The Cambodia Daily Khmer

អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល​រឹតបន្តឹង​ការ​អនុវត្ត​លទ្ធកម្ម​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​​​សរសេរ​​​​លិខិត​​​ទៅ​​​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​​​​ក្រសួង​​​​សុខាភិបាល​​​ដើម្បី​ជូន​ដំណឹង​ថា ក្រសួង​របស់​លោក​​​មិន​​បាន​អនុវត្ត​តាម​​នីតិវិធី​លទ្ធកម្ម​ទេ ហើយបាន​ជំរុញ​ឲ្យ​លោក​​​អនុវត្ត​ទៅតាម​នីតិវិធី​លទ្ធកម្ម​ឲ្យ​បាន​ត្រឹម​​ត្រូវ​។

​ក្នុង​លិខិតដែល​ចុះ​កាលបរិច្ឆេទ​​​ថ្ងៃ​ច័ន្ទ ​​ផ្ញើជូន​លោក ម៉ម ប៊ុនហេង លោក ឱម យ៉ិន​​​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ បាន​លើក​ឡើង​ថា ​មន្ត្រី​របស់​លោក​​​​​​បាន​តាម​ដាន​គណៈកម្មាធិការ​លទ្ធកម្ម​​នៃ​ក្រសួង​សុខា​​​ភិបាល​ តាម​រយៈ​ការ​ដេញ​ថ្លៃ​មួយ​ចំនួន​​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​មុន​ ហើយ​បាន​​​​​កត់​សម្គាល់​ឃើញ​ថា​ មាន​កំហុសខ្លះ។

​លិខិត​នេះ​​បាន​លើក​ឡើង​​ថា ក្នុង​ចំណោម​​​​​ក្ដី​ព្រួយ​បារម្ភ​​​ចម្បង​​ៗ​របស់​អង្គភាព​​ប្រឆាំង​អំពើពុក​រលួយ គឺ​ការ​អនុវត្ត​របស់​គណៈ​​​កម្មាធិការ​នេះ​​នៅ​ក្នុង​ការ​ពិចារណា​លើ​ការ​ដេញ​ថ្លៃ​​របស់​​​ក្រុម​ហ៊ុន​ ដែល​ទំនង​ជា​មាន​អាសយដ្ឋាន​​ក្លែង​ក្លាយ​។ លិខិត​បាន​​​លើក​​​ឡើង​ទៀត​ថា ​​​​អាសយដ្ឋាន​​របស់​​ក្រុម​ហ៊ុន​មួយ​ចំនួនដែលបានដាក់​ពាក្យសុំដេញថ្លៃ​ ​​គឺ​ជា​​ផ្ទះ​ដែល​គេ​​ចាក់​សោ​ចោល​ ​​​ដែល​​​​គ្មាន​​ស្លាក​សញ្ញា​ក្រុម​ហ៊ុន ហើយ​​​ខ្លះ​ទៀត​ដាក់​ស្លាក​ “លក់​”។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រិះគន់​គណៈកម្មាធិការ​លទ្ធកម្ម​នេះ​​​ចំពោះ​​​ការ​ពិចារ​​​ណា​​​​លើ​ក្រុម​ហ៊ុន​ “​ដោយ​គ្មាន​ការ​​ពិនិត្យ​ ​​វាយ​តម្លៃ និង​​​បញ្ជាក់​ប្រវត្តិ​របស់​ពួកគេ​​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​ ជា​ពិសេស​ទីតាំង​របស់​ក្រុម​ហ៊ុន​​​​”។

