យោងតាមនគរបាលបានឲ្យដឹងថា នគរ បាលនៅក្នុងខេត្តចំនួនពីរកំពុងតាមចាប់ខ្លួនកសិករម្នាក់រស់នៅទីជនបទក្នុងខេត្តកំពង់ចាម ដែលផ្ទុះកំហឹងបន្ទាប់ពីស្រវឹងជោកកាល ពីយប់ថ្ងៃច័ន្ទហើយបានយកកាំបិតកាប់សម្លាប់ ប្រពន្ធកូនពីរនាក់ និងម្តាយក្មេករបស់ខ្លួនក្នុងហេតុការណ៍ដ៏ឃោរឃៅមួយ ដែលឪពុកក្មេករបស់ជននេះបានតតាំងដើម្បីរួចជីវិត។
នគរបាលនៅក្នុងខេត្តតាកែវក៏កំពុងតាមស្វែងរកជនសង្ស័យឈ្មោះ អេង ធី អាយុ៤៦ឆ្នាំ ដែលធ្លាប់មានប្រវត្តិគំរាម និងធ្វើបាប ប្រពន្ធ និងឪពុកម្តាយក្មេករបស់ខ្លួនផងដែរ។
យោងតាមលោក ចាន់ ហោ នាយរងការិយាល័យនគរបាលយុត្តិធម៌ខេត្តកំពង់ចាមបានលើកឡើងថា “យើងបានស្នើនគរបាលខេត្តតាកែវ ឲ្យជួយសហការក្នុងការសើុបអង្កេតតាមស្វែងរកជនសង្ស័យ ហើយយើងបានទាក់ទងនគរបាលនៅទូទាំងប្រទេសដើម្បីជូនដំណឹងថា ជននេះគឺជាមនុស្សដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន”។
យោងតាមនគរបាលបានឲ្យដឹងទៀតថា អេង ធី បានផឹកស្រាសអស់ប្រហែលកន្លះលីត្រកាលពីល្ងាចថ្ងៃច័ន្ទ ហើយក្រោយមកក៏ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយប្រពន្ធរបស់ខ្លួនដោយធ្វើឲ្យគាត់យកកូនពីរនាក់ដែលម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ ទៅដេកនៅផ្ទះរបស់ឪពុកម្ដាយគាត់ដែលនៅជាប់របងគ្នា។
លោក ហ៊ាង ម៉េង នាយប៉ុស្តិ៍នគរបាលឃុំស្ពឺ ដែលស្ថិតនៅក្នុងស្រុកចម្ការលើ បានលើក ឡើងថា ក្រោយម៉ោង១១និង៣០នាទីយប់បន្តិច ឪពុកម្តាយក្មេករបស់ជននេះ ឈ្មោះ ម៉ៅ យាង អាយុ៦៥ឆ្នាំ និង ស្វាយ សាខន អាយុ ៦៩ឆ្នាំ បានដឹងថា ផ្ទះរបស់ អេង ធី កំពុងឆាបឆេះ ហើយបានទៅមើល ប៉ុន្តែ ពួកគាត់បានជួបកូនប្រសាដែលកំពុងតែកាន់កាំបិត ពេលទៅដល់កាំជណ្ដើរផ្ទះរបស់ជនេនះ។បន្ទាប់ពីកាប់ក្បាលឪពុកម្តាយក្មេករួច អេង ធី បានចូលក្នុងផ្ទះរបស់ពួកគាត់ ហើយបានឃើញប្រពន្ធឈ្មោះ ចន្ទី សុភានី អាយុ៤៥ឆ្នាំ និងកូនៗរបស់ខ្លួន រួចក៏យកកាំបិតកាប់សម្លាប់ពួកគេតែម្តង។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះទាំងអស់សុទ្ធតែត្រូវកាប់ចំក និងគុម្ពត្រចៀក ហើយសាកសពរបស់ពួកគាត់ប្រឡាក់ សុទ្ធតែឈាម។ ជនរងគ្រោះទាំងបួននាក់បាន ស្លាប់ភ្លាមៗ ហើយឪពុកក្មេករបស់ជននេះ ត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីព្យាបាលរបួសដែលមានសភាពយ៉ាងធ្ងន់ធ្ងរ”។
