នៅក្នុងសុន្ទរកថារយៈពេល៣ម៉ោងដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលរបស់លោកមិនបានកាត់ដីសូម្បីតែមួយម៉ែត្រពេលកំណត់ព្រំដែនកម្ពុជាជាមួយវៀតណាម ហើយបានគំរាមចាប់ខ្លួនអ្នកដែលរិះគន់បញ្ហាព្រំដែនបន្ថែមទៀត ហើយថា សង្គ្រាមអាចផ្ទុះឡើងប្រសិនបើគណបក្សមួយផ្សេងទៀតដឹកនាំប្រទេស។
បន្ទាប់ពីនិយាយការពារអស់រយៈពេលយ៉ាងយូរអំពីវិធីដែលរដ្ឋាភិបាលបានប្រើក្នុងការកំណត់ព្រំដែនភាគខាងកើតរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន ជាថ្មីម្ដងទៀតបានព្រមានគណបក្សប្រឆាំងពាក់ព័ន្ធនឹងការបន្តយុទ្ធនាការដើម្បីបង្ខូចកិច្ចការព្រំដែនរបស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងពេលថ្មីៗនេះលោកបានប្រាប់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងថា ផែនទីបោនខ្នាត១/១០០.០០០ដែលគណបក្សសង្គ្រោះជាតិបានប្រមូលពីប្រទេសបារាំង ដែលជាផែនទីមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺជាផែនទីមិនល្អ។
លោកមានប្រសាសន៍ថា “ផែនទីឯកឧត្ដមវាសាហាវជាងសត្វអសិរពិសទៅទៀត។ ព្រោះមិនត្រឹមតែបោកប្រាស់ប្រជាពលរដ្ឋទេ ដោយសារផែនទីនោះហើយ បានធ្វើឲ្យសហការីរបស់គាត់ជាប់គុកមកទល់ពេលនេះ ហើយវាអាចមានការជាប់គុកបន្ថែមទៀត”។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលបានប្រមូលផែនទីបោនដោយផ្ទាល់ពីវិទ្យាស្ថានជាតិភូមិសាស្ត្រនៅក្នុងទីក្រុងបា៉រីស ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែមុនតាមបទបញ្ជារបស់លោក ហ៊ុន សែន ពីបទបង្ហាញសន្ធិសញ្ញាព្រំដែនក្លែងក្លាយនៅក្នុងវីដេអូមួយតាមហ្វេសប៊ុក។
កាលពីខែមិថុនា លោក សម រង្ស៊ី បានលើកឡើងថា គណបក្សសង្គ្រោះជាតិមានគម្រោងប្រើប្រាស់ផែនទីយកមកពីបារាំង និងប្រព័ន្ធ GPS ដើម្បីពិនិត្យផ្ទៀងផ្ទាត់បង្គោលព្រំដែន ក្នុងគោលបំណងចង់ដឹងថា តើបង្គោលព្រំដែនទាំងនោះបោះនៅក្នុងទឹកដីកម្ពុជាឬយ៉ាងណា។
លោក ហុង សុខហួរ នៅជាប់ពន្ធនាគារនៅឡើយ ទោះបីជាលោកមានអភ័យឯកសិទ្ធិរួចផុតពីការផ្ដន្ទាទោសក្នុងនាមជាសមាជិកព្រឹទ្ធសភាក៏ដោយ ហើយកាលពីម្សិលមិញលោក ហ៊ុន សែន បានព្រមានម្ដងទៀតថា នរណាដែលនិយាយថា រដ្ឋាភិបាលរបស់លោកប្រើផែនទីមិនត្រឹមត្រូវក្នុងការកំណត់ព្រំដែន នឹងមានវាសនាដូចលោក ហុង សុខហួរដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ”ចាប់ខ្លួននរណាក៏ដោយដែលហ៊ាននិយាយថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ប្រសិនបើបណ្តោយឲ្យស្ថានភាពបែបនេះនៅតែកើតមានដដែលនោះ នឹងមានសង្គ្រាមកើតឡើង។ ប្រទេសនឹងមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនដឹកនាំប្រទេស”។ លោកមានប្រសាសន៍បន្តថា “ចំណុចនេះ ខ្ញុំព្រះករុណាសូមបញ្ជាក់ នរណាក៏ដោយហា៊ននិយាយពាក្យថា ផែនទីក្លែងក្លាយ ផែនទីចោរ ត្រូវចាប់ខ្លួនបន្ទាន់ ដោយគ្មានការលើកលែង។ អ៊ីចឹងមន្ត្រីអនុវត្តច្បាប់ត្រូវតែចាប់ខ្លួននៅនឹងកន្លែង។ ហើយខ្ញុំក៏សូមបញ្ជាក់បើគេមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យគេសុខដែរ។ ប្រសិនបើអ្នកនយោបាយគណបក្សប្រឆាំងបន្តប្រើបញ្ហាព្រំដែនដ៏រសើបដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន ឥឡូវនេះក៏មានចំណុចថ្មីសម្រាប់ដោះស្រាយចំពោះពួកអ្នកទាំងនេះតាមវិធានការផ្លូវច្បាប់”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
