នគរបាលបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់មនុស្សតែ១១នាក់ប៉ុណ្ណោះក្នុងចំណោម៨៨នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ អំឡុងការឆ្មក់ចូលតំបន់អនាធិបតេយ្យដែលសម្បូរដោយគ្រឿងញៀន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយបញ្ជូនអ្នកដែលនៅសេសសល់ទាំង៧៧នាក់ទៅមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំក្នុងរាជធានី។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅពេលនគរបាលប្រហែល១០០នាក់បានលើកគ្នាទៅឡោមព័ទ្ធផ្លូវចូលដ៏តូចចង្អៀតទៅកាន់ភូមិត្រពាំងឈូកដើម្បីចាប់អ្នកចែកចាយគ្រឿងញៀន និងអ្នកប្រើប្រាស់ម៉ាទឹកកកជាច្រើននាក់ដែលលាក់ខ្លួននៅក្នុងតំបន់អនាធិបតេយ្យនោះ។
លោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីបានមានប្រសាសន៍ថា “តុលាការសម្រេចបញ្ជូនមនុស្សទាំង៧៧នាក់ទៅមណ្ឌលឱកាសខ្ញុំ ចំណែកអ្នកដែលនៅសេសសល់ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន”។
លោក កែវ សុជាតិ ព្រះរាជអាជ្ញារងទទួល បន្ទុករឿងក្តីនេះបានមានប្រសាសន៍ថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ ពីព្រោះអាជ្ញាធរកំពុងស៊ើបអង្កេតនៅឡើយ។
លោកបានមានប្រសាសន៍ថា “យើងបានសម្រេចបញ្ជូនពួកគេមួយចំនួនទៅមណ្ឌលបន្សាបគ្រឿងញៀន ហើយមួយចំនួនទៀតយើងបានបញ្ជូនទៅចៅក្រមសើុបសួរដើម្បីសាកសួរបន្ថែម។ ប៉ុន្តែ ឥឡូវនេះខ្ញុំកំពុងធ្វើកិច្ចការនេះ ដូច្នេះខ្ញុំមិនអាចនិយាយប្រាប់អ្នកបានទេ”។
អ្នកភូមិរស់នៅក្នុងភូមិ និងនៅជុំវិញភូមិត្រពាំងឈូកបានត្អូញត្អែរយូរមកហើយអំពីប្រសិទ្ធភាពនៃការឆ្មក់ចូលរបស់នគរបាលដែលបានធ្វើជាប្រចាំ ប៉ុន្តែ ជា លទ្ធផលមាន ការចាប់ខ្លួនតែពីរបីនាក់ និងរឹបអូសគ្រឿងញៀនបានតិចតួចប៉ុណ្ណោះ។ អ្នកភូមិបាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ បានត្រឡប់មកប្រើប្រាស់ និងលក់គ្រឿងញៀនវិញ។
កាលពីថ្ងៃច័ន្ទ អ្នកយកព័ត៌មានបានរក ឃើញថា ការជួញដូរថ្នាំញៀនខុសច្បាប់ក្នុងភូមិត្រពាំងឈូកបានត្រឡប់មកដូចដើមវិញហើយ។
ទោះយ៉ាងណា លោក ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អាជ្ញាធរកំពុងគ្រប់គ្រងស្ថានភាពនេះ។
ដោយបដិសេធមិននិយាយលម្អិត លោកបានលើកឡើងថា “យើងមានគម្រោងលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យអស់ពីតំបន់នេះ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍បន្ថែមទៀតថា ប្រវត្តិមិនល្អរបស់មណ្ឌលឱកាសខ្ញុំ កន្លែងដែលអ្នកញៀនថ្នាំតាមព័ត៌មានថា ត្រូវបានធ្វើទារុណកម្មនោះ ជាហេតុផលគ្រប់គ្រាន់ដែលត្រូវបារម្ភពីផែនការនេះ។
លោកបានលើកឡើងថា “ខ្ញុំគិតថា យើងមិនគួរបញ្ជូនពួកគេ ដោយមិនបានយកចិត្តទុកដាក់ដល់ពួកគេនោះឡើយ។ យើងនឹងបន្តឃ្លាំមើលករណីនេះ”៕សារុន