កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតទៅលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំខ្ចីផែនទីផ្លូវការនៃព្រំដែនខាងកើតរបស់កម្ពុជា ជាប់ជាមួយប្រទេសវៀតណាម ជាចំណាត់ការមួយដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានចាត់ទុកជាការសារភាពថា រដ្ឋាភិបាលបាននិងកំពុងកំណត់ព្រំដែនដោយមិនត្រឹមត្រូវ។
ក្នុងរយៈពេលជាង១ខែកន្លងមកនេះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានផ្គើននឹងយុទ្ធនាការដ៏តានតឹងដឹកនាំដោយគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ដែលទាមទារឲ្យខ្លួនបញ្ចេញផែនទីច្បាប់ចម្លងដែលខ្លួនប្រើប្រាស់ដើម្បីកំណត់ព្រំដែនជាមួយវៀតណាម រហូតឈានទៅដល់ការចោទប្រកាន់ថា រដ្ឋាភិបាលមិនបានអនុវត្តតាមផែនទីគូរដោយបារាំង ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ទៀតផង។
នៅក្នុងលិខិតសរសេរទៅកាន់លោក បាន គីមូន លោក ហ៊ុន សែន បានស្នើសុំច្បាប់ចម្លងនៃផែនទីដែលក្រុមភូមិសាស្ត្រឥណ្ឌូចិនរបស់បារាំងបានគូរអំឡុងសម័យអាណានិគម និងដែលក្រោយមកត្រូវបានព្រះអង្គម្ចាស់ នរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៤។
លោកបានសរសេរថា ”ខ្ញុំសូមស្នើឯកឧត្ដមអគ្គលេខាធិការ មេត្តាអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជា បានតម្កល់ទុកនៅអង្គការសហប្រជាជាតិ មកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយនឹងផែនទីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជិតខាង”។
លោកបានសរសេរទៀតថា ផែនទីទាំងនោះ “បញ្ជាក់យ៉ាងច្បាស់អំពីការប្រុងប្រយ័ត្ន និងភាពត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់ព្រំដែន” ហើយបញ្ចប់យុទ្ធនាការដឹកនាំដោយគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី កាលពីពេលថ្មីនេះដែលចោទប្រកាន់រដ្ឋាភិបាលថា បានអនុវត្តតាមផែនទីគូរដោយវៀតណាម។
លោកបានសរសេរបន្តថា “[សំណើនេះ] ក៏មានវត្ថុបំណងចៀសវាង និងបញ្ចប់ការញុះញង់ឲ្យមានគំនិតជាតិនិយមជ្រុលពីសំណាក់ជនមួយចំនួននៅកម្ពុជា ដើម្បីបំភាន់មតិជាតិ និងអន្តរជាតិក្នុងបំណងកេងចំណេញនយោបាយដែលអាចបង្កឲ្យមានមហន្តរាយដល់ប្រទេសកម្ពុជា ទាំងមូលផងដែរ”។
ចាប់តាំងពីខែមុនមក គណបក្សសង្គ្រោះជាតិ បានដឹកនាំដំណើរចុះទៅពិនិត្យមើលការទន្ទ្រានរបស់វៀតណាម ចូលក្នុងទឹកដីខេត្តចំនួនប្រាំផ្សេងគ្នាក្នុងប្រទេសកម្ពុជា
ជាបន្តបន្ទាប់ ដោយឈានទៅដល់ការប៉ះទង្គិចគ្នា នៅពេលសកម្មជនបានឈ្លោះគ្នារឿងបូរណភាពទឹកដីជាមួយជនស៊ីវិលវៀតណាម។
យុទ្ធនាការនេះបានធ្វើឡើងអមជាមួយកិច្ចប្រឹងប្រែងមួយដើម្បីបង្ខំឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ចេញជាសាធារណៈនូវផែនទីព្រំដែនផ្លូវការដែលនឹងអនុញ្ញាតឲ្យសកម្មជនគណបក្សសង្គ្រោះជាតិពិនិត្យផ្ទៀងផ្ទាត់ថា តើរដ្ឋាភិបាលបាននិងកំពុងបោះបង្គោលព្រំដែននៅកន្លែងត្រឹមត្រូវ ឬយ៉ាងណា។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា សំណើរបស់លោក ហ៊ុន សែន ទៅអង្គការសហប្រជាជាតិបានបង្ហាញថា តាមពិតរដ្ឋាភិបាលគ្មានផែនទីត្រឹមត្រូវដើម្បីយកមកសំអាងឡើយ នៅពេលកំណត់ព្រំដែន។
លោកបានលើកឡើងយ៉ាងដូច្នេះថា “វាជាភ័ស្តុតាងបង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនដែលមានផែនទីតម្កល់នៅអង្គការសហប្រជាជាតិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីយកមកប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់កំណត់ព្រំដែនទេ។ នេះមានន័យថា អ្វីដែលពួកគេបាននិងកំពុងកំណត់ព្រំដែនជាមួយវៀតណាម មិនស្របតាមរដ្ឋធម្មនុញ្ញឡើយ ហើយវាមិនបានផ្អែកទៅលើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិនោះទេ។ រឿងនេះមានភាពស្មុគស្មាញយ៉ាងខ្លាំង”។
