មន្ត្រីក្រសួងហិរញ្ញវត្ថុមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលមិនទាន់សម្រេចថាតើខ្លួននឹងអនុវត្តតាមគោលការណ៍ធនាគារអភិវឌ្ឍអាស៊ីដែលថា ក្រុមគ្រួសារដែលប្រឈមនឹងការបណ្តេញចេញពីតាមផ្លូវរថភ្លើងចាស់ៗនៃប្រទេសនេះនឹងទទួលបានជម្រើសតាំងទីលំនៅថ្មីល្អប្រសើរជាងជម្រើសដែលគេមានពេលនេះទេ។
រដ្ឋាភិបាលបានបង្កើតទីតាំងតាំងទីលំនៅថ្មីជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋប្រហែល១.០០០គ្រួសារដែលបានចាកចេញ ឬមិនទាន់បានចាកចេញពីផ្ទះសំបែងពួកគេ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ស្តារឡើងវិញនូវផ្លូវរថភ្លើងដែលបោះបង់ចោលយូរឆ្នាំមកហើយ ដែលធនាគារអភិវឌ្ឍអាស៊ីភាគច្រើនផ្តល់មូលនិធិឲ្យ។ ប៉ុន្តែក្រុមគ្រួសារបានត្អូញត្អែរថា ទីតាំងទាំងនោះមិនមានបំពាក់ឧបករណ៍គ្រប់គ្រាន់ ហើយនៅឆ្ងាយពីឱកាសការងារដែលនឹងមិនឲ្យពួកគេរកប្រាក់ចំណូលបានច្រើនដូចពីមុនទេ ដោយបង្ខំឲ្យពួកគេខ្ចីបុល។
កាលពីខែមុន គណៈកម្មការសើរើការអនុវត្តរបស់ធនាគារអភិវឌ្ឍអាស៊ីបានច្រានចោលសំណើរបស់ក្រុមគ្រួសារមួយចំនួនសម្រាប់ការសើរើគម្រោងរួមរបស់ធនាគារជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យគម្រោងផ្លូវរថភ្លើងអនុវត្តស្របតាមគោលការណ៍ធនាគារអភិវឌ្ឍអាស៊ីក្នុងការធានាថាក្រុមគ្រួសារដែលគម្រោងនេះធ្វើឲ្យប៉ះពាល់ដល់ គឺមិនធ្លាក់ខ្លួនក្រីក្រជាងពួកគេកាលពីមុន។ ទន្ទឹមនឹងនេះ គណៈកម្មការត្រូវប្រាកដថា ក្រុមគ្រួសារដែលមិនចង់ចាកចេញទៅកាន់ទីតាំងដែលមានស្រាប់ មានសិទ្ធិជ្រើសរើសការតាំងទីលំនៅថ្មីនៅជិតនឹងផ្ទះសំបែងរបស់ពួកគេតាមបណ្តោយផ្លួវរថភ្លើង។
ទីតាំងតាំងលំនៅថ្មីនឹងត្រូវបង្កើតឡើង ហើយគ្រប់គ្រងដោយគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកការតាំងទីលំនៅថ្មី។
ទាក់ទងកាលពីម្សិលមិញ លោក ស៊ឹម សំណាង អនុប្រធាននាយកដ្ឋានតាំងទីលំនៅថ្មីរបស់ក្រសួងហិរញ្ញវត្ថុ បាននិយាយថា រដ្ឋាភិបាលមិនទាន់សម្រេចថាតើអនុវត្តតាមលក្ខខណ្ឌសម្រាប់ទីតាំងតាំងលំនៅថ្មី និងរហូតមកដល់ពេលនេះមិនទាន់ចាត់ទុកថាជាគំនិតនៅឡើយ។
លោក ស៊ឹម សំណាង បាននិយាយថា “យើងមិនទាន់ពិចារណាចំពោះចំណុចនេះនៅឡើយទេ យើងត្រូវពិភាក្សាជាមួយធនាគារអភិវឌ្ឍអាស៊ីជាមុនសិន”។ លោក ស៊ឹម សំណាងបដិសេធមិនចែករំលែកគំនិតរបស់លោកទាក់ទិននឹងបញ្ហានេះទេ។
សួរអំពីទីតាំងតាំងលំនៅថ្មី ក្រុមធនាគារអភិវឌ្ឍអាស៊ីប្រចាំប្រទេសមិនបានផ្តល់ចម្លើយច្បាស់លាស់ទេ។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលរៀបចំជាមុនកាលពីសប្តាហ៍មុនថា “ធនាគារអភិវឌ្ឍអាស៊ីកំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីធានាថា សកម្មភាពដោះស្រាយត្រូវអនុវត្តពេញលេញ”។
សេចក្តីថ្លែងការណ៍បាននិយាយថា “ផ្អែកលើសកម្មភាពដោះស្រាយដែលយល់ព្រមជាមួយរដ្ឋាភិបាល គឺរដ្ឋាភិបាលបានធ្វើឲ្យប្រសើរឡើងនូវឧបករណ៍ផ្សេងៗនៅឯទីតាំងតាំងទីលំនៅថ្មី ហើយក៏បន្តអនុវត្តកម្មវិធីស្តារប្រាក់ចំណូលបន្ថែម។ ធនាគារអភិវឌ្ឍអាស៊ីបន្តពិភាក្សាជាមួយរដ្ឋាភិបាលទាក់ទិននឹងបញ្ហាដី៣០ម៉ែត្រការ៉េ និងការអនុវត្តរបស់ខ្លួន”។
គណៈកម្មការសើរើបានសម្រេចថា ក្រុមគ្រួសារដែលត្រូវលះបង់ដីមួយក្បាលរបស់គេសម្រាប់គម្រោងផ្លូវរថភ្លើង ប៉ុន្តែនៅសល់ដីតិចជាង៣០ម៉ែត្រការ៉េ គួរទទួលបានសំណងដូចគ្នាប្រសិនបើពួកគេបាត់បង់ដីទាំងអស់។
អង្គការសមធម៌កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយក្រុមគ្រួសារទាំងនោះ បាននិយាយថា ខ្លួនសង្ឃឹមថា ធនាគារអភិវឌ្ឍអាស៊ី និងរដ្ឋាភិបាលនឹងផ្តល់នូវជម្រើសតាំងទីលំនៅថ្មីឲ្យសមរម្យជាងនេះ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការនេះ បាននិយាយថា “ពេលនេះគណៈកម្មការសើរើការអនុវត្តបានថ្លែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសការតាំងទីលំនៅថ្មីដែលនឹងមិនធ្វើឲ្យពួកគេក្រីក្រ យើងសង្ឃឹមថា ធនាគារអភិវឌ្ឍអាស៊ី និងរដ្ឋាភិបាលនឹងធ្វើការដើម្បីស្វែងរកដំណោះស្រាយសមរម្យសម្រាប់គ្រួសារទាំងនេះ ដែលកំពុងរស់នៅស្ថិតក្រោមការគំរាមកំហែងនៃការកម្ទេចផ្ទះសំបែងអស់រយៈពេលជិត១០ឆ្នាំមកហើយ”៕ រើន