លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា នៅប៉ុន្មានថ្ងៃទៀត តំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ នឹងទទួលបទបញ្ជាឲ្យគោរពតាមថ្នាក់ដឹកនាំបក្ស ហើយឈប់វាយប្រហារគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចលើបញ្ហានានាពាក់ព័ន្ធព្រំដែនជាមួយវៀតណាម។
បន្ទាប់ពីលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មទាំងកំហឹងចំពោះយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ ដែលបន្ទោសថារដ្ឋាភិបាលកាត់ទឹកដីឲ្យវៀតណាម រួចមក លោក សម រង្ស៊ី បានសន្យាបញ្ឈប់ការវាយប្រហារ ហើយធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាដោយសម្ងាត់។
រហូតមកទល់ពេលនេះ តំណាងរាស្ត្រមួយក្រុមនៅតែបន្តការវាយប្រហាររបស់ខ្លួនហើយកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីស្នើឲ្យមានវិធីសាស្ត្រថ្មីដែលមិន “ចោទប្រកាន់បុគ្គលណា ឬគណបក្សណាមួយឡើយ”។
ប្រធានគណបក្សប្រឆាំងរូបនេះបានវិលត្រឡប់ពីដំណើរទស្សនៈកិច្ចនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ មកកាន់កម្ពុជាវិញកាលពីម្សិលមិញ ហើយបានមានប្រសាសន៍ថា តំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវកោះប្រជុំនៅសប្តាហ៍នេះ ហើយទទួលការណែនាំឲ្យបញ្ឈប់ការវាយប្រហារគណបក្សប្រជាជនកម្ពុជា លើបញ្ហាព្រំដែន។
លោកថ្លែងថា “យើងនឹងជួបប្រជុំជាមួយសមាជិកតំណាងរាស្ត្រទាំងអស់របស់យើងនៅប៉ុន្មានថ្ងៃក្រោយ និងកំណត់ជំហររួមមួយហើយខ្ញុំជឿជាក់ថា អ្នកគ្រប់គ្នានឹងគោរពតាម។ បញ្ហានៅត្រង់ការសម្របសម្រួល”។
លោកបានលើកឡើងទៀតថា ការវាយប្រហារគណបក្សប្រជាជនកម្ពុជា លើបញ្ហាព្រំដែន បន្តកើតមានដោយសារតែរូបលោកនិងលោក កឹម សុខា អនុប្រធានរបស់លោកស្ថិតនៅក្រៅប្រទេសចាប់តាំងពីបានសន្យានោះមក។ “វាជាវិន័យរបស់បក្ស ហើយសមាជិកទាំងអស់ ជាពិសេសតំណាងរាស្ត្រ ត្រូវតែគោរពតាម។ ប៉ុន្តែ នឹងគ្មានការចាប់ពិរុទ្ធទេ វាជាការបញ្ចុះបញ្ចូល។ វាក៏ជាយុទ្ធសាស្ត្រមួយដែរ ហើយវាជាអ្វីដែលគណបក្សសង្គ្រោះជាតិ ចាត់ទុកជាអាទិភាព ពីព្រោះមានបញ្ហាបន្ទាន់ជាច្រើនទៀត។ ប្រសិនបើយើងផ្តោតទៅលើបញ្ហាតែមួយ យើងអាចនឹងភ្លេចបញ្ហាបន្ទាន់ផ្សេងៗទៀត”។
នៅពេលវិលត្រឡប់ពីប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ កាលពីសប្តាហ៍មុន លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា លោកគ្មានចំណាប់អារម្មណ៍នឹងនិយាយអំពីការរំលោភព្រំដែនទេ ដោយបានមានប្រសាសន៍ថា បញ្ហានេះនឹងមិនអាចដោះស្រាយបានឡើយក្រោមគណបក្សប្រជាជនកម្ពុជា។
លោកគូសបញ្ជាក់ថា “ខ្ញុំគិតថា ដំណោះស្រាយគឺគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត ហើយនៅពេលយើងគ្រប់គ្រងប្រទេស ទើបយើងអាចដោះស្រាយបញ្ហាជាតិបាន។ ពេលនេះ យើងគ្រាន់តែអម [គណបក្សប្រជាជនកម្ពុជា] ប៉ុណ្ណោះ ហើយយើងធ្វើអ្វីមិនកើតទេ”។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសហរដ្ឋអាមរិក និងជាតំណាងរាស្ត្រពូកែបង្កហេតុបំផុតមួយរូប ដែលហ៊ានចោទប្រកាន់រដ្ឋមន្ត្រីថាប្រើប្រាស់ផែនទីព្រំដែនមិនត្រឹមត្រូវ និងនិយាយកុហកនោះ បានគូសបញ្ជាក់ថា លោកនឹងគោរពតាមបទបញ្ជានេះ។