នៅផ្នែកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីម្សិលមិញ វេជ្ជបណ្ឌិត លឹម សារ៉ែន បានលើកឡើងថា គ្រូពេទ្យកំពុង ខិតខំអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះ លោក ស្វាយ សាខន។
វេជ្ជបណ្ឌិត លឹម សារ៉ែន បានលើកឡើងទៀតថា ជីតារូបេនះបានធ្វើការវះកាត់ដើម្បី ព្យាបាលរបួសដែលត្រូវកាំបិតខាងក្រោយលលាដ៍ក្បាល ហើយគេមិនច្បាស់ទេថា តើគាត់នឹងរស់រានមានជីវិតឬអត់នោះ។ លោកបានមានប្រសាសន៍ថា “របួសធ្ងន់ធ្ងរណាស់។ យើងកំពុងតែខិតខំអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះគាត់ តែយើងមិនច្បាស់ទេថា តើគាត់មានឱកាសរស់ ឬ អត់ ព្រោះគាត់បាត់បង់ឈាមច្រើនណាស់”។
លោក ហ៊ាង ម៉េង ដែលបានទៅពិនិត្យនៅកន្លែងកើតហេតុបានលើកឡើងបន្តថា អេង ធី ធ្លាប់មានប្រវត្តិឈ្លោះប្រកែកជាមួយប្រពន្ធ ជាពិសេសពាក់ពន្ធនឹងឪពុកម្តាយក្មេក ហើយថាការផ្ទុះកំហឹងដែលនាំឲ្យប្រពន្ធ និងកូនចាកចេញពីផ្ទះ គឺដោយសារតែជនសង្ស័យបានដុតខោអាវរបស់ប្រពន្ធខ្លួនចោល។
លោកបានមានប្រសាសន៍ថា “ជនសង្ស័យ តែងតែវាយតប់ជាមួយប្រពន្ធរបស់ខ្លួនពេលស្រវឹងស្រា។ ជននេះធ្លាប់ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលឃុំ ដើម្បីអប់រំប្រហែលមួយឆ្នាំមុន ពេលជននេះជេរប្រមាថ ឪពុកក្មេក ហើយគំរាមសម្លាប់គាត់ចោល”។
អំឡុងពេលនោះ អេង ធី បានប្រាប់នគរបាលថា ប្រពន្ធរបស់ខ្លួនតែងតែយកត្រីដែលខ្លួនរកបានទៅឲ្យឪពុកម្តាយរបស់គាត់ហើយថា ឪពុកម្តាយក្មេករបស់ខ្លួនស្រឡាញ់ចៅៗផ្សេងជាងកូនៗរបស់ខ្លួន។
សមាជិកម្នាក់ទៀតរបស់ក្រុមគ្រួសារលោក ស្វាយ សាខន ក៏បាននិយាយរៀបរាប់អំពីបុរសដ៏ឃោរឃៅរូបនេះ ដែលតែងតែវាយតប់គ្នាយ៉ាងញឹកញាប់ជាមួយប្រពន្ធពេលស្រវឹងស្រាផងដែរ។
អ្នកស្រី ប៊ន ស៊ីណាត ដែលជាក្មួយស្រីរបស់លោក ស្វាយ សាខន និងដែលរស់នៅចម្ងាយប្រហែល៥០០ម៉ែត្រពីកន្លែងកើតហេតុបាននិយាយថា “ពេលវាស្រវឹងស្រា វាតែងតែឈ្លោះប្រកែកជាមួយប្រពន្ធ ជួនកាលប្រពន្ធរបស់វាបានរត់ចេញពីផ្ទះ ហើយមកដេកនៅផ្ទះរបស់ខ្ញុំក៏មានដែរ”។ អ្នកស្រីបាននិយាយទៀតថា អ្នកជិតខាងបានឮហេតុ ការណ៍ដែលកើតឡើងនៅយប់កើតមានអំពើឃាតកម្មនេះ ប៉ុន្តែ មិនហ៊ានទៅជួយឃាត់ទេ៕ស៊ុយឈាង