យោងតាមបណ្តឹងអនាមិកមួយដែលចេញដោយអង្គភាពប្រឆាំងអំពើពុករលួយ អ.ប.ព. ឲ្យដឹងថា ប្រធានពន្ធនាគារធំបំផុតសម្រាប់ស្ត្រីនៅប្រទេសកម្ពុជាទទួលរងការចោទប្រកាន់អំពីអំពើពុករលួយជាទូទៅ មានទាំងការជំរិតទារប្រាក់ដ៏ច្រើនជាថ្នូរនឹងការបញ្ជូនអ្នកទោសទៅបន្ទប់ថ្មី និងបន្លំលួចប្រាក់ដែលទុកសម្រាប់ចំណាយក្នុងការថែរក្សាពន្ធនាគារផង។
បណ្តឹងមានកាលបរិច្ឆេទថ្ងៃទី១៩ខែតុលា បានបង្ហោះតាមវិបសាយរបស់ អ.ប.ព. រួមជាមួយនឹងលិខិតបដិសេធមួយពីលោក ខ្លូត តារា ប្រធានមណ្ឌលកែប្រែទី២នៅក្រុងភ្នំពេញ។
មានការចោទប្រកាន់លោក តារា ថាលោកបានទារប្រាក់ពី១០០ដុល្លារទៅ៥០០ដុល្លារពីអ្នកទោស ប្រសិនបើពួកគេចង់ប្តូរទៅបន្ទប់គុកស្អាតជាង ឬ ធំជាង លួចយកប្រាក់រវាង១០លានរៀលដល់១៥លានរៀលពីថវិកាប្រចាំខែរបស់រដ្ឋាភិបាលសម្រាប់ពន្ធនាគារនេះ ទារប្រាក់៣២.០០០រៀលក្នុងការចូលសួរសុខទុក្ខអ្នកទោសម្តងៗ យកដាក់ហោប៉ៅនូវប្រាក់ខែរបស់បុគ្គលិក៩នាក់ ដែលមិនបានមកធ្វើការនៅពន្ធនាគារនេះតាំងពីឆ្នាំ២០១១មក។
លោក តារា មិនអាចទាក់ទងសុំការពន្យល់បានទេ ប៉ុន្តែក្នុងលិខិតរបស់លោកផ្ញើទៅ អ.ប.ព. លោកបាននិយាយថា ការអះអាងនោះមានការភាន់ច្រឡំ។
លោក តារា បាននិយាយក្នុងលិខិតនោះថា “ការលួចប្រាក់ពន្ធនាគារពី១០លានរៀលដល់១៥លានរៀលគឺមិនពិតទេ។ ផ្ទុយទៅវិញ យើងបានផ្តល់អាហារនិងការផ្គត់ផ្គង់ផ្សេងៗសម្រាប់អ្នកទោស មុនថវិការដ្ឋមកដល់រាល់ខែ។
លោកបានបន្ថែមថា “យើងមិនតម្រូវឲ្យគ្រួសារបង់ប្រាក់៣២.០០០រៀលទេ ប៉ុន្តែ អង្គភាពរបស់យើងសុំពួកគេបង់ប្រាក់២.០០០រៀលសម្រាប់ការសួរសុខទុក្ខសាច់ញាតិរបស់ពួកគេ”។
លោក តារា បានបដិសេធថាមិនបានយកប្រាក់ពីអ្នកទោសក្នុងការប្តូរទៅបន្ទប់ថ្មី និងយកប្រាក់ខែរបស់អតីតបុគ្គលិកដាក់ហោប៉ៅទេ។
លោក ឃុន សំបូរ ប្រធានផ្នែកស៊ើបអង្កេតនៃអង្គភាពប្រឆាំងអំពើពុករលួយ បាននិយាយថា លោកនៅតែជឿថា លោក តារា មានកំហុស។
លោកបាននិយាយថា “ខ្ញុំគិតថា លោក ខ្លូត តារា ពិតជាបានប្រព្រឹត្តបទល្មើស ប៉ុន្តែយើងមិនអាចរកឃើញថាគាត់មានកំហុស។ ប្រសិនបើ គាត់មិនបានប្រព្រឹត្តបទល្មើស ហេតុអ្វីគេប្តឹងគាត់?”
លោក សំបូរ បាននិយាយថា អ.ប.ព. នឹងធ្វើការស៊ើបអង្កេតពេញលេញលើលោក តារា ប្រសិនបើមានភ័ស្តុតាងដែលអាចទទួលបាន។
ផ្នែកពន្ធនាគារស្ត្រីនៅព្រៃសមានចំនួនអ្នកទោសច្រើនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានសកម្មជនសិទ្ធិដីធ្លីមួយចំនួននិងតំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី មួរ សុខហួរ ផងដែរ។
លោកស្រី យ៉ម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញពីដីធ្លីដែលបានជាប់ពន្ធនាគារ ម២ បន្ទាប់ពីការចាប់ខ្លួននៅឆ្នាំ២០១២ ពីបទចោទដែលក្រុមសិទ្ធិមនុស្សនិយាយថា មានបំណងបំបិទមាត់លោកស្រីនោះ បាននិយាយថា ជារឿយៗ លោកស្រីបានមើលឃើញការយកលុយដើម្បីបានចូលទៅសួរសុខទុក្ខ និងបានដូរទៅបន្ទប់គុកថ្មី។
លោកស្រី បុប្ផា បាននិយាយថា “ខ្ញុំនៅក្នុងគុកនោះច្រើនខែ ហើយបានឃើញថា ប្រសិនបើគ្រួសារបង់លុយ២០.០០០រៀលសម្រាប់ការសួរសុខទុក្ខអ្នកទោសម្នាក់ ពួកគេអាចមានពេលនិយាយគ្នាបានយូរ ប៉ុន្តែ គ្រួសារខ្លះក្រីក្រ ដូច្នេះពួកគេបង់ប្រាក់២.០០០រៀល ពួកគេអាចមានពេលតែ១០នាទីប៉ុណ្ណោះដើម្បីនិយាយគ្នា”។
លោកស្រីបានបន្ថែមថា “ខ្ញុំមិនដែលបានឃើញលោក ខ្លូត តារា យកប្រាក់ពីអ្នកទោសផ្ទាល់ទេ ប៉ុន្តែ ខ្ញុំបានឃើញមន្ត្រីរបស់គាត់យកប្រាក់ពីអ្នកទោស ប្រសិនបើពួកគេចង់ប្តូរបន្ទប់របស់ខ្លួន ពីព្រោះបន្ទប់របស់ពួកគេធុំក្លិនស្អុយ ឬពួកគេចង់មានបន្ទប់ធំជាងមុន”។
លោក បេ ទៀឡេង ប្រធាននាយកដ្ឋានប្រតិបត្តិនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បាននិយាយថា លោកមិនបានដឹងអំពីការចោទប្រកាន់លើលោក តារា ទេ ប៉ុន្តែ លោកនឹងបញ្ជូនក្រុមមន្ត្រីដើម្បីស៊ើបអង្កេតពន្ធនាគារនេះ។
លោកបាននិយាយថា “ខ្ញុំមិនប្រាកដថា លោក តារា ពិតជាបានប្រព្រឹត្តបទល្មើសទេ ប៉ុន្តែ ខ្ញុំគិតថា ប្រហែលជាមន្ត្រីរបស់គាត់ប្តឹងរូបគាត់ ពីព្រោះពួកគេមិនសប្បាយចិត្តនឹងមេរបស់ពួកគេ”៕និត