ៊ុន សែន ធុញទ្រាន់នឹងការទាមទាររបស់គណបក្សប្រឆាំង។
ដោយសំដៅដល់លិខិតដែលផ្ញើជូនលោកស្រី ចាន់មុនី និងមួយច្បាប់ទៀតផ្ញើជូនលោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិកាលពីខែមិថុនា ឆ្នាំ២០១២នោះ លិខិតរបស់លោកមានខ្លឹមសារថា “សំណើរបស់សមាជិកសភា៦រូបគឺដូចគ្នា វាជាករណីដូចគ្នាដែលរាជរដ្ឋាភិបាលបានឆ្លើយតបពីរលើកហើយនៅរដ្ឋសភា។
លិខិតដដែលនេះបន្ថែមថា “ការបញ្ជាក់របស់រាជរដ្ឋាភិបាលពីរលើកក្នុងពេលកន្លងមកគឺមានខ្លឹមសារគ្រប់គ្រាន់ហើយ និងក្នុងន័យឆ្លើយតបទៅនឹងសំណើថ្មីបំផុតនេះឯង”៕សារុន