កាលពីម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានផ្តល់ព័ត៌មានពីរខុសគ្នាជុំវិញការដោះលែងបុរស១២នាក់ដែលត្រូវបានចាប់ពេលកំពុងដឹកជញ្ជូនឈើប្រណីតចុះតាមបណ្តោយទន្លេសេសានដោយមិនបានឲ្យពួកគេបង់ប្រាក់ពិន័យអ្វីឡើយ តែព័ត៌មានទាំងពីរនេះសុទ្ធតែលើកឡើងថា អាជ្ញាធរ បានរំលោភច្បាប់។
បុរសទាំង១២នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រជាមួយឈើប្រហែល៨០ដុំដែលគេរកឃើញលាក់ពីក្រោមឈើគុណភាពអន់ ដែលពួកគេបានបណ្តែតតាមទន្លេ។ កាលពីថ្ងៃអាទិត្យ លោក លី គន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែងបានមានប្រសាសន៍ថា ពួកគេទាំងអស់នឹងត្រូវផាកពិន័យ ហើយដោះលែងវិញ។ច្បាប់រដ្ឋបាលព្រៃឈើចែងថា អ្នកជួញដូរឈើនឹងត្រូវផាកពិន័យចន្លោះ ពីពីរទៅបីដងនៃតម្លៃឈើ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក លី គន បានថ្លែងថា បុរសទាំង១២នាក់នេះត្រូវបានដោះលែងកាលពីយប់ថ្ងៃអាទិត្យ ហើយមិនត្រូវបង់ប្រាក់ពិន័យអ្វីទេ។
លោកបានថ្លែងថា ” បុរសទាំង១២នាក់នេះត្រូវបានដោះលែង ហើយពួកគេមិនបានបង់ប្រាក់ពិន័យទេ វាជាបញ្ជាពីថ្នាក់លើ”។ លោក លី គន បានបដិសេធមិននិយាយថា នរណាបានចេញបញ្ជាឡើយ។
លោក ឈឿន តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដែលមើលការខុសត្រូវសង្កាត់នេះបានមានប្រសាសន៍ថា លោកមិនបានបញ្ជាឲ្យដោះលែងទេ ប៉ុន្តែ លោកបានពន្យល់ថា ក្រុមនេះត្រូវតែដោះលែងបន្ទាប់ពីឃុំខ្លួនអស់៤៨ម៉ោង។ លោកបានថ្លែងថា បុរសទាំងនេះត្រូវបានផាកពិន័យ ប៉ុន្តែ បានទុកពេលឲ្យមួយខែ។ ចំនួនទឹកប្រាក់មិនទាន់ត្រូវបានគណនានៅឡើយទេ។
លោកបានមានប្រសាសន៍ថា “យើងបានដោះលែងបុរសទាំង១២នាក់នេះហើយកាលពីយប់ថ្ងៃអាទិត្យ ពីព្រោះពួកគេគ្មានប្រាក់បង់ការផាកពិន័យឡើយ។នោះជាមូលហេតុដែលយើងឲ្យពួកគេត្រឡប់ទៅផ្ទះវិញទៅយកលុយមកបង់ឲ្យយើង”។
លោកបានបន្ថែមថា ”យើងទុកពេលឲ្យពួកគេ១ខែដើម្បីត្រឡប់មកវិញហើយបង់ប្រាក់ពិន័យ។ ប្រសិនបើពួកគេមិនបង់ទេយើងនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការដើម្បីចាត់ការតាមច្បាប់”។
លោក អៀង សុផាល្លែត អ្នកនាំពាក្យក្រសួងកសិកម្មដែលគ្រប់គ្រងរដ្ឋបាលព្រៃឈើ បានមានប្រសាសន៍ថា លោកមិនបានដឹងពីរឿងនេះទេ ប៉ុន្តែ មានប្រសាសន៍ថា មន្ត្រីរដ្ឋបាលព្រៃឈើគ្មានសិទ្ធិបញ្ជាអ្នកក្រោមបង្គាប់ឲ្យដោះលែងជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋតាមការយល់ឃើញរបស់ខ្លួនឡើយ។
លោកបានថ្លែងថា “ថ្នាក់លើគ្មានសិទ្ធិបញ្ជាឲ្យដោះលែងអ្នកកាប់ឈើខុសច្បាប់ឡើយពីព្រោះនេះជាករណីបទឧក្រិដ្ឋ។ ប្រសិនបើថ្នាក់លើបានបញ្ជាឲ្យដោះលែងជនល្មើស នោះថ្នាក់លើបានរំលោភច្បាប់”។
លោកបានបន្ថែមថា ”មានតែព្រះរាជអាជ្ញាប៉ុណ្ណោះមានសិទ្ធិដោះលែងជនល្មើស។ ប្រសិនបើរដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែងបានដោះលែងជនល្មើស នោះរដ្ឋបាលព្រៃឈើបានរំលោភច្បាប់”៕ សារុន