យោងតាមនគរបាលបានឲ្យដឹងថា ជាងផ្សារដែកវ័យក្មេងម្នាក់ ត្រូវបានបាញ់ចំខ្នង ហើយប្លន់យកម៉ូតូហុងដាឌ្រីម អំឡុងការស្ទាក់ប្លន់តាមចិញ្ចើមផ្លូវនៅជាយរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលព្រឹកម្សិលមិញ ជាអំពើប្លន់ថ្មីបំផុតក្នុងចំណោមអំពើប្លន់ម៉ូតូប្រដាប់អាវុធជាច្រើនលើកដែលបានបណ្តាលឲ្យមនុស្សប្រាំពីរនាក់រងរបួស និងក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ស្លាប់។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា រី មករា អាយុ ២៨ឆ្នាំ ដែលធ្វើការនៅកន្លែងផ្សារដែកមួយក្នុងខេត្តកំពង់ស្ពឺបានមកលេងរាជធានីភ្នំពេញ រយៈពេលមួយសប្តាហ៍ចូលរួមពិធីបុណ្យអុំទូក ហើយបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញជាមួយមិត្តស្រីរបស់ខ្លួនឆ្លងកាត់ខណ្ឌសែនសុខ ស្រាប់តែហេតុការណ៍នេះបានកើតឡើង។
លោក ម៉ក់ ហុង បានថ្លែងថា អ្នកទាំងពីរបានជិះម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៣ របស់ឈ្មោះ មករា តាមទំនប់កប់ស្រូវនៅម៉ោងប្រហែល៣រំលងអធ្រាត្រ ស្រាប់តែនៅពេលនោះពួកគេបានឃើញម៉ូតូមួយគ្រឿងដាក់រាំងផ្លូវ ហើយបុរសមួយក្រុមមានគ្នាបីទៅបួននាក់នៅឈរក្បែរនោះ។
លោក ម៉ក់ ហុង បានមានប្រសាសន៍ថា”ជនសង្ស័យបានស្រែកឲ្យអ្នកទាំងពីរចុះពីលើម៉ូតូ ហើយប្រគល់សោឲ្យពួកគេ ប៉ុន្តែ ជនរងគ្រោះមិនព្រមឲ្យ បន្ទាប់មកជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងនោះបានបាញ់សំដៅពួកគេតែម្តង”។ លោកបានបន្ថែមថា ក្រុមចោរប្លន់បានបាញ់បីគ្រាប់សំដៅពួកគេទាំងពីរនាក់។
លោក ម៉ក់ ហុង បានថ្លែងថា បន្ទាប់មកក្រុមចោរបានយកសោម៉ូតូរបស់ មករា ហើយ ជិះចេញយ៉ាងលឿន។ លោកបានបន្ថែមថា ដោយគ្មាននគរបាលនៅក្បែរនោះជាងផ្សារដែករូបនេះបានទូរស័ព្ទទៅវិទ្យុABC ប្រហែល ១៥នាទីក្រោយមក ហើយបានសុំឲ្យអ្នកអត្ថា ធិប្បាយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។
អធិការនគរបាលរូបេនះបានមានប្រសាសន៍ថា ក្រោយមកក្រុមសើុបអង្កេតបានរកឃើញសម្បកគ្រាប់នៅកន្លែងកើតហេតុ ហើយបានកំណត់ថា ក្រុមចោរប្រើកាំភ្លើង K-59 ប៉ុន្តែ នគរបាលមិនមានតម្រុយក្នុងហេតុការណ៍នេះទេ។ លោកបានមានប្រសាសន៍ថា មករា កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អំពើប្លន់នេះបានកើតឡើងបន្ទាប់ពីហេតុការណ៍ស្រដៀងគ្នាបីករណីទៀតក្នុងរយៈពេលពីរសប្តាហ៍។
កាលពីថ្ងៃទី១៥ខែវិច្ឆិកា បុរសពីរនាក់បានប្រើកាំភ្លើង AK-47 បាញ់ត្រូវក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ស្លាប់ នៅពេលប៉ុនប៉ងប្លន់ម៉ូតូ ហុងដា ឌ្រីម របស់បងប្រុសវាក្នុងខេត្តកំពត ក៏បានរង់ចាំនៅតាមផ្លូវកាលពីរំលងអធ្រាត្រពេលជនរងគ្រោះឆ្លងកាត់ ដែរ។
មួយសប្តាហ៍ក្រោយមក បុរសបួននាក់បានបាញ់មនុស្សបីនាក់ត្រូវជើងមុនពេលប្លន់យកម៉ូតូ KTM Duke នៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ មុនម៉ោង២រំលងអធ្រាត្របន្តិច។ (ម៉ូតូេនះត្រូវបានរកឃើញវិញកាលពីម្សិលមិញ នៅពេលនគរបាលចាប់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមពួកវាបួននាក់នេះបើយោងតាមលោក សុង លី នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី)។
ហើយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ជនសង្ស័យបួននាក់ទៀតបានបាញ់ទៅលើយុវ ជនមួយក្រុមមានគ្នា១៨នាក់ ធ្វើដំណើរតាមម៉ូតូ៨គ្រឿងក្នុងខណ្ឌដដែលនេះ ដោយបាញ់ ត្រូវបុរសបីនាក់ធ្លាយជង្គង់ ហើយបានរត់គេច ជាមួយម៉ូតូហុងដាស៊េរីថ្មីបំផុតពីរគ្រឿង។
នគរបាលបានតាមខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមពួកវាបួននាក់ទៅដល់ផ្សារមួយនៅជិតមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ទីដែលពួកគេបានចាប់ខ្លួនជននេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ខណៈដែលជននេះបានព្យាយាមលក់ម៉ូតូមួយគ្រឿង។
កាលពីម្សិលមិញ លោក តី វិសាល នាយករងការិយាល័យព្រហ្មទណ្ឌរាជធានីបានមានប្រសាសន៍ថា មន្ត្រីដែលសើុបអង្កេតករណីនេះមិនទាន់ចាប់ខ្លួនបានជនសង្ស័យថ្មីនៅឡើយទេ ប៉ុន្តែ ថា បុរសដែលត្រូវបានឃុំខ្លួននេះត្រូវបានបញ្ជូនទៅតុលាការ ហើយបានធ្វើការចោទប្រកាន់បណ្តោះអាសន្នពីបទប្លន់មានស្ថានទម្ងន់ទោស។
លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីបានមានប្រសាសន៍ ថា លោកមិនអាចពន្យល់ពីអំពើប្លន់ដ៏ហិង្សា ទាំងនេះបានទេ ប៉ុន្តែ បានលើកឡើងថា ការបាញ់បានកើតឡើងនៅពេលជនរងគ្រោះបានព្យាយាមតដៃតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះ បានព្យាយាមតដៃជាមួយជនសង្ស័យ។ ជនសង្ស័យមិនចង់បាញ់ឲ្យឮដល់នគរបាលទេ”៕ សារុន (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី និង សាំង សុឥន្ទរិទ្ធ)