ក្រុមមន្ត្រីបាននិយាយថា កាលពីម្សិលមិញសាលាដំបូងខេត្តស្វាយរៀងបានចោទប្រកាន់បុរសម្នាក់ពីបទឆបោកដែលតាមចោទថា បានបោកប្រាស់ប្រជាជនជាង១០០គ្រួសារយកបានប្រាក់សរុបអស់១០០.០០០ដុល្លារដោយការបញ្ចុះបញ្ចូលពួកគាត់ឲ្យខ្ចីប្រាក់នៅធនាគារអេស៊ីលីដា ដោយប្រើប្រាស់ដីរបស់ខ្លួនជាដើមទុន ហើយបន្ទាប់មកយកប្រាក់ទាំងនោះទៅដាក់ក្រុមហ៊ុនខ្លែងក្លាយរបស់ជននេះ។
លោក កែវ សុថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានមានប្រសាសន៍ថា ក្រុមមន្ត្រីបានចាប់ខ្លួនលោក ចិត្ត សារិន អនុប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ភូមិកម្ពុជាក្នុងឃុំពងទឹកស្រុករំដួលកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា លោក ចិត្ត រ៉េន ជាបងប្អូនប្រុសរបស់គាត់គឺជាប្រធានទីភ្នាក់ងារនេះ ហើយកំពុងរត់គេចខ្លួននៅឡើយ។
លោក សុថា បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៣ បងប្អូនប្រុសបង្កើតនេះបានចាប់ផ្តើមប្រាប់អ្នកភូមិថា ប្រសិនបើពួកគាត់ប្រើប្រាស់ដីរបស់ខ្លួនដើម្បីខ្ចីប្រាក់ ហើយយកប្រាក់នោះទៅដាក់នៅក្រុមហ៊ុនពួកគេនោះ ពួកគាត់នឹងទទួលបានការប្រាក់៤០ភាគរយ បន្ទាប់ពីរយៈពេលពីរឆ្នាំ។
លោក សុថា បានមានប្រសាសន៍ថា “យើងបានព្យាយាមរំឭកប្រាប់ពួកគាត់ថា ពួកគាត់នឹងមានបញ្ហានៅពេលអនាគតមិនខាន”។
យោងតាមលោក សុថា បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនលោក សារិន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាជន១៣គ្រួសារកាលពីថ្ងៃ៣០ខែឧសភា។ គ្រួសារទាំងនេះមានការសង្ស័យ បន្ទាប់ពីជួបប្រជុំជាមួួយធនាគារអេស៊ីលីដា។
លោក សុថា បានមានប្រសាសន៍ថា ប្រជាជនប្រហែល១០០គ្រួសារបានខ្ចីប្រាក់កាលពីឆ្នាំ២០១៣ ហើយទទួលបានការប្រាក់របស់ខ្លួនតាមការសន្យាបន្ទាប់ពីរយៈពេលពីរឆ្នាំ។លោកបានពន្យល់ថា រឿងនេះបានធ្វើឲ្យពួកគាត់ និងអ្នកផ្សេងទៀតជឿជាក់ ដោយបានទៅខ្ចីប្រាក់បន្ថែមទៀត។
លោក ហឹុង ប៊ុនជា អគ្គព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកបានចោទប្រកាន់បុរសឈ្មោះ សារិន ពីបទឆបោកកាលពីម្សិលមិញ។
លោក សុត ដន មេឃុំពងទឹកបានមានប្រសាសន៍ថា លោកបានព្យាយាមប្រាប់អ្នកភូមិថា ពួកគាត់អាចចាញ់បោកគេ ប៉ុន្តែ ថា ការដាស់តឿនរបស់លោកមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។
លោកបានមានប្រសាសន៍ថា “ពួកគាត់មិនខ្វល់ឡើយ ពីព្រោះពួកគាត់ឃើញការប្រាក់ខ្ពស់ ហើយគិតថា ពួកគាត់មិនចាំបាច់ខំធ្វើការទេ”។
លោក តុល ថុល អនុប្រធានសាខាធនាគារអេស៊ីលីដា ខេត្តស្វាយរៀងបានមានប្រសាសន៍ថា មិនមានការបង់ការប្រាក់ទាក់ទងប្រាក់កម្ចីទាំងនោះឡើយចាប់តាំងពីខែមេសាមក ហើយថា ការប្រាក់ទាំងអស់នឹងត្រូវបង់ពេញ ទើបគ្រួសារទាំងនោះអាចយកប័ណ្ណកម្មសិទ្ធិដីរបស់ខ្លួនទៅវិញបាន។
លោកបានមានប្រសាសន៍ថា “នៅក្នុងកិច្ចសន្យា ពួកគាត់បានសន្យាចំពោះយើងថា ប្រាក់នោះគឺខ្ចីយកទៅធ្វើអាជីវកម្ម។ បើទោះជាពួកគាត់យកប្រាក់នោះទៅធ្វើអ្វីផ្សេងក៏ដោយ ក៏យើងមិនខ្វល់ដែរ។ ពួកគាត់ត្រូវបង់ការប្រាក់ទាំងអស់ដល់យើង”៕សារុន