ក្រុមមន្ត្រី និងសាក្សីបានឲ្យដឹងកាលពីម្សិលមិញថា បុរសបីនាក់បានស្លាប់កាលពីល្ងាចថ្ងៃអង្គារ នៅពេលផ្ទាំង [ថ្មមា៉ប] មានទម្ងន់ជាង៥០០គីឡូក្រាមបានធ្លាក់លើពួកគេ ខណៈពួកគេកំពុងជញ្ជូនទំនិញថ្មម៉ាបចេញពីកុងតឺន័រនៅក្នុងឃ្លាំងមួយក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។
យោងតាមកម្មករម្នាក់ឈ្មោះ សុខ ពៅ អាយុ២៥ឆ្នាំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ប៊ុណ្ណា អាយុ៣២ឆ្នាំ ហាត រដ្ឋា អាយុ២៥ឆ្នាំ និង ថោង បូរ៉ា អាយុ២៩ឆ្នាំបានធ្វើការម្តងម្កាលឲ្យក្រុមហ៊ុននាំចូលថ្មមា៉ាប Xin Yong Thai គ្រប់គ្រងដោយជនជាតិចិន ហើយពួកគេកំពុងតែជញ្ជូនទំនិញចេញពីកុងតឺន័រជាមួយបុរសផ្សេងៗទៀតកាលពីថ្ងៃអង្គារ នៅពេលថ្មម៉ាបប្រហែល១០ផ្ទាំងដែលគេរៀបជាគំនរជាប់ជញ្ជាំងកុងតឺន័របានរលំលើបុរសម្នាក់ក្នុងចំណោមបុរសទាំងបី ដែលហៅគេឲ្យជួយ ខណៈបុរសដែលថ្មម៉ាបសង្កត់លើកំពុងព្យាយាមរុញថ្មម៉ាបចេញពីខ្លួន។
សុខ ពៅ បានឲ្យដឹងបន្ថែមថា បន្ទាប់មកជនរងគ្រោះពីរនាក់ផ្សេងទៀតបានស្ទុះទៅជួយជនរងគ្រោះដែលថ្មម៉ាបកំពុងសង្កត់លើ។
សុខ ពៅ បាននិយាយថា “បុរសទាំងបីនាក់នោះបានព្យាយាមរុញថ្មមា៉បចេញ ប៉ុន្តែ វាធ្ងន់ខ្លាំងពេក ហើយថ្មម៉ាបបានធ្លាក់រលំលើពួកគេ ដែលបណ្តាលឲ្យពួកគេស្លាប់ភ្លាមៗ។ ខ្ញុំរន្ធត់ខ្លាំងណាស់ ហើយខ្ញុំ និងអ្នកផ្សេងៗទៀតបានព្យាយាមយកញញួរទៅវាយបំបែកថ្មម៉ាបដែរ ប៉ុន្តែ ពួកគេបានស្លាប់បាត់ទៅហើយ”។
សុខ ពៅ បានលើកឡើងទៀតថា ក្រុមហ៊ុន Xin Yong Thai បានជួលកម្មករ១១នាក់ឲ្យមកធ្វើការនៅពេលយប់រាល់មួយខែ ឬពីរខែម្តងដោយឲ្យប្រាក់ទៅកម្មករទាំងអស់នេះសរុបចំនួន១២០ដុល្លារ។
យោងតាម លោក លី សាវ៉េត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា លោក ចេង ស៊ីភីង ម្ចាស់ក្រុមហ៊ុន និងលោក ចូវ មៀវហាន ដែលនគរបាលនិយាយថាជាមិត្តភក្តិរបស់ម្ចាស់ក្រុមហ៊ុនត្រូវបានចាប់ខ្លួនភ្លាមៗក្រោយកើតហេតុការណ៍ ហើយត្រូវបានឃំុឃាំងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
លោក សាវ៉េត បានមានប្រសាសន៍ថា “ខ្ញុំបានបញ្ជាឲ្យពួកគេបញ្ឈប់ប្រតិបត្តិការរហូតដល់ការសងសំណងជំងឺចិត្តត្រូវបានដោះស្រាយរួចរាល់”។ លោកបានបន្ថែមថា លោកបានចុះទៅឃ្លាំងនោះដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លាកាលពីយប់ថ្ងៃអង្គារ ហើយបានរកឃើញថា ក្រុមហ៊ុននេះខ្វះឧបករណ៍ដែលមានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវក្នុងការលើកដាក់ថ្មមា៉ាប។
លោកបានមានប្រសាសន៍ទាក់ទិននឹងម្ចាស់ក្រុមហ៊ុន និងមិត្តភក្តិម្ចាស់ក្រុមហ៊ុនថា “ខ្ញុំគិតថា ពួកគេត្រូវតែប្រឈមមុខនឹងតុលាការ”។ លោកបានបន្ថែមថា ក្រុមហ៊ុនគួរតែជួលអ្នកជំនាញមកធ្វើការងារនេះ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
នៅពេលអ្នកយកព័ត៌មានបានចុះទៅឃ្លាំងនោះកាលពីម្សិលមិញ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅទៅនោះគឺស្ត្រីម្នាក់ដែលប្រាប់ថា ខ្លួនមានឈ្មោះ ចេង ហើយគឺជាអ្នកបកប្រែឲ្យលោក ចេង ស៊ីភីង។
អ្នកបកប្រែរូបេនះបានឲ្យដឹងថា ថៅកែរបស់ខ្លួនសម្រេចជួលកម្មករគ្មានជំនាញមកធ្វើការគឺដោយសារការអាណិតអាសូរ។ អ្នកបកប្រែរូបនេះបាននិយាយថា “មានអ្នកជំនាញធ្វើការនេះ ប៉ុន្តែ ម្ចាស់ក្រុមហ៊ុនចង់ជួលបុរសទាំងនេះ ហេតុដូច្នេះគាត់អាចជួយពួកគេរកប្រាក់បានខ្លះសម្រាប់ចិញ្ចឹមជីវិត”៕ស៊ុយឈាង