អង្គការឃ្លាំមើលដើម្បីការពារអ្នកការពារសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅក្រុងហ្ស៊ឺណែវ បានអំពាវនាវដល់សាធារណជន ដើម្បីជំរុញអាជ្ញាធរកម្ពុជាឲ្យបញ្ចប់ការយាយីដោយប្រព័ន្ធតុលាការទៅលើអ្នកការពារសិទ្ធមនុស្សដ៏លេចធ្លោ គឺលោក នី ចរិយា ដែលត្រូវចោទប្រកាន់ពីបទបរិហាកេរ្តិ៍ និងការប៉ុនប៉ងដាក់សម្ពាធលើមន្ត្រីតុលាការ។
កាលពីខែឧសភា លោក ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធមនុស្សអង្គការអាដហុក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងចៅក្រមម្នាក់ និងព្រះរាជអាជ្ញាម្នាក់នៅតុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពួកគេថាបានដាក់គុកកសិករពីរនាក់ដោយខុសច្បាប់ ដោយសារតែតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកសិឧស្សាហកម្មមួយ។
មន្ត្រីតុលាការបានតតបវិញ ដោយប្តឹងលោក ចរិយា ហើយកាលពីថ្ងៃទី១៣ ខែកក្កដា អ្នកការពារសិទ្ធិមនុស្សរូបនេះ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅដើម្បីសាកសួរទាក់ទងនឹងការចោទប្រកាន់ដែលលោកបានលើកឡើងក្នុងពេលធ្វើសន្និសីទកាសែតពីរលើក។ លោក ចរិយា ត្រូវបានចោទប្រកាន់ប៉ុន្មានម៉ោងក្រោយមក ប៉ុន្តែនៅមានសេរីភាពនៅឡើយ។
ក្នុងការអំពាវនាវជាបន្ទាន់មួយទៅសាធារណជនកាលពីថ្ងៃច័ន្ទ អង្គការឃ្លាំមើល បានសរសេរថា ខ្លួន”បានទទួលដំណឹងពីប្រភពគួរឲ្យជឿទុកចិត្តអំពីការយាយីដោយប្រព័ន្ធតុលាការជាបន្តបន្ទាប់ទៅលើលោក ចរិយា”។
សេចក្តីអំពាវនាវសរសេរថា “អង្គការឃ្លាំមើលសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការយាយីតាមប្រព័ន្ធតុលាការជាបន្តបន្ទាប់ដល់លោក នី ចរិយា ដែលគ្រាន់តែមានបំណងដាក់ទណ្ឌកម្មលើសកម្មភាពសិទ្ធិមនុស្សស្របច្បាប់របស់លោក និងសូមអំពាវនាវដល់អាជ្ញាធរកម្ពុជាបញ្ឈប់សកម្មភាពនេះជាបន្ទាន់”។
ការអំពាវនាវក៏បានកត់សម្គាល់ថា ការប៉ុនប៉ងរបស់តុលាការក្រុងភ្នំពេញក្នុងការកោះហៅលោក ចរិយាជាថ្មីម្តងទៀតកាលពីសប្តាហ៍មុន ដោយយកដីកាកោះដល់ផ្ទះរបស់លោក នៅពេលដែលលោកមិននៅផ្ទះ បានធ្វើឡើងដោយបំពាននឹងក្រមនីតិវិធីព្រហ្មទណ្ឌ។
សេចក្តីអំពាវនាវបានសរសេរថា “ដីកាត្រូវបញ្ជូនផ្ទាល់ដល់អ្នកពាក់ព័ន្ធ ដែលត្រូវចុះហត្ថលេខា ឬផ្តិតមេដៃលើឯកសារ ក្នុងគោលបំណងបញ្ជាក់ថាទទួលបានដីកា។ ហេតុការណ៍ដែលថា ដីកាត្រូវបានប្រគល់ជូនប្រពន្ធរបស់លោក នី ចរិយា គឺជាការបំពានទាំងស្រុងទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌ”។
ទាក់ទងកាលពីម្សិលមិញ ចៅក្រមស៊ើបអង្កេត លោក វ៉េង ហ៊ត់ បានបញ្ជាក់សាជាថ្មីថា លោក ចរិយាគួរតែគោរពតាមដីកាកោះ ហើយនិយាយថា ប្រសិនបើអ្នកការពារសិទ្ធិមនុស្សរូបនេះមិនចូលខ្លួនទៅតុលាការនៅថ្ងៃទី២១ ខែតុលាទេ លោកនឹងត្រូវនាំខ្លួនដោយកម្លាំង។
ចៅក្រមរូបនេះបាននិយាយថា “គាត់នឹងត្រូវនាំខ្លួន[មកតុលាការ] ហើយប្រសិនបើគាត់មិនមកទេ មានវិធីផ្សេងទៀតគឺត្រូវចាប់ខ្លួនគាត់”។
លោក ចរិយា បាននិយាយថា តុលាការមិនមានការទាក់ទងលោក ឬមេធាវីរបស់លោកទៀតទេ ចាប់តាំងពីការប៉ុនប៉ងកោះហៅគាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយ ដោយសារតែដីកានោះមិនបានបញ្ជូនឲ្យដល់ដៃលោកផ្ទាល់ លោកនឹងមិនចូលខ្លួនទេ។ លោក ចរិយា បាននិយាយថា ប្រពន្ធលោកបានថតដីកា នៅពេលដែលដីកាត្រូវបញ្ជូនដល់ផ្ទះរបស់លោក កាលពីថ្ងៃទី៨ ខែតុលា ប៉ុន្តែថា មន្ត្រីទាំងនោះបានយកដីកាត្រឡប់ទៅវិញពេលគេចាកចេញទៅ។
លោក ចរិយា បាននិយាយថា “ប្រសិនបើតុលាការដូរកាលបរិច្ឆេទ ចេញដីកាថ្មី ហើយអនុវត្តតាមនីតិវិធី ទើបខ្ញុំទៅ”៕រើន