មន្ត្រីនគរបាលបានឲ្យដឹងកាលពីម្សិលមិញថា បុរសពីរនាក់បានរងរបួសធ្ងន់នៅក្នុងការវាយប្រហារដោយក្រុមក្មេងស្ទាវប្រដាប់ដោយដាវសាំមូរ៉ៃ នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញកាលពីយប់ថ្ងៃពុធ។
លោក ឈុន គឹមហាន នាយរងប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣ បានឲ្យដឹងថា ការវាយប្រហារនេះកើតឡើងចេញពីការមើលមុខឌឺដងដាក់គ្នារវាងជនសង្ស័យ និងជនរងគ្រោះប្រហែលមួយខែកន្លងមកហើយ។
លោក គឹមហាន បានលើកឡើងទៀតថា នៅម៉ោងប្រហែល៩និង៣០នាទីយប់ថ្ងៃពុធ ជនរងគ្រោះឈ្មោះ អ៊ុំ មិនាសេរីវិរៈ អាយុ២១ឆ្នាំ និង អឿន ចាន់ អាយុ៣០ឆ្នាំកំពុងជិះម៉ូតូជាមួយគ្នានៅពេលក្មេងស្ទាវមួយក្រុមមានគ្នាប្រហែលពីប្រាំមួយទៅប្រាំបួននាក់បានជួបពួកគេដោយចៃដន្យនៅតាមផ្លូវលេខ១៨៦ ហើយក៏ដេញតាមពួកគេ។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះបានព្យាយាមបើកម៉ូតូគេចខ្លួនពីក្រុមក្មេងស្ទាវទាំងនេះ។ ជនរងគ្រោះបើកម៉ូតូលឿនពេកដែលជាហេតុធ្វើឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ហើយក៏ដួលតែម្តង។ បន្ទាប់មកក្រុមក្មេងស្ទាវដែលដេញតាមបានមកដល់ ហើយបានចាប់ផ្តើមកាប់លើជនរងគ្រោះ”។
លោក គឹមហាន បានឲ្យដឹងទៀតថា នគរបាលអាចចាប់ខ្លួនជនសង្ស័យបានតែម្នាក់ប៉ុណ្ណោះ ក្រោយកើតហេតុការណ៍ គឺឈ្មោះ អ៊ុក សុវត្តមី អាយុ២២ឆ្នាំ ប៉ុន្តែ ជនសង្ស័យរូបនេះមិនបានប្រាប់ឈ្មោះគូកនរបស់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ថា “យើងនឹងតាមចាប់ខ្លួនអ្នកផ្សេងៗទៀតយកមកផ្តន្ទាទោសចំពោះមុខច្បាប់។ ខ្ញុំបានធ្វើរបាយការណ៍អំពីជនសង្ស័យដែលចាប់ខ្លួនបាននេះរួចហើយ”។
នៅឯមន្ទីរពេទ្យកាល់ម៉ែតកាលពីម្សិលមិញ ក្បាលរបស់ មិនាសេរីវិរៈ ត្រូវបានរុំដោយបង់រំុរបួស ហើយមិនអាចនិយាយបានឡើយ។
អ្នកស្រី ភោគ ចាន់ថុល ម្តាយរបស់ជនរងគ្រោះរូបនេះបាននិយាយថា គាត់មិនដឹងឡើយ ថា តើហេតុអ្វីបានជាគេវាយប្រហារកូនប្រុសរបស់គាត់។
អ្នកស្រីបាននិយាយថា “នេះគឺជាការវាយប្រហារដ៏សាហាវបំផុត។ក្មេងស្ទាវមួួយក្រុមធំយកដាវសាំមូរ៉ៃកាប់កូនរបស់ខ្ញុំ និងមិត្តភក្តិរបស់វា។ គោលបំណងនេះមិនមែនគ្រាន់តែគំរាមនោះទេ គឺប៉ុនប៉ងសម្លាប់តែម្តង”៕ស៊ុយឈាង