នៅពេលសាលាដំបូងខេត្តបាត់ដំបងកាលពីសប្តាហ៍មុនបានសម្រេចផ្តន្ទាទោសឲ្យលោក យ៉ែម ជ្រិន គ្រូពេទ្យភូមិគ្មានអាជ្ញាប័ណ្ណ ដែល ជាអ្នកទទួលខុសត្រូវចំពោះការចម្លងមេរោគអេដស៍ទៅប្រជាពលរដ្ឋដល់ទៅជាង២៨០នាក់ នៅក្នុងឃុំរកា ជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំនោះ វាទំនងជាមិនបានពិចារណាលើភ័ស្តុតាងវេជ្ជសាស្ត្រឡើយ នេះបើយោងតាមកិច្ចសម្ភាសន៍ជាមួយវេជ្ជបណ្ឌិតនិងមន្ត្រីសុខាភិបាល។
តុលាការក៏បានបន្តសាលក្រមផ្តន្ទាទោសដែរ ទោះបីជាគ្មានលទ្ធផលនៃការធ្វើតេស្តដែលបច្ចុប្បន្នកំពុងត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបា៉ស្ទ័រក្នុងរាជធានីភ្នំពេញ និងដែល អាចជួយក្នុងការលាតត្រដាងប្រភពដើមនៃការឆ្លងមេរោគអេដស៍យ៉ាងរាលដាលនៅក្នុងឃុំរកា ហើយដែលនឹងត្រូវបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនោះ។
ខណៈព្រះរាជអាជ្ញាពឹងផ្អែកយ៉ាងខ្លាំងលើសក្ខីកម្មរបស់អ្នកភូមិឆ្លងមេរោគអេដស៍ជិត៩០នាក់អំឡុងការបើកសវនាការជំនុំជម្រះក្តីរយៈពេលប្រាំថ្ងៃរបស់លោក យ៉ែមជ្រិន នៅក្នុងខែតុលា តុលាការបានលើកឡើង នៅថ្ងៃចុងក្រោយនៃការបើកសវនាការជំនំុជម្រះថា ខ្លួនក៏ចង់បានលទ្ធផលនៃការធ្វើតេស្តធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រ ដែលកំពុងសិក្សាស្រាវជ្រាវយ៉ាងសកម្មអំពីមេរោគអេដស៍ ដែលបានឆ្លងយ៉ាងរាលដាលជា លើកដំបូងក្នុងឃុំរកា កាលពីខែធ្នូឆ្នាំមុនដែរ។
វាមិនច្បាស់ទេថា តើការធ្វើតេស្តមួយណាដែលតុលាការសំដៅលើ។ យោងតាមលោក Didier Fontenille ប្រធានវិទ្យាស្ថានប៉ាស្ទ័រ បានឲ្យដឹងថា ការធ្វើតេស្តដែលត្រូវបានធ្វើឡើងដោយវិទ្យាស្ថានរបស់លោកផ្តោតលើកត្តាបីដាច់ដោយឡែកពីគ្នា គឺសំណាក ឈាមរបស់អ្នកភូមិឃុំរកា ស៊ឺរាំងដែលរឹបអូសបានពីផ្ទះរបស់លោក យ៉ែម ជ្រិនដោយក្រុមអ្នកស៊ើបអង្កេត កាលពីខែធ្នូ និងប្រភពនៃមេរោគអេដស៍នៅក្នុងឃុំនេះ។
ខណៈសំណាកឈាមត្រូវបានធ្វើតេស្តមិនយូរប៉ុន្មានបន្ទាប់ពីមានការផ្ទុះឡើងនូវករណីនេះដើម្បីបញ្ជាក់អំពីការឆ្លងយ៉ាងរាលដាលនោះ ការធ្វើតេស្តបន្ថែមទៀតដើម្បីធ្វើកោសល្យវិច័យថា តើមេរោគអេដស៍ និងអង់ទីគ័រមាននៅក្នុងបរិក្ខារពេទ្យរបស់លោក យ៉ែម ជ្រិនដែរ ឬ អត់ ទើបតែត្រូវបានបញ្ចប់ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត Didier Fontenille បានលើកឡើងទៀតថា អ្នកសិក្សាស្រាវជ្រាវនៅ វិទ្យាស្ថានប៉ាស្ទ័រនៅមិនទាន់បញ្ចប់ការធ្វើតេស្តជាបន្តបន្ទាប់ “ដ៏សំខាន់” ដែលនឹងកំណត់ ប្រភពដើមនៃមេរោគអេដស៍នៅភូមិរកានៅឡើយទេ។