លិខិត​នេះ​​មិនបានបញ្ជាក់​​​ថា តើ​ក្រុម​ហ៊ុន​ណាមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​នោះ​ឈ្នះ​ការ​ដេញ​ថ្លៃ​ឡើយ។ តែ​ទោះ​ជាយ៉ាង​ណាវា​បាន​បញ្ជាក់​ថា គណៈកម្មាធិការ លទ្ធកម្ម​​បាន​ផ្ដល់​​កិច្ច​សន្យា​​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​ពីរ​ [ក្រុម​ហ៊ុន MCT Industry និង​ក្រុម​ហ៊ុន America Indochina] ដែល​​មិន​បាន​ដាក់ជូន​ឯកសារ​ចាំបាច់​​​ដើម្បី​ទទួល​បាន​​ការ​ដេញ​ថ្លៃ​។

លិខិត​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​អង្គ​​​ភាព​​​​ប្រឆាំង​អំពើពុករលួយ​​គិត​ថា ក្រសួង​សុខា​​​ភិបាល​​គួរ​តែ​ពង្រឹង​ចំណុច​​​ខាង​លើ ដើម្បី​ធ្វើ​​ឲ្យ​ការ​ដេញ​ថ្លៃ​នាពេល​​អនាគត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​”។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ។ រីឯ​លោក ម៉ម ប៊ុនហេង និង​លោក លី សុវណ្ណ អ្នក​នាំ​​​ពាក្យ​​​​ក្រសួង​សុខាភិបាល​​ ក៏មិន​អាច​​ទាក់​ទង​បាន​ដែរ។

​ក្រសួងសុខាភិបាល​ បាន​​​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​​អំពើ​ពុក​រលួយ​ដែល​មាន​ការ​រៀបចំ​​បាន​​​​យ៉ាង​​ល្អ​បំផុតមួយ​​​​​​ទាក់​ទិន​នឹង​លទ្ធកម្ម​សាធារណៈ​ក្នុង​​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

កាល​ពី​ឆ្នាំ​២០១៣ មូលនិធិ​​សាកល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ របេង និង​​គ្រុន​ចាញ់ ​បាន​​បញ្ចេញ​លទ្ធផល​​ស៊ើបអង្កេត​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​ដែល​រក​ឃើញ​ថា ​លោក​ ​​​ដួង សុជាតិ ​​​អតីត​ប្រធាន​មជ្ឈមណ្ឌល​​​ជាតិ​ប្រយុទ្ធ​ជំងឺ​​​គ្រុន​ចាញ់​​នៃ​​​​ក្រសួង​សុខាភិបាល​ និង​​មន្ត្រី​សុខាភិបាល​ផ្សេងៗ​ទៀត​ បាន​ទទួល​សំណូក​​រាប់​​​​សែន​​​ដុល្លារ​​​​ដើម្បី​ធ្វើ​យ៉ាង​ណា​​ឲ្យ​ក្រុម​​​ហ៊ុន​ដាក់ពាក្យសុំ​ដេញ​ថ្លៃ​​ទទួល​បាន​កិច្ច​សន្យា​ពី​មូលនិធិ​សាកល​​ដែល​មាន​ទឹក​ប្រាក់​ប្រហែល​១២លាន​ដុល្លារ​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះ​​​អាង​ថា ​ខ្លួន​មិន​អាច​ធានាថានឹង​មាន​ការ​ផ្ដន្ទា​​​ទោស​​មន្ត្រី​​ណាម្នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង​​​នោះ​​ទេ ​ព្រោះខ្លួន​គ្មាន​សិទ្ធិ​ស្រប​ច្បាប់​ធ្វើ​ការ​​​​សម្រេច​បែប​នេះ​​ ​ទោះបី​ជា​​មូលនិធិ​សាកល​​​​បាន​ផ្តល់​​​អុីម៉េល ដែល​ លោក ដួង សុជាតិ បាន​​​​​​​ណែនាំ​ឲ្យ​​បុគ្គលិក​ក្រុម​ហ៊ុន​​​​បញ្ចូល​ប្រាក់​​សំណូក​​​​​​ក្នុង​គណនី​ក្លែងលែង​ក្លាយ​ក៏​ដោយ៕ស៊ុយឈាង

Exit mobile version