នៅក្នុងសុន្ទរកថាដដែលនេះ លោក ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីផ្សេងក្រៅពីផែនទីខ្នាត១/១០០.០០០ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដើម្បីកំណត់ព្រំដែន ប៉ុន្តែថា បន្ទាត់ព្រំដែនដែលគូសនៅលើផែនទីទាំងនោះគឺវាដូចទៅនឹងផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ក្នុងរយៈពេលជាង៣ខែមកនេះ គណបក្សសង្គ្រោះជាតិបានចោទប្រកាន់រដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីផ្សេងក្រៅពីផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ប៉ុន្តែលោក ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលរបស់លោកបានប្រើសូម្បីតែផែនទីគូសដោយបារំាងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយសំដៅលើសន្ធិសញ្ញាចុះហត្ថលេខាក្នុងឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ថា ” ផែនទីបោនខ្នាត១/១០០.០០០ត្រូវបានប្រើប្រាស់ដោយសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាចំនួនបីពាក់ព័ន្ធនឹងព្រំដែនជាប់សាធារណរដ្ឋសង្គមនិយមវៀតណាម”។
ទោះជាយ៉ាងណា លោកបានលើកឡើងថា ពេលចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ប្រទេសទាំងពីរបានព្រមព្រៀងថតចម្លងផែនទីចាស់របស់បារំាងឲ្យទៅជាផែនទីធំជាងមុនដែលប្រើប្រព័ន្ធ UTM ដែលរួមមានកូអរដោណេសម្រាប់រយៈទទឹង និងរយៈបណ្ដោយ។
លោក ហ៊ុន សែន មានប្រសាសន៍ថា “ផែនទីបោនខ្នាត១/១០០.០០០លំបាកនឹងរកឲ្យឃើញចំណុចសំខាន់សម្រាប់បោះបង្គោលព្រំដែន។ ហេតុដូច្នេះហើយ ភាគីទាំងពីរបានព្រមព្រៀងផ្ទេរពីផែនទីបោនខ្នាត១/១០០.០០០ទៅជាផែនទី UTM ខ្នាត១/៥០.០០០”។
លោក ហ៊ុន សែន បានលើកឡើងទៀតថា ដំណើរការនៃការធ្វើបច្ចុប្បន្នភាពផែនទីបោនឲ្យទៅជាផែនទី UTM កំពុងបន្តហើយ ហើយថា កម្ពុជា និងវៀតណាមមានគម្រោងគូសផែនទី UTM ឲ្យកាន់តែធំជាងមុនទៀតដោយសុំជំនួយពីក្រុមហ៊ុនគូសផែនដាណឺម៉ាកដែលគេមិនបញ្ចេញឈ្មោះ។
លោកមានប្រសាសន៍ថា “នៅថ្ងៃអនាគត ពេលយើងជួលក្រុមហ៊ុនដាណឺម៉ាកមួយ [ភាគីទាំងពីរនឹងជួលក្រុមហ៊ុនណឺម៉ាកមួយ] យើងអាចឈានដល់ដំណាក់កាលមួយនៃការប្ដូរផែនទីទៅជាផែនទីខ្នាត១/២៥.០០០”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា គ្មានអ្វីខុសទេក្នុងការប្រើប្រាស់ផែនទី UTM ជំនួសឲ្យផែនទីបោនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រោះថា មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនមានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការធានារឲ្យបានថាបន្ទាត់ព្រំដែនវាត្រឹមត្រូវសម្រាប់ភាគីទាំងសងខាង។
លោក ហ៊ុន សែន ក៏បានជំទាស់ផងដែរថា ដោយសារកិច្ចព្រមព្រៀងផ្ទេរផែនទីបោនឲ្យទៅជាផែនទី UTM ស្ថិតក្នុងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ដែលអនុម័តដោយរដ្ឋសភា និងឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី នោះ កិច្ចព្រមព្រៀងនេះស្របតាមរដ្ឋធម្មនុញ្ញ។
លោកបានមានប្រសាសន៍ថា ”វាមិនបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ដីទេ។ កម្ពុជាមិនដែលបាត់បង់ដីណាមួយឡើយ សូម្បីតែមួយម៉ែត្រក្រឡា”។
សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ជាមួយវៀតណាម គឺផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ដោយបុគ្គលសំខាន់ៗមួយចំនួន រួមទាំងសម្ដេចឪ នរោត្តម សីហនុ ផង ខណៈវាត្រូវបានចុះហត្ថលេខាអំឡុងវៀតណាមត្រួតត្រាកម្ពុជា។
ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ទំនងជាស្ទាក់ស្ទើរក្នុងការឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាជាមួយវៀតណាម លោក ហ៊ុន សែន បានស្នើឲ្យរម្លាយរាជានិយមចោលទាំងស្រុង។ លោក បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយអំឡុងពេលនោះថា ”ប្រសិនបើព្រះមហាក្សត្រមិនឡាយព្រះហត្ថលេខាទេ ព្រះអង្គគួរតែប្រាប់ពីហេតុផល។ ហេតុអ្វីយើងត្រូវរក្សារាជានិយម?”។
អ្នករិះគន់មួយចំនួនចំពោះសន្ធិសញ្ញានេះ ក្នុងនោះរួមទាំងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិផងត្រូវបានចាប់ដាក់ពន្ធនាគារពីបទរិះគន់សន្ធិសញ្ញានេះដែលលក្ខខណ្ឌរបស់វាមិនត្រូវបានបង្ហាញជាសាធារណៈរហូតដល់វាត្រូវបានអនុម័តឲ្យក្លាយជាច្បាប់ដោយមានការឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រក្នុងខែវិច្ឆិកា ឆ្នាំ២០០៥៕ ស៊ុយឈាង