លោកបានមានប្រសាសន៍៍ថា “អ្វីដែលយើងចង់ដឹងគឺថា តើនៅក្នុងឃុំរកានេះមានប្រភពមេរោគនេះច្រើន ឬទេ ឬថាតើមេរោគ នេះស្ទើរតែទាំងអស់សុទ្ធតែមានប្រភពតែមួយ”។លោកបានបន្ថែមថា លទ្ធផលបឋមបង្ហាញថាមេរោគនេះមានប្រភពមិនច្រើនទេ។ លោកបានមានប្រសាសន៍បន្ថែមថា ” យើងដឹងថា វាស្ទើរតែមានប្រភពតែមួយប៉ុន្តែ យើងនៅមិនទាន់ដឹងនៅឡើយទេ ថា តើវាបណ្តាលមកពីគ្រូពេទ្យតែម្នាក់ គ្រូពេទ្យមួយចំនួន ឬគ្រូពេទ្យច្រើននាក់ រួមទាំងការឆ្លងតាមរយៈការរួមភេទ និងការប្រើប្រាស់គ្រឿងញៀន ឬយ៉ាងណានោះ។ យើងរំពឹងថា នឹងបញ្ចប់ការធ្វើតេស្តជាបន្តបន្ទាប់នេះនៅប៉ុន្មានសប្តាហ៍ក្រោយ ឬយ៉ាងតិចត្រឹមមួយឬពីរខែទៀត”។
លោកវេជ្ជបណ្ឌិតបានលើកឡើងបន្ថែមថា លោកបានបញ្ជូនរបាយការណ៍នៃលទ្ធផលសិក្សារបស់ក្រុមលោកអំពីបរិក្ខារពេទ្យរបស់លោក យ៉ែម ជ្រិន ទៅក្រសួងសុខាភិបាលកាលពីខែមុន ប៉ុន្តែថា លោកមិនច្បាស់ទេថា តើឯកសារនេះត្រូវបានបញ្ជូនទៅដល់ដៃរបស់សាលាដំបូងខេត្តបាត់ដំបងដែរ ឬអត់នោះ។
លោកបានមានប្រសាសន៍ថា “ក្រសួងសុខាភិបាលទទួលបានលទ្ធផលនេះ។ ខ្ញុំមិនដឹងទេថា តើលទ្ធផលទាំងនេះត្រូវបានបង្ហាញ នៅតុលាការដែរ ឬអត់នោះ។ យើងនៅមិនទាន់ត្រូវបានអញ្ជើញឲ្យទៅទីនោះ[តុលាការ] នៅឡើយទេ”។
លោកបានបន្ថែមថា លទ្ធផលនៃការសិក្សា ដែលលោកបដិសេធមិនបង្ហាញត្រូវបានបញ្ជូនទៅកាន់ “អ្នកដែលលោកអាចទាក់ទងបានតែមួយគត់” នៅក្រសួងសុខាភិបាល គឺលោក មាន ឈីវុន អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលបានចូលនិវត្តកាលពីខែកុម្ភៈ ប៉ុន្តែ នៅធ្វើជាទីប្រឹក្សានៅក្រសួងនេះ។
វេជ្ជបណ្ឌិតរូបនេះបានលើកឡើងទៀតថា លោកវេជ្ជបណ្ឌិត មាន ឈីវុន និងវេជ្ជបណ្ឌិតផ្សេងទៀតនៅមជ្ឈមណ្ឌលជាតិនេះសុទ្ធតែបានពិនិត្យមើលលទ្ធផលនៃការសិក្សា របស់វិទ្យាស្ថានបា៉ស្ទ័រស្តីអំពីបរិក្ខារពេទ្យក៏ដូចជាការខិតខំប្រឹងប្រែងបន្តរបស់ខ្លួនដើម្បីរកប្រភព ឌីអិនអេ របស់មេរោគនេះ។ លោក បានមានប្រសាសន៍ថា “គាត់ដឹងរឿងនោះយ៉ាងច្បាស់ព្រោះយើងមានការប្រជុំមួយចំនួន។ យើងមានការប្រជុំជាប្រចាំ ហើយប្រធានថ្មីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងមេរោគអេដស៍ សើស្បែក និងកាមរោគ ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំទាំងអស់នេះដែរ”។