តែទោះជាយ៉ាងណា លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោក ហ៊ុន សែន ស្នើសុំខ្ចីផែនទីដើម្បីបង្ហាញភ័ស្តុតាងជាក់ស្តែងថា ផែនទីដែលត្រូវបានប្រើប្រាស់ដើម្បីកំណត់ព្រំដែន គឺជាច្បាប់ចម្លងនៃផែនទីតម្កល់នៅអង្គការសហប្រជាជាតិ ប៉ុន្តែ លោកបានបដិសេធមិនបង្ហាញផែនទីច្បាប់ចម្លងនេះជាសាធារណៈទេ។
លោកបានមានប្រសាសន៍ថា “គាត់ចោទប្រកាន់រដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយដែលមិនមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនត្រឹមត្រូវទេ។ប្រសិនបើផែនទីដែលប្រើគឺជាផែនទីក្លែងក្លាយមែននោះ អ៊ីចឹងរដ្ឋាភិបាលមិនស្នើសុំខ្ចីផែនទីច្បាប់ដើមមកបញ្ជាក់នោះឡើយ។ តើ [លោក សម រង្ស៊ី ] នឹងទទួលខុសត្រូវចំពោះមុខច្បាប់ដែរទេចំពោះការចោទប្រកាន់ខុសមកលើរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ?”។
ប៉ុន្តែ លោកបានបន្ថែមថា ទោះបីជាផែនទីតម្កល់នៅអង្គការសហប្រជាជាតិត្រូវបានផ្តល់មកឲ្យរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលនៅតែគ្មានគម្រោងផ្តល់ផែនទីច្បាប់ដើមនេះដល់លោក សម រង្ស៊ី ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងបញ្ជាក់ថា តើបង្គោលព្រំដែនត្រូវបានបោះដោយយោងតាមផែនទីមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដដែល។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “បញ្ហានេះមិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិឡើយ ប៉ុន្តែ វាជាតួនាទីរបស់គណៈកម្មាធិការព្រំដែនរួមនៃរដ្ឋាភិបាលក្នុងការបង្ហាញផែនទីនេះដល់សាធារណជន។ មិនចាំបាច់ប្រគល់វាឲ្យទៅគណបក្សសង្គ្រោះជាតិនោះទេ ព្រោះថា រដ្ឋាភិបាលខ្ចីពីអង្គការសហប្រជាជាតិ ហើយចាំបាច់ត្រូវតែធានាសុវត្ថិភាពនៃផែនទីនេះ”។
លោក វ៉ា គឹមហុង ដែលជារដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការព្រំដែនរួម បានធ្វើសន្និសីទកាសែតមួយកាលពីសប្តាហ៍មុន ដើម្បីបង្ហាញផែនទីព្រំដែនផ្សេងៗរបស់រដ្ឋាភិបាលក្នុងគោលបំណងឆ្លើយតបទៅនឹងការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលចោទប្រកាន់ថា រដ្ឋាភិបាលប្រើផែនទីបោះពុម្ពនៅវៀតណាម។
តែទោះជាយ៉ាងណា ការបង្ហាញដោយសង្ខេបៗនេះ និងការបន្តបដិសេធរបស់លោក វ៉ាគឺមហុង មិនព្រមបង្ហាញផែនទីច្បាប់ចម្លងជាសាធារណៈ បានធ្វើឲ្យមានការចោទប្រកាន់កាន់តែខ្លាំងថា តាមពិតទៅផែនទីរបស់រដ្ឋាភិបាលត្រូវបានគូរអំឡុងពេលវៀតណាមកាន់កាប់កម្ពុជាក្នុងទសវត្សរ៍១៩៨០។
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យមួយរូបដែលបានបង្កើតក្រុមខ្មែរដើម្បីខ្មែរកាលពីឆ្នាំមុន បានលើកឡើងថា រដ្ឋាភិបាលគួរតែស្នើសុំច្បាប់ចម្លងនៃផែនទីតម្កល់នៅអង្គការសហប្រជាជាតិតាំងពី២០ឆ្នាំមកម្លេ៉ះ ហើយឥឡូវនេះរដ្ឋាភិបាលកំពុងតែប្រឆាំងនឹងយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ។
លោក កែម ឡី បានមានប្រសាសន៍ថា “ការបោះបង្គោលព្រំដែនបានបញ្ចប់ប្រហែល៨០ភាគរយហើយ ហើយឥឡូវពួកគេទើបតែស្នើសុំផែនទីពិតពីអង្គការសហប្រជាជាតិ ខណៈការបោះបង្គោលព្រំដែនជិតចប់រួចរាល់ទៅហើយ”។
លោកបានមានប្រសាសន៍បន្ថែមថា “ចំណាត់ការនេះ គឺដើម្បីបន្ធូរបន្ថយភាពតានតឹង…ប៉ុន្តែ វាមិនអាចទៅរួចទេ។ ឥឡូវនេះ ពលរដ្ឋគ្រប់ៗរូបព្រួយបារម្ភអំពីការឈ្លានពាន។ រដ្ឋាភិបាលមិនអាចបញ្ឈប់ចលនារបស់ពលរដ្ឋបានឡើយ ប៉ុន្តែ វិធីសាស្ត្ររបស់លោក ហ៊ុន សែន គឺដើម្បីពន្យារពេលពញ្ហា ហើយបន្ទាប់មកស្វែងរកយុទ្ធសាស្ត្រដើម្បីបង្ក្រាប”៕សុខុម និង ស៊ុយឈាង