ចំនួនកងកម្លាំងសន្តិសុខដ៏ច្រើនត្រូវបានដាក់ពង្រាយនៅតាមបណ្តាទីតាំងនានាក្នុងខេត្តសៀមរាប និងក្រុងភ្នំពេញ ដើម្បីការពារលោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ដោយមានគណៈប្រតិភូនៃមន្ត្រីរុស្ស៊ីសម្រាប់កិច្ចប្រជុំជាផ្លូវការ និងការទស្សនាកម្សាន្ត។
យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅលើវិបសាយនគរបាលជាតិកាលពីថ្ងៃសុក្រឲ្យដឹងថា កងកម្លាំងជាង១០.០០០នាក់មកពីនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ នឹងត្រូវដាក់ពង្រាយទូទាំងក្រុងភ្នំពេញ និងខេត្តសៀមរាបអំឡុងពេលទស្សនកិច្ចរយៈពេល៤ថ្ងៃ។
យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសឲ្យដឹងថា លោក មេដវេដេវ ស្ថិតក្នុងខេត្តសៀមរាបនៅថ្ងៃនេះ ដែលនៅទីនោះលោកមានគម្រោងទស្សនាប្រាសាទអង្គរវត្ត នៅក្នុងកម្មវិធីជាឯកជន ដែលអនុញ្ញតឲ្យមានអ្នកយកព័ត៌មានរដ្ឋាភិបាលតែពីរនាក់ប៉ុណ្ណោះចូលយកព័ត៌មាន។
សេចក្តីថ្លែងការណ៍បាននិយាយថា “ចំពោះទស្សនកិច្ចនៅសៀមរាប ភាគីរុស្ស៊ីបានយល់ព្រមឲ្យមានតែការចូលរួមយកព័ត៌មានពីទូរទស្សន៍ជាតិកម្ពុជាមួយនាក់ និងភ្នាក់ងារសារព័ត៌មាន AKPម្នាក់តាមការស្នើសុំរបស់តំណាងក្រសួងព័ត៌មាន”។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ជាឧត្តមសេនីយ៍យោធាយូរអង្វែងមួយរូប បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថា វិធានការសន្តិសុខមានពេញលេញ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា “សរុបមក សុវត្ថិភាព និងសន្តិសុខត្រៀមរួចរាល់អស់ហើយ….រឿងសំខាន់បំផុត គឺថាយើងដាក់កងកម្លាំងគ្រប់ប្រភេទ ដើម្បីផ្តល់សន្តិសុខសម្រាប់មេដឹកនាំទាំងអស់ ដែលមកទស្សនាកម្ពុជា”។
នៅថ្ងៃអង្គារ៍ និងថ្ងៃពុធ លោក មេដវេដេវនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងប្រទេសរុស្ស៊ី និងកម្ពុជា រួមមានកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងរុស្ស៊ី។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា កម្លាំងសន្តិសុខក្រុងសហការជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធានានូវសុវត្តិភាព។
លោក ឌីម៉ង់ បានមានប្រសាសន៍ថា “យើងកំពុងប្រឹងប្រែងធ្វើការ ដើម្បីធានានូវសន្តិសុខ ព្រោះសុវត្ថិភាព និងសន្តិសុខ គឺជាអាទិភាពទីមួយរបស់យើង”៕