លោកមានប្រសាសន៍ថា “នៅពេលមានសេចក្តីណែនាំ យើងនឹងអនុវត្តតាម ពីព្រោះពួកគាត់ជាថ្នាក់ដឹកនាំបក្ស ហើយនៅក្នុងបក្សមានវិន័យ។ បក្សនឹងមិនបាត់បង់ប្រជាប្រិយភាពរបស់ខ្លួននោះទេ ពីព្រោះបក្សមានយុទ្ធសាស្ត្ររបស់ខ្លួន។ បក្សមានហេតុផលរបស់ខ្លួនថា តើចំណុចណាដែលយើងគួរលើកឡើងក្នុងកាលៈទេសៈណា ហើយចំណុចណាដែលយើងមិនគួរលើកឡើងក្នុងកាលៈទេសៈផ្សេងទៀត”។
រហូតមកទល់ពេលនេះ តំណាងរាស្ត្រជាន់ខ្ពស់ផ្សេងៗទៀតហាក់ដូចជាមិនសូវមានឆន្ទៈចង់បោះបង់បញ្ហានេះទាំងស្រុងឡើយ។ កាលពីថ្ងៃសៅរ៍ តំណាងរាស្ត្រពីររូបបានចេញលិខិតសាធារណៈមួយច្បាប់ដើម្បីទាមទារឲ្យលោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកព្រំដែនឆ្លើយសំណួរទាក់ទិនការរំលោភព្រំដែននៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។
លិខិតដែលមានក្បាលលិខិតរដ្ឋសភានោះ លើកឡើងថា អ្នកភូមិបានបង្កបង្កើនផលកសិកម្មលើដីទំហំ៣០ហិកតានៅក្នុងតំបន់នោះជាយូរមកហើយ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះដែលមានប្រជាជនវៀតណាម មួយក្រុមមកអះអាងថាដីនោះស្ថិតនៅក្នុងទឹកដីប្រទេសវៀតណាម។
លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មាធិការវិន័យរបស់គណបក្សនេះ និងជាហត្ថលេខីមួយក្នុងចំណោមហត្ថលេខីនៅក្នុងលិខិតនោះ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកជឿថា ការទាមទារឲ្យរដ្ឋមន្ត្រីឆ្លើយសំណួរមិនចាត់ទុកថាជាការវាយប្រហារនោះទេ។
លោកថ្លែងថា “ក្នុងឋានៈយើងជាតំណាងរាស្ត្រ យើងបានសរសេរលិខិតមួយច្បាប់ផ្ញើទៅរដ្ឋាភិបាលដើម្បីដោះស្រាយថា តើប្រជាពលរដ្ឋជាម្ចាស់ [ដី] ឬយ៉ាងណា។វាមិនមែនជា ‘ការចាក់ក្រឡេក’ ឬជាការរិះគន់ទេ ប៉ុន្តែ វាជាអ្វីដែលយើងត្រូវធ្វើក្នុងឋានៈជាតំណាងរាស្ត្រដើម្បីការពារប្រជាពលរដ្ឋ។ អ្វីដែលលោក កឹម សុខា បានមានប្រសាសន៍គឺ គាត់មិនចង់ឲ្យយើងផ្តោតយកចិត្តទុកដាក់លើបញ្ហាតែមួយ ហើយម្យ៉ាងយើងត្រៀមខ្លួនសម្រាប់ការបោះឆ្នោត។ វាមិនមានន័យថា បើមានបញ្ហាព្រំដែន យើងត្រូវនៅស្ងៀមខណៈប្រជាពលរដ្ឋរងទុក្ខនោះឡើយ”។
ក្រោយពីលោក សម រង្ស៊ី បានសន្យាឈប់វាយប្រហារគណបក្សប្រជាជនកម្ពុជា លើបញ្ហាព្រំដែន គណបក្សប្រជាជនកម្ពុជា ខ្លួនឯងកាលពីសប្តាហ៍មុន បានចេញបទបញ្ជាណែនាំឲ្យមន្ត្រីរបស់ខ្លួនប្រមូល “ញត្តិ” ដើម្បីគាំទ្រដល់កិច្ចការព្រំដែនរបស់ខ្លួនដើម្បីុយកមកផ្សាយជាសាធារណៈ។
បទបញ្ជាដែលបានបែកធ្លាយកាលពីថ្ងៃសុក្រនេះ ប្រាប់ឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាប្រមូលសារគាំទ្រពី “មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ព្រះសង្ឃ អាជីវករ កម្មករ កសិករ សិស្សនិស្សិត អង្គការសង្គម។ល។សម្រាប់ផ្សាយតាមហ្វេសប៊ុក និងទូរទស្សន៍។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ទោះជាយ៉ាងណា ពេលនេះគណបក្សប្រឆាំងបានប្តេជ្ញាបង្វែរការយកចិត្តទុកដាក់របស់ខ្លួនលើបញ្ហាព្រំដែន ហើយងាកទៅយកចិត្តទុកដាក់លើបញ្ហាយុវជនគ្មានការងារធ្វើក្នុងប្រទេសដែលលោកមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនបានអើពើ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ”មានបញ្ហាសម្រាប់ពលករចំណាកស្រុកហើយបញ្ហានេះកើតចេញពីស្ថានភាពផ្ទៃក្នុងក្នុងប្រទេសកម្ពុជាដូចជា កង្វះការបង្កើតការងារ បញ្ហាប្រាក់ខែ និងបញ្ហាតម្លៃផលិតផលកសិកម្មទាប។ ប្រជាពលរដ្ឋចាកចេញពីប្រទេសរាប់សែននាក់ ហើយយើងត្រូវតែដោះស្រាយបញ្ហានេះ”៕ សុខុម