ក្រុមមន្ត្រីនៅសាលាដំបូងរាជធានីភ្នំពេញ និងក្រសួងយុត្តិធម៌ កាលពីម្សិលមិញបានបញ្ជាក់ថា ព្រះរាជអាជ្ញានិងចៅក្រមខេត្តសៀមរាបបានប្ដឹងលោក នី ចរិយា អ្នកតស៊ូមតិសិទ្ធិមនុស្សពីបទបរិហារកេរ្តិ៍ជុំវិញពាក្យបណ្ដឹងដែលគាត់បានប្ដឹងលោកទាំងពីរនាក់កាលពីខែមុន។
កាលពីខែឧសភា លោក នី ចរិយា ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកបានដាក់ពាក្យបណ្ដឹងទៅក្រសួងយុត្តិធម៌ និងតុលាការកំពូល ប្ដឹងលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងលោក គី រិទ្ធី ចៅក្រមស៊ើបសួរជុំវិញការដោះស្រាយវិវាទដីធ្លីក្នុងមូលដ្ឋាន។
លោក នី ចរិយា បានចោទប្រកាន់លោកទាំងពីរថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការចោទប្រកាន់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ដាក់ពន្ធនាគារចំពោះការតវ៉ាប្រឆាំងក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិចោទថា បានព្យាយាមរឹបអូសយកដីស្រែរបស់ពួកគាត់ដោយខុសច្បាប់។
កាលពីម្សិលមិញ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោកព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរបានប្ដឹងអ្នកតស៊ូមតិសិទ្ធិមនុស្សរូបនេះពីបទបរិហារកេរ្តិ៍ ដោយសារពាក្យបណ្ដឹងរបស់គាត់ប្ដឹងលោកទាំងពីរ។
លោកបានមានប្រសាសន៍ថា “ករណីនេះគឺទាក់ទងចៅក្រម និងព្រះរាជអាជ្ញាដែលដាក់ពាក្យបណ្ដឹងប្ដឹងអង្គការអាដហុក។ វាជាវិវាទបុគ្គល មិនមែនរវាងស្ថាប័នមួយនិងស្ថាប័នមួយទៀតឡើយ។ វាជាវិវាទរវាងអ្នកដែលធ្វើការនៅអង្គការអាដហុក និងអ្នកផ្សេងទៀតក្នុងប្រព័ន្ធតុលាការ”។
លោកបានមានប្រសាសន៍ថា “ពាក្យបណ្ដឹងនេះហាក់ដូចជាការបរិហារកេរ្តិ៍។ វាស្ថិតក្នុងដៃសាលាដំបូងរាជធានីភ្នំពេញ”។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានបញ្ជាក់ថា លោកបានសាកសួរមេធាវីតំណាងព្រះរាជអាជ្ញារង និងចៅក្រមរូបនេះដែលប្ដឹងលោក នី ចរិយា ប៉ុន្តែបានបដិសេធមិននិយាយលម្អិតឡើយ។ លោក សៀង សុខ បានមានប្រសាសន៍ថា “យើងកំពុងធ្វើការលើករណីនេះ ដូច្នេះកុំសួរអី”។
កាលពីម្សិលមិញ លោក នី ចរិយា បានមានប្រសាសន៍ថា លោកបានអានព័ត៌មានអំពីពាក្យបណ្ដឹងដែលប្ដឹងរូបលោក ប៉ុន្តែមិនទាន់ទទួលបានការជូនដំណឹងផ្លូវការនៅឡើយទេ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
ចំណែកឯពាក្យបណ្ដឹងរបស់លោក នី ចរិយា ប្ដឹងចៅក្រម និងព្រះរាជអាជ្ញារូបនោះវិញ លោក ជិន មា៉លីន បានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌កំពុងពិនិត្យមើលការចោទប្រកាន់នោះ ដើម្បីកំណត់ថាតើត្រូវធ្វើការស៊ើបអង្កេតផ្លូវការឬយ៉ាងណានោះ។
លោកបានមានប្រសាសន៍ថា “យើងកំពុងពិនិត្យមើលដើម្បីរកឲ្យឃើញថា តើករណីនេះអនុវត្តតាមច្បាប់ឬក៏អត់។ យើងត្រូវពិនិត្យអង្គហេតុ ហើយបានធ្វើការស៊ើបអង្កេតជាបឋមដើម្បីសម្រេចថា តើត្រូវធ្វើការលើពាក្យបណ្ដឹងនេះឬមិនធ្វើ”៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)