ទោះជាយ៉ាងណា ពេលត្រូវបានសួរកាលពីម្សិលមិញ ថាតើលោកមានបានបញ្ជូនព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រទៅតុលាការដែរឬទេ លោកវេជ្ជបណ្ឌិត មាន ឈីវុន បានបដិសេធ មិនផ្តល់ចម្លើយច្បាស់លាស់ទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនបានទទួលរបាយការណ៍ផ្លូវការពីវិទ្យាស្ថានប៉ាស្ទ័រទេ។ខ្ញុំទទួលបានតែឯកសារដែលមានព័ត៌មានថ្មីៗប៉ុណ្ណោះ”។ ហើយនៅពេលត្រូវបានសួរថា តើលោកមានបានបញ្ជូនឯកសារដែលមានព័ត៌មានថ្មីៗនេះទៅសាលាដំបូងខេត្តបាត់ដំបងដែរ ឬទេ វេជ្ជបណ្ឌិតរូបនេះបានលើកឡើងថា លោកមិនច្បាស់ទេ។
លោកបានថ្លែងថា “ខ្ញុំមិនដឹងទេ។ អ្នកអាចសួរតុលាការបាន”។
លោក ទូច សុភក្តី អ្នកនាំពាក្យតុលាការបានបដិសេធមិនឆ្លើយសំណួរអំពីថា តើតុលាការមានបានទទួលលទ្ធផលនៃការធ្វើតេស្ត ឬយ៉ាងណានោះ។
លោកបានលើកឡើងថា “នេះគឺជាបញ្ហាផ្ទៃក្នុងរបស់តុលាការ”។
មន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្តដែលទាក់ទងកាលពីម្សិលមិញ បាននិយាយថា ខ្លួនមិនដឹងថា តើតុលាការបានទទួលរបាយការណ៍ភ័ស្តុតាងវេជ្ជសាស្ត្រ ដែលត្រូវបានស្នើឡើងនេះដែរ ឬអត់ឡើយ។
លោក លី ពេញស៊ុន ដែលជំនួសតំណែងលោកវេជ្ជបណ្ឌិត មាន ឈីវុន ជាប្រធានមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានបង្វែរសំណួរអំពីការវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រត្រឡប់ទៅព្រះរាជ អាជ្ញារបស់លោកវិញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងអំពីលទ្ធផលទាំងនេះ ដែលតុលាការបានស្នើពីវិទ្យាស្ថានប៉ាស្ទ័រទេ”។
លោក វឿង ប៉ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានលើកឡើងថា លោក បានស្នើសុំលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាននេះជំនួសមុខឲ្យសាលាដំបូងខេត្ត ប៉ុន្តែ លោកមិនដឹងទេថា តើលទ្ធផលទាំងនេះត្រូវ បានបញ្ជូនទៅមន្ត្រី តុលាការដែរ ឬអត់នោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែយកលិខិតពីតុលាការទៅឲ្យវិទ្យាស្ថានប៉ាស្ទ័រប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំមិនដឹងទេថា តើតុលាការបាន ទទួលលទ្ធផលនេះដែរ ឬអត់នោះ”។
លោក ឯម សាវណ្ណ មេធាវីរបស់លោក យ៉ែម ជ្រិន បានលើកឡើងថា លោកមិនដឹងថា តុលាការបានស្នើលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រតាំងពីដំបូងមកម្លេ៉ះ។
លោកបានលើកឡើងថា “យោងតាមអ្វីដែលខ្ញុំចាំ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានស្នើតាមរយៈមន្ទីរសុខាភិបាលខេត្តឲ្យយកឈាមរបស់លោក យ៉ែម ជ្រិនទៅធ្វើតេស្ត។ ប៉ុន្តែ ខ្ញុំមិនបានឮចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះស្នើសុំលទ្ធផលនៃការធ្វើតេស្តផ្សេងណាមួយឡើយ”៕ ស៊ុយឈាង