តម្លៃអគ្គិសនីខ្ពស់ លទ្ធភាពតភ្ជាប់បណ្ដាញផ្គត់ផ្គង់អគ្គិសនីមានកម្រិត និងការដាច់ចរន្តអគ្គិសនីញឹកញាប់ ទាំងអស់នេះសុទ្ធតែបង្ហាញសេចក្ដីត្រូវការឲ្យមានការច្នៃប្រឌិតថ្មីក្នុងផ្នែកថាមពលរបស់ប្រទេសកម្ពុជា ហើយមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញបានយល់ស្របកាលពីថ្ងៃព្រហស្បតិ៍ថា ថាមពលពន្លឺព្រះអាទិត្យគួរតែជាការផ្ដោតយកចិត្តទុកដាក់ដ៏សំខាន់ក្នុងផែនការនាពេលអនាគត។
ថ្លែងនៅឯសន្និសីទមួយស្ដីអំពីថាមពលស្អាតក្នុងក្រុងភ្នំពេញ លោក កែន សេរីរដ្ឋា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង បានទទួលស្គាល់ថា ប្រទេសកម្ពុជានៅត្រូវការពេលយូរទៀតក្នុងការធានាថា តម្រូវការថាមពលរបស់ខ្លួនអាចបំពេញបានតាមវិធីប្រកបដោយចីរភាព។
នៅពេលដែលគោលនយោបាយសព្វថ្ងៃពេញចិត្តនឹងទំនប់វារីអគ្គិសនី ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធអស់ប្រាក់រាប់លានដុល្លារ ភាគច្រើនផ្ដល់ដោយប្រទេសចិននោះ លោកបាននិយាយថា អ្នកធ្វើគោលនយោបាយគួរប្រយ័ត្នប្រយែងអំពីការពឹងផ្អែកតែមួយមុខលើទំនប់ទាំងនេះ និងប្រេងឥន្ធនៈដើម្បីបំពេញតម្រូវការអគ្គិសនីកើនឡើងយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។
លោកបានបន្ថែមថា “ឧទាហរណ៍ពីអតីតកាលបានបង្ហាញឲ្យយើងឃើញថា ថាមពលវារីអគ្គិសនីចាំបាច់ត្រូវគិតយ៉ាងប្រយ័ត្នប្រយែង។ ការប្រើប្រេង និងឧស្ម័នអាចប៉ះពាល់អវិជ្ជមានដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យប្រទេសកម្ពុជាស្ថិតលើមាគា៌ប្រកបដោយចិរភាព”។
លោក សេរីរដ្ឋា បាននិយាយថា ការលើកទឹកចិត្តវិស័យឯកជនឲ្យជំរុញដោយពង្រីកប្រភពថាមពលផ្សេងទៀតគឺមានសារៈសំខាន់ណាស់។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនគិតថា រដ្ឋាភិបាលតែឯងអាចធ្វើបានគ្រប់យ៉ាងទេ។ ឥឡូវនេះសំខាន់ជាងពេលណាទាំងអស់ក្នុងការបញ្ជូនសញ្ញាត្រឹមត្រូវ”។
បើទោះជាមានគម្រោងវារីអគ្គិសនីខ្នាតធំចំនួនប្រាំមួយកំពុងអនុវត្តក៏ដោយ ក៏ប្រទេសកម្ពុជានៅតែនាំចូលច្រើនជាងពាក់កណ្ដាលនៃថាមពលរបស់ខ្លួន ទាំងការទិញអគ្គិសនីផ្ទាល់ពីប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងឡាវ ទាំងការប្រើឥន្ធនៈ និងធ្យូងថ្មនាំចូលដើម្បីឲ្យរោងចក្រអគ្គិសនីក្នុងស្រុកដើរ។
អ្នកដែលបានចូលរួមក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ថាមពលព្រះអាទិត្យគឺជាមធ្យោបាយសំខាន់បំផុតដើម្បីធានាថា ប្រទេសកម្ពុជាអាចបង្កើនទាំងលទ្ធភាពផ្ដល់អគ្គិសនីនៅតាមតំបន់ជនបទ ទាំងបង្កើនការផ្គត់ផ្គង់ប្រភពថាមពលមានស្រាប់។
លោក ទូច សុវណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលថ្មី និងថាមពលកកើតឡើងវិញនៃក្រសួងរ៉ែ និងថាមពល បាននិយាយថា លោកសង្ឃឹមថា ថាមពលព្រះអាទិត្យអាចត្រូវប្រើទ្រង់ទ្រាយធំដើម្បីកាត់បន្ថយការពឹងផ្អែកលើរោងចក្រអគ្គិសនីដែលដើរដោយធ្យូងថ្មនៅរដូវប្រាំង។
លោកបានប្រាប់មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងសហគ្រិនដែលចូលរួមថា “ដោយសង្ឃឹមថា មានជំនួយរបស់អស់លោក ថាមពលពន្លឺព្រះអាទិត្យអាចបំពេញតួនាទីនេះបាន”។
ទាំងលោក សេរីរដ្ឋា និងលោក សុវណ្ណា បាននិយាយថា អសមត្ថភាពនាពេលសព្វថ្ងៃមិនអាចផ្ដល់ថាមពលដ៏ច្រើនដែលផលិតដោយប្រព័ន្ធថាមពលព្រះអាទិត្យដល់ការផ្គត់ផ្គង់អគ្គិសនីជាតិ គឺជាអ្វីដែលរដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយដើម្បីពង្រីកការប្រើប្រាស់របស់វា៕ និត