យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានឲ្យដឹងថា លោក ភីធើ ដាត់ធិន (Peter Dutton)រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសដែនកោះណូរូក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដើម្បីពិនិត្យមើលជនភៀសខ្លួនបន្ថែមទៀតសម្រាប់គម្រោងតាំងទីលំនៅថ្មីដ៏ចម្រូងចម្រាសរបស់ខ្លួន។
សុន្ទរកថារបស់លោកធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដោយគ្មានការប្រកាសឲ្យដឹង ដើម្បីធ្វើយ៉ាងណាជួយឲ្យកិច្ចព្រមព្រៀងដែលទំនងជាបរាជ័យ មានដំណើរការទៅមុខ។
កាលពីមួយឆ្នាំមុន ប្រទេសអូស្ត្រាលីបានសន្យាផ្ដល់ប្រាក់ជំនួយបន្ថែមដល់ប្រទេសកម្ពុជាចំនួន៤០លានដុល្លារអូស្ត្រាលី (២៨,១លានដុល្លារ) ជាថ្នូរនឹងការព្រមព្រៀងតាំងទីលំនៅថ្មីដល់ជនភៀសខ្លួនក្នុងចំនួនមិនបញ្ជាក់ដែលប្រទេសអូស្ត្រាលីកំពុងឃុំខ្លួននៅលើកោះណូរូកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ដាត់ធិន កាលពីថ្ងៃពុធ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ព្រោងព្រាតថា ប្រទេសកម្ពុជាទំនងជាបដិសេធមិនទទួលយកជនភៀសខ្លួនបន្ថែមទៀតក្រៅពីជនភៀសខ្លួនបួននាក់ដែលបានមកដល់កាលពីខែមិថុនា។
បន្ទាប់ពីជំនួបបិទទ្វាររបស់លោក ដាត់ធិន ជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងទទួលយកជនភៀសខ្លួនបន្ថែមទៀត តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ។
យោងតាមព័ត៌មាន ABC របស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថា កាលពីម្សិលមិញ លោក ដាត់ធិន បានថ្លែងថា ប្រទេសកម្ពុជានឹងបញ្ជូនគណៈប្រតិភូទៅកោះណូរូក្នុងរយៈពេលពីរបីសប្ដាហ៍ទៀត ដើម្បីសម្ភាសក្រុមអ្នកស្ម័គ្រចិត្តថ្មីដែលប្រទេសអូស្ត្រាលីបានរកឃើញរួចហើយ។
យោងតាមរបាយការណ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍រូបនេះបានគាំទ្រការអះអាងរបស់ប្រទេសកម្ពុជាដែលថា ខ្លួនកំពុងប្រឹងប្រែងបញ្ចូលជនភៀសខ្លួនក្រុមដំបូងនេះទៅក្នុងសង្គម។
លោកបានថ្លែងថា ”យើងអាចនិយាយបានថា ជនភៀសខ្លួនបួននាក់ដំបូងនេះគឺគ្រាន់តែជាការបង្ហាញឲ្យយើង និងប្រជាជនកម្ពុជាដឹងថា ស្ថានភាពនេះអាចដំណើរការទៅបាន ហើយពួកគេអាចប្រើប្រាស់កម្មវិធីនេះបាន។ពួកគេបានកំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយ ហើយយើងនឹងធ្វើការជាមួយមន្ត្រីកម្ពុជាដើម្បីធានាថា យើងអាចគ្រប់គ្រងក្រុមអ្នកស្ម័គ្រចិត្តបន្ទាប់ដែលនឹងធ្វើដំណើរមក”។
ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃដែលទទួលបន្ទុកខាងភាគីកម្ពុជាទាក់ទងនឹងកិច្ចព្រមព្រៀងតាំងទីលំនៅថ្មី និងនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងនេះមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ មន្ត្រីផ្សេងទៀតនៅនាយកដ្ឋាននេះបានលើកឡើងថា ពួកគេមិនដឹងអំពីព័ត៌មានវិវឌ្ឍន៍ឡើយ។
ប្រទេសអូស្ត្រាលី និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ដែលកំពុងជួយសម្របសម្រួលការតាំងទីលំនៅថ្មីនេះ បានលើកឡើងពីជនភៀសខ្លួនបួននាក់ដែលកំពុងស្នាក់នៅក្នុងកន្លែងស្ងប់ស្ងាត់បិទរបងជិតមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ក៏មានព័ត៌មានលេចឡើងកាលពីសប្ដាហ៍មុនផងដែរថា ជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួនទាំងបួននាក់នោះ [គឺបុរសជនជាតិភាគតិចរ៉ូហុីងយ៉ាដែលបានភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញក្នុងប្រទេសភូមា] បានស្នើសុំត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ៕ សារុន
(រាយការណ៍បន្ថែមដោយ អូន ភាព)